ដោយៈតារារិទ្ធ / ព្រះសីហនុៈ ដើម្បីចូលរួមដល់កិច្ចពិភាក្សា ក្នុងអង្គមហាសន្និបាត លើកទី១៦ ក៏ដូចជារួមចំណែកដល់ការគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា ប្រកបដោយនិរន្តរភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនូវ អនុសាសន៍គន្លឹះមួយចំនួន ដូចខាងក្រោម៖
ទី១៖ ត្រូវរក្សាវត្តមានជាអចិន្ត្រៃយ៍ នៃសន្តិភាព ដែលនេះជាចំណុចធំជាងគេ ក្នុងចំណោម ចំណុចដែលទាក់ទងជាមួយការអភិវឌ្ឍ នៃបណ្តាប្រជាជាតិ នៅលើសាកលលោក ។ គ្មានទេសចរណា ប្រថុយប្រថានគ្រោះថ្នាក់ ធ្វើដំណើរទៅកាន់ប្រទេស ដែលមានសង្គ្រាម នោះទេ ។
ទី២៖ កម្ពុជា ប្តេជ្ញារក្សាឱ្យបាននូវសមា ជិកភាព ក្នុងក្លិប ហើយខេត្តតំបន់ឆ្នេរ សមុទ្ររបស់កម្ពុជា ទាំង ៤ ក៏ត្រូវរក្សាឱ្យបាននូវ ខ្សែក្រវាត់ និងកិត្តិនាមជាសមាជិក ក្លិបឆ្នេរសមុទ ដែលស្អាតបំផុត លើសកលលោក ។ យើងត្រូវប្តេជ្ញាធ្វើឱ្យទីក្រុង ជាប់ឆ្នេរសមុទ្ររបស់យើង មាននិរន្តរភាព ដូចដែលយើងបានកំណត់ជាយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ខេត្តតំបន់ឆ្នេរ គឺ៖
– ខេត្តព្រះសីហនុ៖ ជា ” គោលដៅទេសចរណ៍ សម្រាកលម្ហែ និងជាតំបន់សេដ្ឋកិច្ច ពហុបំណង”។
– ខេត្តកែប៖ ជា ” គោលដៅទីក្រុងទេសចរណ៍លំដាប់ខ្ពស់ និង ប្រណិត ”។
– ខេត្តកំពត៖ ជា «គោលដៅទីក្រុងទេសចរណ៍ បេតិកភណ្ឌវប្បធម៌ និងកសិ-ទេសចរណ៍ តំបន់ឆ្នេរ»។
– ខេត្តកោះកុង៖ ជា “គោលដៅអេកូទេសចរណ៍ តំបន់ទេសចរណ៍លំដាប់ពិភពលោក”។
ទី៣៖ ខ្ញុំស្នើឱ្យមានការរៀបចំវេទិកាជាតិ តំបន់ឆ្នេរប្រចាំឆ្នាំ ដើម្បីជួបជុំ, ពិភាក្សា និងផ្លាស់ប្ដូរយោបល់ ជុំវិញការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយយើងអាចកំណត់ ថ្ងៃទី២៦ ខែឧសភា ជារៀងរាល់ឆ្នាំ ដែលជាថ្ងៃកម្ពុជា បានក្លាយជាសមាជិកក្លិប ដើម្បីរៀបចំវេទិកាជាតិនេះ ដោយអាចឆ្លាស់វេនគ្នា នៅតាមបណ្តាខេត្ត តំបន់ឆ្នេរទាំង ៤។
ទី៤៖ ខ្ញុំសូមស្នើឱ្យក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តព្រះសីហនុ ពិនិត្យលទ្ធភាពរៀបចំ សារមន្ទីរឆ្នេរ (Maison de le Bale) ។ ក្នុងន័យនេះ,ខ្ញុំសូមស្នើឱ្យឯកឧត្តម ប្រធានក្លិប និង សមាជិកក្លិបទាំងអស់ ជួយចែករំលែក អំពីបទពិសោធន៍ និងដំណើរការ នៃការរៀបចំសារមន្ទីរឆ្នេររបស់ខ្លួន ។
