លោក ហ៊ុន ម៉ា​នី អញ្ជើញ​ចុះ​ពិនិត្យ​ការផលិត​ទូក ង វែង​ជាងគេ ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​

2782
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​អញ្ជើញ​ពិនិត្យ​ដំណើរ​ការផលិត​ទូក ង វែង​ជាងគេ​លើ​ពិភពលោក ដែល​កំពុងដំណើរការ​ផលិត​នៅ​ជិត​សាលាខេត្ត​ព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៨​។​

​លោក​ហ៊ុន ម៉ា​នី បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​ផលិត​ទូក ង វែង​ជាងគេ ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក ដែល​ពេលនេះ​សម្រេចបាន​៨០%​ហើយ តួ​ទូក​ទាំងមូល និង​ក្បាល​នាគ កន្ទុយ​ហង្ស បាន​ត​ភ្ជាប់​គ្នា​រួចរាល់​ហើយ​។ ទូក ង វែង​ជាងគេ​លើ​ពិភពលោក​នេះ មាន​ប្រវែង​៨៥.៥​ម៉ែត្រ ដោយ​ផ្ទុក​ចំណុះ​ទូក​ចំនួន​១៧៩​នាក់​។ ទូក​នេះ ធ្វើ​អំពី​ឈើ​គគីរ យ៉ាងតិច​៦​ដើម ដោយ​៣​ដើម​ធ្វើ​តួ​ទូក និង​៣​ដើម​ទៀត​ធ្វើ​ក្បាល កន្ទុយ និង​ធាតុ​ផ្សំ​ផ្សេងៗ​ទៀត​។ តាម​គម្រោង​ទូត ង វែង​ជា​គេ​នៅលើ​ពិភពលោក​នេះ នឹងធ្វើ​រួចរាល់​នៅក្នុង​ខែសីហា ខាងមុខនេះ​។ បន្ទាប់ពី​ធ្វើ​រួច​គណៈកម្មការ World Guiness Record នឹង​អញ្ជើញ​ចុះមក​ពិនិត្យមើល​ដើម្បី​វាយតម្លៃ​ក្នុងការ​ដាក់​ទូក ង វែង​ជា​គេ​នៅក្នុង​កំណត់ត្រា​ពិភពលោក​។ ទូក ង វែង​ជាងគេ​នៅលើ​ពិភព ដែល​កម្ពុជា​កំពុងតែ​ធ្វើ​នេះ នឹង​អាច​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក​។​

​គួរ​បញ្ជាក់ថា ទូក​ដែល​វែង​ជាងគេ​លើ​ពិភពលោក​នាពេល​បច្ចុប្បន្ន គឺជា​ទូក​របស់​ប្រទេស​ចិន ដែលមាន​ប្រវែង ៧៧,៨​ម៉ែត្រ ដោយបាន​បំបែក​ឯតទគ្គ​កម្ម​កាល​ពី​ឆ្នាំ​២០១៧៕ ល​