ដោយៈ ប.ខុន / ភ្នំពេញៈ សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹក នៃដងទន្លេសាប ក្នុងភូមិសាស្ត្រ ខណ្ឌឫស្សីកែវ បានបើកឱ្យនាវាឆ្លងកាត់ ជាធម្មតាវិញហើយ បន្ទាប់ពី ត្រូវបានឱ្យផ្អាកការធ្វើចរាចរណ៍ ដោយសារកិច្ចប្រជុំអាស៊ាន នៅភ្នំពេញ និងផ្អាក ដោយសារសាឡង់ដឹកខ្សាច់ ក្រឡាប់ទើរ ជាប់នឹងសរសរស្ពានដែក អស់រយៈពេលជាង មួយខែរួចមក។

សាឡង់ដឹកខ្សាច់ រួមទាំងនាវាផ្សេងទៀត ត្រូវបានអាជ្ញាធរ ឱ្យផ្អាកការធ្វើចរាចរណ៍ តាមដងទន្លេសាប ក្នុងភូមិសាស្ត្រខណ្ឌឫស្សី តាំងពីដើមខែវិច្ឆិកា ដើម្បីរៀបចំសណ្តាប់ ធ្នាប់ សម្រាប់កិច្ចប្រជុំអាស៊ាន នៅរាជធានីភ្នំពេញ ហើយក៏បានឱ្យផ្អាកបន្តទៀត បន្ទាប់មានសាឡង់ដឹកខ្សាច់ មួយគ្រឿង បានបើកឡើងបញ្ច្រាស់ទឹក មិនរួច ហើយអណ្តែតទៅបុកក្រឡាប់ ជាប់នឹងសរសរស្ពានដែក ឆ្លងកាត់ទន្លេសាបរួចមក។

ការផ្អាកចរាចរណ៍តាមផ្លូវទឹក រយៈពេលប្រហែលមួយខែ ដោយហេតុផលខាងលើ បានធ្វើឱ្យមានការរាំងស្ទះ ដល់ការផ្គត់ផ្គង់ខ្សាច់ តាមការដ្ឋាន កំពុងអភិវឌ្ឍន៍ជាច្រើន នៅសងខាង ដងទន្លេសាប ដោយហេតុនេះហើយ អាជ្ញាធររាជធានីភ្នំពេញ បានខិតខំ សហការ ជាមួយនឹងស្ថាប័នពាក់ព័ន្ធ ធ្វើការជួសជុលស្ពានដែក និងរកគ្រប់វិធីយកសាឡង់ ដែលនៅ ជាប់នឹងសរសរស្ពានដែរ ចេញឱ្យបានឆាប់ ដើម្បីកុំឱ្យរាំងស្ទះ ដល់ការដឹកជញ្ជូន តាមផ្លូវទឹក និងការធ្វើចរាចរណ៍ តាមស្ពានដែក។

លោក ឯក  ឃុនឌឿន អភិបាលខណ្ឌឫស្សីកែវ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ថាៈ សាឡង់ដឹកខ្សាច់ ដែលបានក្រឡាប់ ជាប់នឹងសរសរស្ពានដែក ជាច្រើនសប្តាហ៍មកនោះ បានអូសចេញពីស្ពាន រួចហើយ នៅថ្ងៃនេះ (១០ធ្នូ) ឯស្ពាន ក៏បានជួសជុលរួច តែមិនទាន់បើកឱ្យឆ្លងកាត់ ទូទៅនៅឡើយទេ។ ចំណែកផ្លូវទឹកនៃ ដងទន្លេសាប ពេលនេះ បានបើកឱ្យនាវា ធ្វើចរាចរណ៍ធម្មតាវិញហើយ។

សាឡង់រាប់សិបគ្រឿង ត្រូវបានគេឃើញមានសកម្មភាពទៅមក យ៉ាងមមាញឹក តាមដងទន្លេសាប និង ដងទន្លេមេគង្គវិញហើយ ក្នុងរយៈពេលបីបួនថ្ងៃ ចុងក្រោយនេះ បន្ទាប់ ពីស្ពានដែក បានជួសជុលរួច និងសាឡង់ ដែលទើរនៅសរសរស្ពានដែក ត្រូវបានយកចេញរួច។ សាឡង់ឆ្លងកាត់ក្រោមស្ពានដែក ក្នុងពេលស្ថានភាពទឹកទន្លេសាប នៅហូរចេញខ្លាំងនេះ ត្រូវបានអាជ្ញាធរ ណែនាំឱ្យមានសាឡង់ជំនួយ រុញ ឬអូស ពេលឆ្លងកាត់ក្រោមស្ពានដែក ដើម្បីបង្ការកុំឱ្យមានហេតុអាក្រក់ កើតមានជាថ្មីម្តងទៀត ទៅលើស្ពានដែកនេះ៕ V / N