ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ អាជ្ញាធរចិនបាននិយាយងា ខ្លួនកំពុងបង្ក្រាបលើការដំឡើងថ្លៃថ្នាំពេទ្យនិងគ្រឿងបរិក្ខាវេជ្ជសាស្ត្រ និងស្វះស្វែងធានាថាថ្នាំនិងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រនឹងមានគ្រប់គ្រាន់និងចែកចាយដោយរលូន ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងថា កូវីដ១៩នឹងផ្ទុះខ្លាំងឡើងជាថ្មីក្រោយអាជ្ញាធរលុបចោលវិធានការតឹងរ៉ឹងក្នុងការគ្រប់គ្រងជំងឺនេះ។
ចិនកាលពីថ្ងៃពុធបានប្រកាសចេញវិធានការចំនួនដប់ដែលបន្ធូរបន្ថយផ្នែកសំខាន់ៗនៃគោលនយោបាយសូន្យកូវីដរបស់ប្រធានាធិបតី ស៊ី ជីនភីង ក្នុងចំណាត់ការចុងក្រោយមួយដើម្បីបើកសេដ្ឋកិច្ចឡើងវិញនិងសម្រាលកំហឹងប្រជាជន ក្រោយផ្ទុះការតវ៉ាប្រឆាំងនឹងការអនុវត្តវិធានការប្រឆាំងកូវីដតឹងតែងនិងយូរពេក។
តែការព្រួយបារម្ភកាន់តែកើនខ្លាំងឡើងនៅពេលចំនួនឆ្លងកូវីដក្នុងប្រទេសចិននៅជាង១៣.០០០នាក់នៅឡើយសំរាប់ថ្ងៃសុក្រ ខណៈអាជ្ញាធរអនុញ្ញាតអោយអ្នកឆ្លងស្រាលៗខ្លះអាចដាក់ខ្លួននៅដាច់ពីគេនិងព្យាបាលនៅតាមផ្ទះ។ការព្រួយបារម្ភនាំអោយមនុស្សសំរុកទៅទិញថ្នាំក្អក ផ្តាសាយនិងម៉ាស់អស់ៗពីឳសថស្ថាន។
ក្រុមការងារមួយនៅក្រោមក្រុមប្រឹក្សារដ្ឋ ឬគណៈរដ្ឋមន្ត្រីចិន បានចេញសេចក្តីជូនដំណឹងមួយកាលពីយប់ថ្ងៃសុក្រ ដោយអំពាវនាវអោយរដ្ឋាភិបាលមូលដ្ឋានធានាការដឹកជញ្ជូននិងឡូជីស្ទិចដោយរលូនដើម្បីធានាសណ្តាប់ធ្នាប់នៃការរស់នៅនិងការងារដំណើរការធម្មតា។
សេចក្តីជូនដំណឹងបាននិយាយថា« ត្រូវខិតខំធានាការដឹកជញ្ជូនថ្នាំគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រដោយរលូន រួមមានវ៉ាក់សាំង ឧបករណ៍តេស្តិ៍ ថ្នាំនិងម៉ាស់»។វាក៏ហាមដាច់ខាតមិនអោយបិទផ្លូវគោក ផ្លូវទឹកកំពង់ផែ និងស្ថានីយផ្លូវដែក ព្រមទាំងអាកាសយានដ្ឋានដោយគ្មានការអនុញ្ញាត ក្នុងពេលអនុវត្តតាមវិធានការបន្ធូរបន្ថយការរឹតបន្តឹងប្រឆាំងកូវីដ។
ក្នុងលិខិតព្រមានមួយកាលពីថ្ងៃសុក្រ ក្រុមការងារនេះក៏ហាមសកម្មភាពនានារួមមានការដំឡើងថ្លៃទំនិញ ការសមគំនិតគ្នា ការរើសអើងថ្លៃនិងការឃោសនាណាដែលនាំអោយមានការយល់ខុសរួមទាំងការទិញទំនិញស្តុកទុកដើម្បីលក់យកចំណេញ។វាបាននិយាយថា ឈ្មួញមិនត្រូវដំឡើងថ្លៃនៅពេលមិនមាន ភស្តុតាងណាបង្ហាញពីការឡើងថ្លៃដើម។គេមិនត្រូវទិញស្តុកទុកគ្រឿងបរិក្ខារប្រឆាំងជំងឺឆ្លងដែលកំពុងខ្វះលើទីផ្សារនិងមានតំរូវការខ្ពស់ ឬផ្សព្វផ្សាយពាក្យចចាមអារ៉ាមអំពីការឡើងថ្លៃទំនិញដែលរារាំងដល់សណ្តាប់ធ្នាប់ទីផ្សារ។
សូមបញ្ជាក់ថា នៅថ្ងៃសៅរ៍នេះអាជ្ញាធរសុខាភិបាលចិនបានរាយការណ៍ចំនួនឆ្លងប្រចាំថ្ងៃថ្មី ១៣.៨១១នាក់សំរាប់ថ្ងៃសុក្រ ដោយចុះពីចំនួនឆ្លង១៦.៧៩៧នាក់កាលពីមួយថ្ងៃមុន។មិនមានអ្នកស្លាប់ថែមដោយជំងឺនេះទេ ដោយចំនួនស្លាប់សរុបនៅបីឆ្នាំមកនេះមានចំនួន៥.២៣៥នាក់ដដែលគិតត្រឹមថ្ងៃ១០ធ្នូ ២០២២៕
ប្រជាជននាំគ្នាមកទិញថ្នាំតាមឳសថស្ថាន បន្ទាប់ពីអាជ្ញាធរបន្ធូរបន្ថយការគ្រប់គ្រងកូវីដ១៩និងអនុញ្ញាតអោយអ្នកឆ្លងស្រាលៗព្យាបាលនៅតាមផ្ទះ