ប្រែសម្រួល : កញ្ញាដាលីស (បាល់ទាត់) ៖ ម៉ារ៉ុកដែលមិនទាន់ស្គាល់ពាក្យចាញ់ នឹងត្រូវបើកឆាកម៉ោង២២៖០០ ប៉ះជាមួយព័រទុយហ្គាល់ក្នុងវគ្គ៨ក្រុមចុងក្រោយនៃវើលខាប់ដោយលទ្ធភាពឈ្នះគឺមិនសូវ
ជាមានខ្ពស់ទេ ព្រោះព័រទុយហ្គាល់កំពុងលេងល្អដូចផ្កា។ នៅរំលងអាធ្រាត្រ ក្រុមអង់គ្លេស ដែលមិនសូវល្អជាមួយគីឡូធ្ងន់មកពីអឺរ៉ុបនោះ ត្រូវប៉ះក្រុមការពារតំណែងជើងឯកបារាំងដែលមានប្រយុទ្ធ
ស្រួចជាងគេនៅវើលខាប់នេះ។
– ម៉ារ៉ុក vs ព័រទុយហ្គាល់
* ព័រទុយហ្គាល់បានយកឈ្នះស្វីស ៦-១ ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយរបស់ពួកគេ។
* ម៉ារ៉ុកបានទម្លាក់អេស្ប៉ាញដោយបាល់ប៉េណាល់ទី។
* ព័រទុយហ្គាល់ស៊ុតបញ្ចូលទីបាន ១២ គ្រាប់ក្នុង ៤ ប្រកួត ប៉ុន្តែម៉ារ៉ុករបូតតែ១គ្រាប់គត់។
* ខ្សែប្រយុទ្ធវ័យក្មេង Goncalo Ramos ស៊ុតបាន៣គ្រាប់ទល់នឹងស្វីស។
ម៉ារ៉ុកបានក្លាយជាក្រុមឡើងមកវគ្គនេះដ៏គួរឱ្យភ្ញាក់ផ្អើល ប៉ុន្តែសន្ទុះខ្យល់របស់ពួកគេក្នុងវើលខាប់ហាក់ត្រូវបញ្ចប់ជាមួយនឹងព័រទុយហ្គាល់នៅថ្ងៃសៅរ៍នេះហើយ។
ក្រុមតោកំណាចអាហ្វ្រិកបានទម្លាក់អេស្ប៉ាញដោយការស៊ុតបាល់ប៉េណាល់ទីក្នុងជុំមុន ដោយបំផ្លាញឱកាសនៃជំនួប Iberian Derby វគ្គ ១/៤ ផ្តាច់ព្រ័ត្រ ប៉ុន្តែព័រទុយហ្គាល់នឹងផ្តល់តេស្តិ៍ផ្សេងដល់ម៉ារ៉ុក។
ព័រទុយហ្គាល់បានយកឈ្នះស្វីសក្នុងលទ្ធផល ៦-១ ក្នុងការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយរបស់ពួកគេ ក្នុងអ្វីដែលជាទម្រង់លេងល្អបំផុតនៅវើលខាប់រហូតមកទល់ពេលនេះ។ កូនក្រុមរបស់លោក Fernando Santos បានប្រកាសខ្លួនឯងជាអ្នកប្រជែងពានមួយដែរជាមួយនឹងការឈ្នះនោះ និងការលេងដ៏ល្អដែលពួកគេបានបង្ហាញ ហើយការប្រកួតនេះអាចបញ្ជាក់បានថាជាតេស្តិ៍ដ៏លំបាកសម្រាប់ម៉ារ៉ុក។
ការលេងដ៏រលូនរបស់ព័រទុយហ្គាល់អាចទម្លុះតំបន់ការពារដ៏រឹងមាំរបស់ម៉ារ៉ុក។ ភាពជោគជ័យរបស់ម៉ារ៉ុកក្នុងប្រទេសកាតាត្រូវបានកសាងឡើងផ្អែកលើតំបន់ការពារដ៏ល្អ ខណៈពួកគេបានរបូតតែមួយគ្រាប់ប៉ុណ្ណោះក្នុងចំណោម៤ប្រកួត ដោយរក្សាបាន Clean Sheet ទល់នឹងក្រូអាស៊ី បែលហ្ស៊ិក និងបន្ទាប់មកអេស្ប៉ាញ។
វាជារឿងអយុត្តិធម៌ដែលនិយាយថាម៉ារ៉ុកឈ្នះអេស្ប៉ាញទាំងសំណាង ប៉ុន្តែពួកគេពិតជារបូតការគ្រប់គ្រងបាល់ច្រើនណាស់ ហើយបើឱ្យព័រទុយហ្គាល់គ្រប់គ្រងបាល់ច្រើនដូចអេស្ប៉ាញ នោះច្បាស់ជាស្ពៃហើយ។
កូនក្រុមរបស់លោក Walid Regragui គ្រប់គ្រងបាល់បានត្រឹមតែ ២៣% ទល់នឹងក្រុមគោលជល់អេស្ប៉ាញ ហើយប្រសិនបើពួកគេអនុញ្ញាតឱ្យព័រទុយហ្គាល់គ្រប់គ្រងបាល់ច្រើនបែបនោះ វាពិតជាពិបាកនឹងឃើញពួកគេទប់ជាប់បាន ៩០ នាទីណាស់។
ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំ Goncalo Ramos របស់ Benfica ដែលស៊ុតបាន ៣ គ្រាប់តែឯងលើស្វីស នឹងក្លាយជាការគំរាមធំបំផុតសម្រាប់ម៉ារ៉ុក។
លទ្ធផលទស្សនទាយ ព័រទុយហ្គាល់ឈ្នះ ២-០។
– អង់គ្លេស vs បារាំង
* បារាំងបានឈ្នះ៣ប្រកួតក្នុងចំណោម៤ប្រកួតរបស់ពួកគេនៅប្រទេសកាតា ហើយអាចសម្រាកកីឡាករសំខាន់ៗក្នុងការប្រកួតចុងក្រោយក្នុងពូលរបស់ពួកគេ។
* អង់គ្លេសបានរបូតឱកាសដំបូងជាច្រើនលើកពេលជួបសេណេហ្គាល់ក្នុងវគ្គ១៦ក្រុមចុងក្រោយ។
* ខ្សែប្រយុទ្ធបារាំង Kylian Mbappe រកបាន ៥ គ្រាប់ក្នុងការចាប់ផ្តើម ៣ ដង។
* អង់គ្លេសយ៉ាប់ជាមួយគីឡូធ្ងន់អឺរ៉ុប ដោយបរាជ័យក្នុងការផ្តួលអាល្លឺម៉ង់ (ស្មើពីរ) និងអ៊ីតាលី (ចាញ់មួយ ស្មើមួយ) ក្នុងពាន Nations League ឆ្នាំ ២០២២។
អង់គ្លេសបានទម្លាក់សេណេហ្គាល់ក្នុងវគ្គ១៦ក្រុមចុងក្រោយកាលពីថ្ងៃអាទិត្យដើម្បីឡើងមកប៉ះបារាំងក្នុងវគ្គ៨ក្រុមចុងក្រោយ។
តោកំណាចត្រូវប៉ះមាន់គកនៅថ្ងៃសៅរ៍នេះនៅកីឡដ្ឋាន Al Bayt ក្នុងអ្វីដែលនឹងក្លាយជាការសាកល្បងដ៏ធំមួយសម្រាប់ក្រុមរបស់លោក Gareth Southgate ។
អង់គ្លេសច្បាស់ណាស់គឺគ្មាន Ben White ហើយ Raheem Sterling ប្រហែលជាមិនអាចលេងបានទេ ព្រោះអ្នកទាំងពីរកំពុងហោះត្រឡប់មកពីចក្រភពអង់គ្លេសវិញ ខណៈបារាំងប្រហែលជាគ្មានខ្សែការពារឆ្វេងទេ ខណៈ Lucas Hernandez រងរបួស ហើយប្អូនប្រុសរបស់គេ Theo ត្រូវបានរាយការណ៍ថាបានរងរបួសក្នុងការហ្វឹកហាត់ ហើយស្ថិតក្នុងមន្ទិលមិនដឹងបានលេងឬអត់។
