ដោយៈ ប.ខុន / ភ្នំពេញៈ អ្នកធ្វើអាជីវកម្មនេសាទ ដោយគន្លងដាយ តាមដងទន្លេសាប ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានកត់សម្គាល់ឃើញថា ផលត្រីចម្រុះ ដែលបានតិចតួច នៅ ក្នុងខ្នើត កន្លងទៅនេះ សម្រាប់ប្រភេទត្រី ធ្វើប្រហុក ផ្អក ដូចជា ត្រីរាល ត្រីស្លឹកឫស្សី ត្រីខ្នងវែង មានធំហំធំៗ ហើយត្រីប្រា ដែលចាប់បានមួយៗ ក៏ធំៗដែរ  គឺមានទម្ងន់ពីជិត ១០ គីឡូក្រាម ដល់ ២៥ គីឡូក្រាម ក្នុងមួយក្បាល។

លោក ម៉ូត ហូសាន់ អ្នកធ្វើអាជីវកម្មនេសាទ ដោយគន្លងដាយត្រី ក្នុងដងទន្លេសាប ជួលពីរដ្ឋបាលជលផល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ថាៈ នៅក្នុងខ្នើត ខែមិគសិរ កន្លងទៅនេះ ជាខ្នើត តាមទម្លាប់ ត្រូវចាប់បានត្រីធំ តែដោយសារទឹកហូរខ្លាំង និងមានសំរាមច្រើន អ្នកនេសាទ ជាទូទៅ ហ៊ានទម្លាក់ដាយចុះ តែនៅពេលថ្ងៃ ធ្វើឱ្យផលត្រី ចាប់បាន មានចំនួនតិចតួច ច្រើនបំផុត មួយថ្ងៃ បានត្រីចម្រុះប្រហែល ១០០ គីឡូក្រាម។ ពេលចូលមកដល់ខែ រនោចនេះ មួយថ្ងៃ សរុបចាប់ត្រីចម្រុះ បានប្រហែល ពី ២០ ទៅ ៣០ គីឡូក្រាម។

អ្នកធ្វើអាជីវកម្មនេសាទត្រី ខាងលើ បាននិយាយឱ្យដឹងទៀតថាៈ នៅពេលនេះ ទឹកហូរ ខ្សោយហើយ និងសំរាម ក៏មិនសូវមាន តែវាចូលដល់ខែរនោច ត្រីមិនចេញពីបឹង។ មួយយប់ មួយថ្ងៃ សន្សំបានត្រីចម្រុះ ប្រហែលពី ២០ ទៅ ៣០ គីឡូក្រាម គិតជាចំណូល ល្មមរួចថ្លៃបាយកម្មករ។ នៅពេលនេះ គ្រប់គន្លងដាយ បានទម្លាក់ដាយចុះ ទាំងយប់ ទាំងថ្ងៃ តែមិន ទាន់មានអ្នកណា ហ៊ានអូសផែ ទៅកណ្តាលទន្លេនៅឡើយទេ។

លោក ម៉ូត ហូសាន់ បាននិយាយឱ្យដឹងទៀតថាៈ ប្រភេទត្រីធំ ដែលចាប់បានតិចតួច រាល់ថ្ងៃ ភាគច្រើន មានទំហំធំៗ ទាំងត្រីរាល ត្រីស្លឹកឫស្សី ត្រីខ្នងវែង ដែលជាប្រភេទត្រី សម្រាប់ធ្វើប្រហុក ផ្អក។ ត្រីប្រាឆ្នាំនេះ ក៏មានចាប់បានច្រើនដែរ នៅតាមគន្លងដាយនានា ដោយមានទំហំធំៗ ខ្លះមួយក្បាល មានទម្ងន់ដល់ ២៥ គីឡូក្រាម។ ត្រីសម្រាប់ ធ្វើប្រហុក ផ្អក ឆ្នាំនេះ អាចនឹងចាប់បានច្រើន នៅក្នុងខ្នើត ខែបុស្ស នៃចុងខែធ្នូនេះ។ ត្រីសម្រាប់ធ្វើប្រហុក ផ្អក ឆ្នាំនេះ អាចសម្បូរ និងមានទំហំធំៗ បើយោងទៅតាមស្ថានភាព ទឹកឡើងនៅដើម រដូវ ហើយស្រកទៅវិញ និងមានការបង្ក្រាបបទល្មើស ជាបន្តបន្ទាប់ នៅជុំវិញបឹងទន្លេសាប៕ V / N