ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ កូនភ្លោះជាប់គ្នាមកពីរដ្ឋពុនចាប (Punjab)ប្រទេសឥណ្ឌា ដែលត្រូវបានឪពុកម្តាយបោះបង់ចោល និងត្រូវគេចិញ្ចឹមនៅមណ្ឌលមួយ បានលាតត្រដាងថា ពួកគេទទួលបានប្រាក់ខែត្រឹមតែមួយប៉ុណ្ណោះរវាងពួកគេ។
ថ្លែងនៅក្នុងបទសម្ភាសន៍លើ YouTube ជាមួយផលិតករភាពយន្តឯកសារ លោក រូហ៊ី សេណិត (Ruhi Çenet) កូនភ្លោះឈ្មោះ សូញ៉ា (Sohna)និង ម៉ូញ៉ា ស៊ីង (Mohna Singh) អាយុ ១៩ ឆ្នាំបានអះអាងថា ពួកគេរកបានត្រឹមតែ ២០០ ផោន (២៤៥ ដុល្លារ) ក្នុងមួយខែ។
បងប្អូនបង្កើតនេះហាក់បានផ្លាស់ប្តូររឿងកាលពីឆ្នាំមុន ដោយនិយាយកាលណោះថា ពួកគេបានទទួលប្រាក់ខែពីរដាច់ដោយឡែកពីគ្នា។
ពួកគេត្រូវបានជួលជាជាងអគ្គិសនីដោយក្រុមហ៊ុន Punjab State Power Corporation Limited តាំងពីខែធ្នូឆ្នាំមុន ដែលពួកគេធ្វើការប្តូរវេន ១២ម៉ោងដើម្បីមើលថែបន្ទប់ត្រួតពិនិត្យការផ្គត់ផ្គង់។
ថ្លែងទៅកាន់កាសែត Independent ក្នុងឆ្នាំ ២០២១ កូនភ្លោះទាំងពីរបាននិយាយថា “យើងអរគុណដល់រដ្ឋពុនចាប ដែលបានទទួលស្គាល់ទេពកោសល្យរបស់យើង”។
ទោះយ៉ាងណា ទស្សនិកជនបានសម្ដែងការខឹងសម្បាពេលដឹងថាបងប្អូនបង្កើតនេះចែកប្រាក់ខែគ្នា។
មនុស្សម្នាក់បានបញ្ចេញមតិថា “ប្រសិនបើពួកគេមានអត្តសញ្ញាណដាច់ដោយឡែកពីគ្នា ពួកគេគួរតែទទួលបានប្រាក់ខែពីរផ្សេងគ្នា”។
ម្នាក់ទៀតសរសេរថា “ប្រាក់ខែមួយសម្រាប់មនុស្សពីរនាក់? នោះកំពុងធ្វើឱ្យខ្ញុំក្តៅឆេវហើយ”។
ទស្សនិកជនក៏កោតសរសើរអត្តចរិតគួរឱ្យស្រលាញ់របស់កូនភ្លោះនេះផងដែរ។
សារបង្ហោះមួយសរសេរថា “សូមព្រះប្រទានពរដល់សូញ៉ានិងម៉ូញ៉ា។ កូនភ្លោះជាប់គ្នាទាំងនេះត្រូវឆ្លងកាត់ការលំបាកជាមួយគ្នាមួយទៀតហើយ”។
“មិនថាមានរឿងអ្វីកើតឡើងទេ ពួកគេតែងគាំទ្រគ្នា។ សូមឱ្យពួកគេបន្តក្លាយជាការបំផុសគំនិតដ៏អស្ចារ្យចំពោះមនុស្សផ្សេងទៀតនៅទូទាំងពិភពលោក។ ពួកគេប្រាកដណាស់មានភាពរាបសារ និងដាក់ខ្លួនណាស់”៕
សូញ៉ានិងម៉ូញ៉ា ទទួលបានប្រាក់ខែត្រឹម ២៤៥ ដុល្លារប៉ុណ្ណោះពីក្រុមហ៊ុន Punjab State Power Corporation Limited