អ៊ីតាលីនិងប្រេស៊ីលគឺជាក្រុមតែពីរគត់ដែលអាចការពារតំណែងជើងឯកវើលខាប់បាន ហើយប្រេស៊ីលគឺជាក្រុមចុងក្រោយដែលអាចសម្រេចរឿងនេះបានតាំងពីឆ្នាំ ១៩៦២ ប៉ុន្តែក្រុមបារាំងមួយនេះមើលទៅទំនងជាអាចសម្រេចរឿងនេះបាន។
មាន់គកបានឈ្នះការប្រកួតវគ្គចែកពូលចំនួន២ប្រកួតដំបូងយ៉ាងងាយស្រួល មុនពេលដាក់បម្រុងឱ្យលេងហើយចាញ់ទុយនីស៊ី។ បន្ទាប់មក បារាំងបានយកឈ្នះប៉ូឡូញក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយរបស់ពួកគេ ដោយក្រុមប៉ូឡូញបានស៊ុតបាល់ប៉េណាល់ទីចូលនៅនាទី៩៤។
អង់គ្លេសមើលទៅល្អដូចផ្កាពេលយកឈ្នះអ៊ីរ៉ង់ ៦-២ មុននឹងបង្ហាញទម្រង់លេងអន់ទល់នឹងអាម៉េរិក។ ការទទួលជ័យជម្នះ ៣-០ លើវែលបានកើតឡើងតាមក្រោយ មុនពេលពួកគេយកឈ្នះសេណេហ្គាល់ ប៉ុន្តែមានសញ្ញាគួរឱ្យព្រួយបារម្ភនៅក្នុងការប្រកួតនោះជាមួយនឹងក្រុមតោអាហ្វ្រិក។
សេណេហ្គាល់មានឱកាសស៊ុតជាច្រើនលើកលើអង់គ្លេសនៅដើមតង់ហើយបានក្រឡុកតំបន់ការពារអង់គ្លេសឡើងវិលក្បុង។ កុំតែបានប្រយុទ្ធល្អទើបធ្វើឱ្យអង់គ្លេសឈ្នះសេណេហ្គាល់នៅទីបំផុត ហើយបារាំងឯណេះវិញមានខ្សែប្រយុទ្ធល្អបំផុតនៅវើលខាប់កាតា។ អង់គ្លេសតែងជួបការលំបាកជាមួយគីឡូធ្ងន់មកពីអឺរ៉ុប ហើយពួកគេបានបរាជ័យក្នុងការផ្តួលទាំងអាល្លឺម៉ង់ (ស្មើ២) និងអ៊ីតាលី (ស្មើ១ ចាញ់១) ក្នុង Nations League ហើយនោះបង្ហាញថា បារាំងមានប្រៀបជាង។
Kylian Mbappe មើលទៅគួរឱ្យខ្លាចណាស់ក្នុងវើលខាប់ ហើយកីឡាករជើងចាស់ Olivier Giroud ក៏ស៊ុតបញ្ចូលទីច្បាស់ផងដែរដោយរកបាន២គ្រាប់ហើយ។ មុននឹងលេងវើលខាប់ បារាំងហាក់លាក់ជើង ដោយលេងអន់ខ្លាំងមែនទែន ប៉ុន្តែពួកគេស្រាប់តែលេងល្អខ្លាំងក្នុងប្រទេសកាតា ហើយក្នុងពេល Mbappe កំពុងលេងសាហាវបែបនេះ វាអាចធ្វើឱ្យតំបន់ការពាររបស់អង់គ្លេសរវល់ខ្លាំងជាមិនខាន។
លទ្ធផលព្យាករណ៍ បារាំង ឈ្នះ ២-១៕
អង់គ្លេសអាចហក់រួចជាមួយគីឡូធ្ងន់បារាំងដែរឬទេ?