ដោយៈ ជា សីហៈ/ភ្នំពេញៈ អ្នកអភិរក្សបានអះអាងថា ប្រភេទថនិកសត្វមួយចំនួនបានវិនាសផុតពូជទៅហើយនៅប្រទេសកម្ពុជា មានដូចជា រមាស ខ្លាធំឬខ្លាដំបង និងគោព្រៃ ប៉ុន្តែទោះបីជាយ៉ាងណាកម្ពុជានៅតែបន្តមានវត្តមានសត្វកម្រមួយចំនួនទៀត ។

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានអះអាងថា កម្ពុជាជាផ្នែកមួយនៃតំបន់ជីវៈចម្រុះដ៏មានសារៈសំខាន់នៃតំបន់ឥណ្ឌូភូមា។កម្ពុជានៅតែស្ថិតនៅក្នុងតំបន់មួយដែលគេបានរកឃើញមានចំនួនប្រភេទសត្វនិងរុក្ខជាតិជាច្រើនប្រភេទដែលមិនមានវត្តមាននៅតំបន់ផ្សេងទៀតនៅលើពិភពលោក ទោះបីជារុក្ខជាតិនិងពពួកសត្វព្រៃទាំងនេះបានបន្តរងការគំរាមកំហែងជាច្រើនមានដូចជាការជួញដូរសត្វព្រៃខុសច្បាប់ការជួញដូរសត្វព្រៃធ្វើជាឱសថបុរាណនិងការកាប់បំផ្លាញព្រៃឈើបច្ចុប្បន្ននេះ។
ប្រភេទសត្វជាច្រើននៅប្រទេសកម្ពុជាត្រូវបានចុះក្នុងបញ្ជីក្រហមនៃប្រភេទសត្វដែលរងការគំរាមកំហែងរបស់អង្គការសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ(IUCN)ពីព្រោះចំនួនប្រជាសាស្រ្តរបស់ពួកវាមានការធ្លាក់ចុះខ្លាំង។ N