ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ៖ នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត បន្ទាយមានជ័យនៅស្រុកថ្មពួកនិងស្រុកស្វាយចេក កាលពីថ្ងៃទី០៩ខែធ្នួ ឆ្នាំ២០២២ មន្ត្រីនិងរាស្ត្រមូលដ្ឋានភាគច្រើនសុំស្ថាបនាផ្លូវកៅស៊ូឬបេតុងលើផ្លូវខេត្តនិងផ្លូវជនបទដែលមេម៉ាយយូរឆ្នាំ ។

ពលរដ្ឋនៅ ស្រុកថ្មពួកបានស្នើខេត្តជួយជួសជុលផ្លូវជនបទថ្មពួក ដែលក្រាលកៅស៊ូតែបានខូចខាតដោយពេលវេលាប្រើប្រាសនិងដោយគ្រោះទឹកជំនន់ ក្រៅពីនោះពលរដ្ឋក៏បានស្នើសុំ
ការស្ថាបនានិងជួសជុលផ្លូវខេត្តបន្ទាយឆ្មារ-ធ្លក,ផ្លូវខេត្តបន្ទាយឆ្មារ-អម្ពិល-រំចង់ ឆ្លងខេត្តបន្ទាយមានជ័យនិងឧត្តរមានជ័យ) ផ្លូវជនបទថ្មពួក-គោកព្រេច ,ផ្លូវជនបទបន្ទាយឆ្មារ-ក្បាលក្របី ។ល។

ឯនៅស្រុកស្វាយចេក ពលរដ្ឋបានស្មើសុំទទូចត្រួតគ្នាយ៉ាងច្រើនលើការស្ថាបនាផ្លូវខេត្តរលួសទីរួមស្រុកស្វាយចេក-តាផូរ-សារង្គ-ពន្លៃ(ស្រុកភ្នំស្រុក),ផ្លូវខេត្ត តាបែន-ចក់ពួក(ស្រុកស្វាយចេក)-តំបន់១ ឃុំអូរបីជាន់(ស្រុកអូរជ្រៅ)…ដោយផ្លូវទាំងនេះ រងការខូចខាត ហើយនៅមេម៉ាយ(ខកខាន)រាប់ឆ្នាំមកហើយ ។

ក្រៅពីនេះពលរដ្ឋក៏បានលើកឡើងអំពីបញ្ហាប្រព័ន្ធធារាស្រ្ត បញ្ហាបច្ចេកទេសធ្វើស្រែចំការ ការប្រែប្រួលអាកាសធាតុ ជម្រើសពូជដំណាំស្រូវ ដំឡូងមីនិងសម្ភារ:កសិកម្ម ជាពិសេសតម្លៃកសិផលមានស្រូវ ដំឡូងមីដែលសូមអោយសមស្របតាមតម្លៃទីផ្សារ ពោលគឺកសិករនិងអ្នកផលិតបានចំណាយថ្លៃដើមខ្ពស់លើការផលិត ឯការលក់ចេញបានថ្លៃទាប ជាដើម ។

លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា : វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នឹងផ្ដល់ឱកាសដល់អ្នកពាក់ព័ន្ធនិងប្រជាពលរដ្ឋទាំងអស់អាចចូលរួមទទួលព័ត៌មានអំពីសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបានកន្លងមកនិងបញ្ហាប្រឈមនានានិងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ។

ក្នុងនាម ក្រុមប្រឹក្សាខេត្ត លោកផ្តល់នូវអនុសាសន៍និងសំណូមពរនានាសម្រាប់ការពិភាក្សានិងតាមរយៈការឆ្លើយតបបាន ទាន់ពេលវេលាពីស្ថាប័នជំនាញនឹងក៏ស្របទៅនឹងតម្រូវការអាទិភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕ N