ដោយ៖ ដេប៉ូ / ភ្នំពេញ៖ កន្ធាយក្បាលកង្កែប ឬ ល្មិច ដែលមានឈ្មោះវិទ្យាសាស្ត្រថា Pelochelys cantori ត្រូវបានចាត់ចូល ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វ រងគ្រោះ ជិតផុតពូជបំផុត។ក្នុងទំព័រហ្វេសប៊ុករបស់ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យ ក្រសួងបរិស្ថាន បានឱ្យដឹងថាៈ កន្ធាយក្បាលកង្កែប មានវត្តមាន ចំនួនតិចតួចប៉ុណ្ណោះ ក្នុងប្រទេសឡាវ និងប្រទេសមួយចំនួនទៀត និងវាទំនងជាបានផុតពូជហើយ នៅតាមអតីតទីជម្រក ដែលវាធ្លាប់រស់នៅ ភាគច្រើន ក្នុងប្រទេសវៀតណាម និង ថៃ ដោយសារមានការលួចចាប់ និងធ្វើពាណិជ្ជកម្ម រួមទាំងសកម្មភាពខុសច្បាប់ ក្នុងការប្រមូលពងរបស់វា យកទៅលក់ ឬធ្វើជាអាហារ។

នៅកម្ពុជា អ្នកវិទ្យាសាស្ត្រ មិនបានរកឃើញវត្តមាន ប្រភេទកន្ធាយ នេះទេ ក្នុងចន្លោះពី ឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧។ ក៏ប៉ុន្តែ ក្នុងឆ្នាំ២០០៧ អង្គការអភិរក្សអន្តរជាតិ (CI) បានរកឃើញវត្តមានកន្ធាយនេះ នៅក្នុងទន្លេមេគង្គ ចន្លោះពីខេត្តក្រចេះ ដល់ស្ទឹងត្រែង។ អង្គការអភិរក្សអន្តរជាតិ CI បានធ្វើការជាមួយ រដ្ឋបាលជលផលការពារ ប្រភេទកន្ធាយ នេះ រហូតដល់ឆ្នាំ២០១៧ ទើបប្រគល់គម្រោងនេះ ឲ្យមកអង្គការ WCS គ្រប់គ្រងបន្ត។ ចាប់តាំងពីពេលនោះមក អង្គការ WCS និងរដ្ឋបាលជលផល បាននិងកំពុងធ្វើការ អភិរក្សប្រភេទសត្វនេះ តាមរយៈការទប់ស្កាត់ រាល់សកម្មភាពខុសច្បាប់ ទាក់ទងនឹងការ ចាប់ និងការធ្វើពាណិជ្ជកម្ម ប្រភេទកន្ធាយក្បាលកង្កែបនេះ កម្មវិធីការពារសំបុក នៅតាមសហគមន៍ និងគាំទ្រដល់ការអភិវឌ្ឍសហគមន៍ និងសហគមន៍នេសាទ។

កន្ធាយក្បាលកង្កែប គឺជាប្រភេទមួយ ក្នុងចំណោមប្រភេទកម្រៗ ជាច្រើនទៀត នៅតាមដងទន្លេមេគង្គ ព្រោះ កន្ធាយក្បាលកង្កែប រស់នៅក្នុងអន្លង់ជ្រៅៗ ជាមួយត្រី ដូលហ្វីន និងត្រីបបែលយក្ស ជាដើម។ ការលែងកន្ធាយក្បាលកង្កែប ដែលជាប្រភេទ ដ៏សំខាន់ ចូលក្នុងជម្រកធម្មជាតិ គឺជាការរួមចំណែក យ៉ាងសំខាន់ ដល់ការស្ដារ ប្រភេទនេះឡើងវិញ កុំឱ្យផុតពូជ នាពេលអនាគត។

នៅក្នុងរដូវពងកូន ឆ្នាំ២០២២ នេះ ក្រុមការពារសំបុកសហគមន៍ បានរកឃើញសំបុក កន្ធាយក្បាលកង្កែប ចំនួន ៦៣ សំបុក ស្មើនឹង ២.១៥៥ ពង។ គិតត្រឹមពីដើមខែមីនា ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ មានកូនកន្ធាយក្បាលកង្កែប សរុបចំនួន ៩៨២ កូន បានញាស់ចេញពីសំបុកចំនួន ៤០ សំបុក ហើយក្រុមការងារ បានលែងកូនកន្ធាយ ចំនួន ៤០២ ក្បាល ចូលក្នុងទីជម្រកធម្មជាតិវិញ និងនៅសល់ ៥៨០ ក្បាលទៀត ត្រូវលែង នៅថ្ងៃនេះ។

ក្រុមការងារ រំពឹងថា ពងដែលនៅសេសសល់ អាចនឹងញាស់បានខ្លះបន្ថែមទៀត។ កាលពីរដូវពងកូន ឆ្នាំ២០២១ ក្រុមការងារ បានរកឃើញ ៦៦ សំបុក ស្មើនឹង ២.៥២៨ ពង និងបានលែង ១.៣០០ កូន ចូលក្នុងទីជម្រកធម្មជាតិវិញ៕ V / N