ដោយៈមុនីរ័ត្ន / ភ្នំពេញៈ អធិការរង ខណ្ឌច្បារអំពៅម្នាក់ ដែលត្រូវបានជនដៃដល់ ប្រើអំពើហិង្សា វ៉ៃបែកក្បាល និងបែកមាត់ បានស្រែករកយុត្តិធម៌ បន្ទាប់ពីព្រះរាជអាជ្ញារងទទួលបន្ទុកខណ្ឌច្បារអំពៅ បញ្ជាឲ្យអធិការនគរបាល ខណ្ឌច្បារអំពៅ ដោះលែងជនដៃដល់ ឲ្យមានសេរីភាព ដែលការដោះលែងនេះ បានធ្វើឲ្យជនរងគ្រោះ សម្តែងការឈឺចាប់យ៉ាងខ្លាំង។

បន្ទាប់ពីជនដៃដល់ បានដោះលែង គឺលោក ហេង សុវណ្ណតារា អធិការរងខណ្ឌច្បារអំពៅ បានសរសេរ នៅលើបណ្តាញសង្គមថា ឯណាទៅយុត្តិធម៌ បើខ្លួនឋានៈជាអធិការរង នៅខណ្ឌច្បារអំពៅ ហើយត្រូវគេវ៉ៃបែកក្បាល បែកមាត់ បែរជាអធិការដ្ឋាននគរបាលខណ្ឌ ឲ្យជនបង្កទៅផ្ទះ មានសេរីភាព ដោយមិនប្រាប់ខ្លួនមួយម៉ាត់។

អធិការរងខណ្ឌច្បារអំពៅរូបនោះ បានសរសេរនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា “យុត្តិធម៌ ឯណាទៅយុត្តិធម៌ បើខ្ញុំជានគរបាល មានឋានៈ ជាអធិការរង ខណ្ឌច្បារអំពៅ ហើយត្រូវគេវាយបែកក្បាល បែកមាត់ ហើយនគរបាលប៉ុស្តិ៍នាំជនបង្ក យកទៅដល់ប៉ុស្តិ៍នគរបាលនិរោធ ដាក់ពាក្យប្ដឹង ហើយបញ្ជូនជនបង្ក ទៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ បែរជាអធិការដ្ឋាននគរបាល អនុញ្ញាតឱ្យជនបង្កទៅផ្ទះ មានសេរីភាព ដោយមិនប្រាប់ខ្ញុំមួយម៉ាត់ នេះអង្គភាពខ្លួនឯងផ្ទាល់ផង”។

ទាក់ទងនឹងករណីនេះ លោក ម៉ៅ សឿត អធិការនគរបាល ខណ្ឌច្បារអំពៅ បានប្រាប់សារព័ត៌មានថាៈ មុននឹងដោះលែង គឺបានធ្វើកំណត់ហេតុត្រឹមត្រូវ ហើយការដោះលែងនោះ គឺអនុវត្តតាមបទបញ្ជា ព្រះរាជអាជ្ញារងទទួលបន្ទុក ខណ្ឌច្បារអំពៅ។

ទាក់ទងករណីនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបំភ្លឺ និងបកស្រាយថាៈ ទាក់ទងទៅនឹងការចុះផ្សាយ របស់លោកវរសេនីយ៍ទោ ហេង សុវណ្ណដារ៉ា អធិការរងនគរបាល ខណ្ឌច្បារអំពៅ ថាមានភាពអយុត្តិធម៌ ចំពោះករណីបង្កហិង្សា មកលេីរូបគាត់ ដែលកេីតឡេីង បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក Hyundai និងម៉ូតូម៉ាក Honda មានសណ្តោងរ៉ឺម៉ក នៅចំណុចមុខហាងលក់សម្ភារៈ យីហោ “២៥០០” ផ្លូវ៣៥១ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ម៉ោង១៦:៣០នាទី។

កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ម៉ោង១៦:៣០ នាទី មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងរថយន្តម៉ាក Hyundai ពណ៌ខៀវ ផ្លាកលេខ ភ្នំពេញ ២X-៥៧០៤ (អ្នកបើកបរ ឈ្មោះ គីម ហេង ជនជាតិ វៀតណាម) ជាមួយម៉ូតូម៉ាក Honda ពណ៌ខ្មៅ គ្មានផ្លាកលេខ មានសណ្តោងរ៉ឺម៉ក (អ្នកបើកបរ ឈ្មោះ ឌី ជនជាតិ ខ្មែរ ជាកម្មករ) នៅចំណុចមុខហាងលក់សម្ភារៈយីហោ “២៥០០” ផ្លូវ៣៥១ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បណ្តាលឲ្យរថយន្ត បែកស្តុបក្រោយខាងឆ្វេង និងកំពិតទ្វារខាងឆ្វេង រួចឈ្មោះ ប៉ែន ផល្លា (ជាម្ចាស់ម៉ូតូ) បានចេញមុខដោះស្រាយ សងការខូចខាត ជាមួយម្ចាស់រថយន្តឈ្មោះ គីម ហេង ជំនួសឈ្មោះ ឌី រួចហើយ។

ពេលនោះ ឈ្មោះ ប៉ែន ផល្លា ក៏អូសរ៉ឺម៉កចូលខាង ស្រាប់តែឈ្មោះ ហេង សុវណ្ណដារ៉ា (អធិការរងខណ្ឌច្បារអំពៅ) ស្លៀកពាក់ស៊ីវិលជិះម៉ូតូមកដល់ ស្គាល់ម្ចាស់រថយន្ត ក៏សួរនាំ រួចឈ្មោះ គីម ហេង ប្រាប់ថាមានបុរសម្នាក់ បើកម៉ូតូសណ្តោងរ៉ឺម៉ក បុករថយន្តរបស់ឈ្មោះ ឌី រួចឈ្មោះ ហេង សុវណ្ណដារ៉ា ពុំបានសួរនាំរឿង ហេតុ ឱ្យដឹងសព្វគ្រប់អស់ទេ ក៏ទៅចាប់ទាញដៃឈ្មោះ ប៉ែន ផល្លា មិនឲ្យអូសម៉ូតូ ចេញទៅណា ហើយក៏ឈ្លោះប្រកែកគ្នា រួចឈ្មោះ ហេង សុវណ្ណដារ៉ា ក៏ជេរឈ្មោះ ប៉ែន ផល្លា ថាអាចុយម្រាយ ថែមទាំងទាញកអាវប្រតាយប្រតប់គ្នា រួចឈ្មោះ ប៉ែន ផល្លា វាយឈ្មោះ ហេង សុវណ្ណដារ៉ា របួសក្បាល១កន្លែង និងបែកមាត់ ចំណែក ឈ្មោះ ប៉ែន ផល្លា របួសកំភូនដៃខាងស្តាំ។

បន្ទាប់ពីកើតហេតុភ្លាម សមត្ថកិច្ច ចុះអន្តរាគមន៍ហៅឈ្មោះ ហេង សុវណ្ណដារ៉ា និងឈ្មោះ ប៉ែន ផល្លា មកទីស្នាក់ការប៉ុស្តិ៍ នគរបាលរដ្ឋបាលនិរោធ ដើម្បីសាកសួរ រួចបញ្ជូនមកអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ។

ក្រោយពីបានសាកសួររួច សមត្ថកិច្ច បានសុំគោលការណ៍ពីលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ ដើម្បីឃាត់ខ្លួន ឈ្មោះ ប៉ែន ផល្លា នៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ។ ប្រហែល ១ ម៉ោង ក្រោយមក លោកព្រះរាជអាជ្ញារង ក៏ទាក់ទងមកអធិការនគរបាលខណ្ឌច្បារអំពៅ ដើម្បីធានា និងធ្វើកិច្ចសន្យាឈ្មោះ ប៉ែន ផល្លា ឲ្យត្រឡប់ទៅលំនៅដ្ឋានវិញជាបណ្តោះអាសន្ន។

បច្ចុប្បន្ន សមត្ថកិច្ច បានកំពុងកសាងសំណុំ រឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់។

ជាក់ស្តែង សំណុំរឿង ត្រូវបានបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចំណាត់ការបន្តផ្នែកច្បាប់ នឹងត្រូវអនុវត្ត ចំពោះការអនុញ្ញាតឲ្យជនបង្កដែលមានអ្នកធានា និងធ្វើកិច្ចសន្យាឲ្យត្រឡប់ទៅគេហដ្ឋានវិញ ជាបណ្តោះអាសន្ន ជាការអនុញ្ញាតរបស់លោកព្រះរាជអាជ្ញារង ៕/V