ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងារ មន្ត្រីពាក់ព័ន្ធ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ នេះ បានអញ្ជើញចុះផ្តល់កង់ ចំនួន ២០ គ្រឿង ជូនកុមារមានជីវភាពខ្វះខាត
នៅតាមសាលារៀនមួយចំនួន ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សូមរំលឹកថា កាលពម្សិលមិញ លោកអភិបាលខេត្ត ក៏បានចុះទៅផ្តល់កង់ ចំនួន ១០ គ្រឿង ជូនកូនសិស្ស នៅមណ្ឌលកុមារកំព្រាអស់សង្ឃឹម ២ ស្ថិតក្នុងឃុំឫស្សីក្រោក ស្រុកមង្គលបូរី។

លោក អ៊ុំ រាត្រី បានសំណេះសំណាល និងផ្តាំផ្ញើកូនៗទាំងអស់ ត្រូវខិតខំប្រឹងប្រែង សិក្សារៀនសូត្រ ឲ្យក្លាយជាក្មេងល្អ សិស្សពូកែ កុំអស់សង្ឃឹម ទោះបីជាជួបការលំបាក ផ្នែកជីវភាពក៍ដោយ មានតែចំណេះវិជ្ជាតែមួយគត់ ដែលអាចជួយកូនៗ កសាងខ្លួន​មានអនាគតល្អ។ សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗផងដែរ។

កង់ទាំងអស់នេះ បានមកពីការចូលរួមជួយឧបត្ថម្ភពីមិត្តភក្តិ របស់លោកអភិបាលខេត្ត អតីតសិស្ស ដែលសិក្សានៅវិទ្យាល័យ ភ្នំដូនពេញ ឆ្នាំ១៩៨៣-១៩៨៦ ដែលបានផ្តល់ ថវិកាចូលរួមទិញកង់ ចំនួន ៣៥ គ្រឿង ដើម្បីផ្តល់ជូនសិស្សក្រីក្រ ក្នុងខេត្តបន្ទាយមានជ័យ៕ V / N