ទី៥៖ ខ្ញុំសូមស្នើឱ្យក្រសួងទេសចរណ៍ សហការជាមួយក្លិបឆ្នេរសមុទ្រ ដែលស្អាតបំផុត លើសកលលោក សិក្សារៀប ចំឱ្យមាននូវស្ថាប័ន អង្កេតទេសចរណ៍ សម្រាប់ឆ្នេរ (Coastal Tourism Observatory) ដើម្បីជាយន្តការស្ថាប័នមួយ បន្ថែមទៀត ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ តំបន់ឆ្នេរសមុទ្រ ដូចដែល សមាជិកក្លិបផ្សេងទៀត បានរៀបចំ ។
ទី៦៖ ដើម្បីបញ្ជាក់អំពីការប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ កម្ពុជា ត្រៀមខ្លួនជា ស្រេច ក្នុងការធ្វើជាលេខាធិការដ្ឋាន សម្រាប់ធានាដំណើរការរដ្ឋបាល និងកិច្ចការទូទៅ របស់ក្លិប ហើយក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ ត្រូវរៀបចំឱ្យមានកន្លែង បំពេញការងារជាអចិន្ត្រៃយ៍មួយ នៅក្រសួងទេសចរណ៍ និងមួយទៀត នៅក្រុងព្រះសីហនុ សម្រាប់ដំណើរការ លេខាធិការដ្ឋាននេះ ។ ទន្ទឹមនឹងនេះ, ខ្ញុំក៏ស្វាគមន៍ផងដែរ ចំពោះការរៀបចំឱ្យមាន កិច្ចប្រជុំក្រុមប្រឹក្សាភិបាលក្លិប នៅឆ្នាំ២០២៣ ឬ ពេលខាងមុខណាមួយ រួមជាមួយព្រឹត្តិការណ៍ផ្សេងៗទៀត របស់ក្លិបនៅលើទឹកដីឆ្នេរសមុទ្រកម្ពុជា ។
ទី៧៖ ជាមួយនឹងការបោះឆ្នោតជ្រើសរើសគណៈប្រតិបត្តិសម្រាប់អាណត្តិបន្ទាប់ នាឱកាសបិទមហាសន្និបាត កម្ពុជា សូមគាំទ្រចំពោះបេក្ខភាព ឯកឧត្តម ប៊ូណូ បូដាដ (Bruno Bodard) ជាប្រធានក្លិប សម្រាប់អាណត្តិបន្ទាប់ និងសូមឱ្យគណៈប្រតិបត្តិ និងសមាជិកក្លិបទាំងអស់ គាំទ្រកម្ពុជា ជាសមាជិកក្រុមប្រឹក្សាភិបាលក្លិប សម្រាប់អាណត្តិ (២០២៣-២០២៥) ក្រោមការដឹកនាំរបស់ឯកឧត្តម ល្វីស ផើបុល (Louis Thébault) ដែលនឹងចូលកាន់តំណែង នាអាណត្តិបន្ទាប់ ។
ទី៨៖ ជាមួយក្តីរំពឹងថា អង្គមហាសន្និបាត នឹងអនុម័តដាក់ចេញ នូវធម្មនុញ្ញឆ្នេរ (Charter of Bay), ខ្ញុំសូមស្នើឱ្យអង្គមហាសន្និបាត រួមទាំងកម្ពុជាផងដែរ យកឯកសារនេះ ជាគោល ដើម្បីជាត្រីវិស័យមួយបន្ថែមទៀត ក្នុងការតម្រែតម្រង់ ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់ខ្លួន ។
សម្ដេចតេជោ បានផ្តល់អនុសាសន៍នេះ នៅក្នុងពិធីបើកមហាសន្និបាតលើកទី ១៦ នៃក្លិបឆ្នេរសមុទ ដ៏ស្អាតបំផុត លើសកលលោក នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ ឆ្នេរសុខា ខេត្តព្រះសីហនុ៕/V