ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ កីឡាករបាល់ទាត់វ័យក្មេងឈុំ សុខហៃ កីឡាកររបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន កំពុង តែងតាំងចិត្តក្នុងការដណ្ដើមកៅអីកីឡាករ២០នាក់ចុងក្រោយនៃក្រុមជម្រើសជាតិដើម្បីក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣លើប្រភេទកីឡាបាល់ទាត់ វិញ្ញាសាបាល់ទាត់បុរស។


ក្នុងរដូវកាលលីគ(Leaque)ឆ្នាំ២០២២កីឡាកររូបនេះទទួលបានឱកាសលេងច្រើនដោយបានបង្ហាញខ្លួនបាន១៨ប្រកួតនិងទាត់បាល់បញ្ចូលទី៣គ្រាប់រហូតជួយក្លិបឲ្យសម្រេចជោគជ័យ ឈ្នះ ជើងឯកលីគជាលើកទី៨ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិបកាលពីចុង សប្ដាហ៍កន្លងទៅ។

បន្ថែមពីនេះរូបគេក៏ទទួលបានឱកាសលេងច្រើនក្នុងពានសម្តេចតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ដែលបញ្ចប់ទៅដោយ ទទួលចំណាត់ថ្នាក់លេខ៣ធ្វើឲ្យគេមានមហិច្ឆតាប្រជែងកៅអីក្នុងក្រុមជម្រើសជាតិសម្រាប់ស៊ីហ្គេមឆ្នាំក្រោយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សុខហៃនិយាយថារូបគេសប្បាយចិត្តបំផុតដែលបានឈ្នះពានជាមួយក្លិបហើយក៏ជាពានធំជាងគេនៅក្នុងស្រុកទៀត។ នេះគឺ ជាក្ដីស្រមៃទីមួយ ដើម្បីឈានទៅចាប់ក្ដីស្រមៃទីពីរ គឺកៅអីនៅ ក្រុម ជម្រើសជាតិ។

ខ្សែការពាររូបនេះនឹងមានវ័យ២១ឆ្នាំនិង៦ខែនៅក្នុងអំឡុងពេលព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ចូលមកដល់នាខែឧសភាដែលបានសេចក្ដីថារូបគេមានអាយុត្រូវនឹងលក្ខខ័ណ្ឌដើម្បីចូលរួមក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា។

កីឡាកររូបនេះក៏ធ្លាប់ទទួលបានកោះហៅពីក្រុមការងារជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា កាលពីខែកញ្ញា នៅពេលត្រៀមប្រកួត មិត្តភាពអន្តរជាតិជាមួយU-23ជប៉ុនប៉ុន្តែបានខកខានវិញដោយសារគេបរាជ័យលើការធ្វើតេស្តកម្លាំង អំណត់ (30-15 IFT)។
រឿងជាប់ក្នុងក្រុមជម្រើសជាតិឬអត់រូបគេមិនអាចកំណត់បានឡើយប៉ុន្តែសម្រាប់ខ្លួនគេ គឺត្រូវតែត្រៀមខ្លួនខំប្រឹងហ្វឹកហាត់ខំប្រឹង ពេលបានឱកាសចូលលេង។ការធ្វើតេស្តបរាជ័យលើកមុនខ្ញុំបានរៀនសូត្រពីចំណុចខ្វះខាតច្រើនឥឡូវនេះបានកែច្នៃខ្លួនឯងតាមរយៈការហ្វឹកហាត់បន្ថែមខ្លួនឯងជាពិសេសលើផ្នែកកាយសម្បទា។

ការលើកពានលីគរបស់ក្លិបធ្វើឲ្យរូបគេកាន់តែបានបង្កើនទំនុកចិត្តជាមួយការតាំងចិត្តថាស៊ីហ្គេមឆ្នាំក្រោយគេត្រូវតែព្យាយាមដើម្បីក្លាយជាផ្នែកមួយនៃក្រុមឲ្យបាននៅគឺជាប់ក្នុងបញ្ជី២០នាក់ចុង ក្រោយពីព្រោះស៊ីហ្គេមនៅលើទឹកដីខ្លួនឯងវាតែងតែជាក្ដីស្រមៃមិនថាតែរូបគេម្នាក់ប៉ុណ្ណោះទេ កីឡាករដទៃទៀតក៏ដូចគ្នា។ ដូច្នេះការប្រកួតប្រជែងកៅអី២០នាក់នេះ ខ្ញុំគិតថាពិតជាតាន តឹងខ្លាំង។

ឈុំ សុខហៃ កើតនៅថ្ងៃទី០៨ខែតុលាឆ្នាំ២០០១នៅរាជធានី ភ្នំពេញចាប់ផ្ដើមលេងកីឡាបាល់ទាត់តាំងពីកុមារហើយបានឈានទៅហ្វឹកហាត់កម្រិតអាជីពនៅឆ្នាំ២០១៦ជាមួយយុវជនថ្នាល របស់ ក្លិបភ្នំពេញក្រោន។ នៅឆ្នាំ២០១៨ រូបគេត្រូវបានដំឡើងមកលេង នៅក្រុមធំ ប៉ុន្តែនៅរដូវកាល២០២២នេះទើបទទួលបានឱកាស បង្ហាញខ្លួនញឹកញាប់រហូតបានការចាប់អារម្មណ៍ពីក្រុមការងារគ្រូជម្រើសជាតិ៕សរន / N