ប្រែសម្រួល : កញ្ញាដាលីស (បាងកកប៉ុស្តិ៍) ៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេស ដែលជាការផ្តោតសំខាន់នៃការរិះគន់រហូតមកទល់ពេលនេះនៅក្នុងភាពយន្តឯកសាររបស់ “ព្រះអង្គម្ចាស់ហារីនិងព្រះនាងមេហ្គាន” នៅលើ Netflix កាលពីថ្ងៃសុក្រទី៩ធ្នូ បានវាយបកវិញទៅលើព្រះអង្គម្ចាស់និងមហេសីរបស់ទ្រង់ ដោយចោទប្រកាន់ពួកទ្រង់ថានិយាយកុហកនិងប្រមាថម្ចាស់ក្សត្រិយ៍ អេលីហ្សាបេតទី២។
គ្រួសាររាជវង្សអង់គ្លេសមិនសូវជាត្រូវគេលើកនិយាយទេក្នុងអំឡុងបីវគ្គដំបូងនៃកម្មវិធីដែលបានចាក់ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ដោយផ្តោតតែលើជីវិតដំបូងរបស់ព្រះអង្គម្ចាស់ហារីនិងការអាក់អន់ចិត្តរបស់ទ្រង់ចំពោះប្រព័ន្ធផ្សព្វផ្សាយ ដែលទ្រង់បានស្តីបន្ទោសចំពោះការស្លាប់របស់មាតាទ្រង់ គឺព្រះនាងដាយអាណា។
ប៉ុន្តែព្រះអង្គម្ចាស់ហារីពិតជាបានចោទក្រុមគ្រួសាររាជវង្សថារើសអើងពូជសាសន៍ដោយមិនដឹងខ្លួន ហើយថារាជវង្សនឹងត្រូវត្រៀមខ្លួនសម្រាប់វគ្គបន្តនៅសប្តាហ៍ក្រោយ ដែលនឹងគំរាមបញ្ចេញការលាតត្រដាងបន្ថែមទៀត។
រឿងរ៉ាវនេះបានគ្របដណ្ដប់លើទំព័រមុខកាសែតនានាកាលពីថ្ងៃសុក្រ ដែលភាគច្រើនបានរិះគន់ទៅលើព្រះអង្គម្ចាស់ហារីនិងព្រះនាងមេហ្គាន។
“ហារី មនុស្សអាក្រក់” គឺជាចំណងជើងរបស់កាសែតដ៏ពេញនិយម The Sun ដែលបានបន្ថែមថា គូស្នេហ៍នេះ “បានកម្ទេចចោលកេរដំណែលរបស់ព្រះមហាក្សត្រិយានី” បានធ្វើឱ្យបិតារបស់ហារី ស្តេចឆាលទី២ និងបងប្រុសរបស់ទ្រង់ព្រះអង្គម្ចាស់វីលលៀមស្ថិតក្នុង “ស្ថានភាពសោកសៅ” និង បានធ្វើឱ្យប្រទេសទាំងមូលក្លាយជាប្រទេសប្រកាន់ពូជសាសន៍យ៉ាងអយុត្តិធម៌។
កាសែតនេះ រួមជាមួយកាសែតផ្សេងទៀតជាច្រើន បានលើកយកឈុតឆាកមួយ ដែលព្រះនាងមេហ្គានសម្តែងបទភ្លេងបែបស្រើបស្រាល ខណៈទ្រង់រំលឹកការចូលគាល់ម្ចាស់ក្សត្រិយ៍អេលីហ្សាបេតទី២ជាលើកដំបូង។
កាសែតនេះបានសួរថា “តើអ្នកអាចថោកទាបដល់កម្រិតណា?” ដោយបន្ថែមថា “មេហ្គានដែលកំពុងសើចចម្អករូបនេះបានយកការរាក់ទាក់នេះមកលេងសើចចំពោះរាជវង្ស ហើយប្រៀបធៀបប្រពៃណីរបស់អង់គ្លេសទៅនឹងច្រវាក់ខ្នោះមជ្ឈិមសម័យរបស់អាម៉េរិក”៕
ព្រះអង្គម្ចាស់ហារីនិងព្រះនាងមេហ្គានរងការរិះគន់ខ្លាំងៗពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស