ដោយ៖ ម៉េងឆៃ / ភ្នំពេញ៖ នៅក្នុងសប្តាហ៍នេះ មានព្រឹត្តិការណ៍ជាតិ សំខាន់ៗជាច្រើន បានកើតឡើង ក្នុងនោះ មានការប្រឡងបាក់ឌុប រួមទាំងពិធីបុណ្យសមុទ្រ ជាដើម ។

១- រដ្ឋមន្ត្រីក្រសួងអប់រំ៖ សិស្សបានគោរពវិន័យបានល្អ និងមិនមានយកសំណៅឯកសារ ចូលមណ្ឌលប្រឡងឡើយ

ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬហៅថា ការប្រឡងបាក់ឌុប រយៈពេល ២ថ្ងៃ បានធ្វើឡើង កាលពីថ្ងៃទី៥ និងថ្ងៃទី៦ ខែធ្នូ។ ដំណើរការប្រឡង រយៈពេល ២ថ្ងៃនេះ មិនមានហេតុការណ៍ កើតឡើង គួរឱ្យកត់សម្គាល់ទេ ទោះបីជាបេក្ខជន មួយចំនួន អវត្តមាន និងមានបញ្ហាសុខភាពក៏ដោយ។ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន ដែលបានអញ្ជើញបើក ហិបវិញ្ញាសា ជានិមិត្តរូបនៃការចាប់ផ្តើមប្រឡង នៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ បានលើកឡើងថា ដំណើរការប្រឡងបាក់ឌុប ឆ្នាំសិក្សា២០២១-២០២២ សម័យប្រឡង ថ្ងៃ០៥ ធ្នូ ឆ្នាំ២០២២ បានដំណើរការទៅដោយរលូន ស្ងប់ស្ងាត់ សិស្សបានគោរពវិន័យបានល្អ និងមិនមានយកសំណៅឯកសារ ចូលមណ្ឌលប្រឡងឡើយ។

២- យ៉ាងហោចណាស់ ក្នុងមួយឆ្នាំ កម្ពុជា ត្រូវបោសសម្អាតចំការមីនជាង ២០០ គីឡូម៉ែត្រក្រឡា ដើម្បីគោលដៅអស់មីន នៅឆ្នាំ២០២៥

កម្ពុជា នឹងពន្លឿនល្បឿនការងារបោសសម្អាតចំការមីន ប្រមាណជាង ៧០០គីឡូម៉ែត្រក្រឡា ដើម្បីគោលដៅអស់មីន នៅឆ្នាំ២០២៥។ ក្នុងកិច្ចប្រជុំបន្ទាន់ជាមួយ អង្គភាពប្រតិបត្តិករបោសសម្អាតមីន នៅព្រឹកថ្ងៃទី៥ ខែធ្នូ អាជ្ញាធរមីន ក៏បានដាក់ទិសដៅ យ៉ាងហោចណាស់ ក្នុងមួយឆ្នាំ ត្រូវបោសសម្អាតផ្ទៃដីចំការមីន ចន្លោះពីជាង ២០០ គីឡូម៉ែត្រក្រឡា ទៅ ៣០០ គីឡូម៉ែត្រក្រឡា ដើម្បីតាមផែនការ ដែលបានគ្រោងទុក។

៣- គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ដែលកំណត់ដោយ ក្រសួងផែនការ ទទួលបានប្រាក់ឧបត្ថម្ភ លើកទី១ ចាប់ពីថ្ងៃទី ១០ធ្នូ តទៅ

ក្រុមគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ដែលត្រូវបានកំណត់ ដោយក្រសួងផែនការ ចាប់ផ្តើមទទួលបានប្រាក់ឧបត្ថម្ភ ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ចាប់ពីថ្ងៃទី ១០ ធ្នូតទៅ។ គ្រួសារនីមួយៗ ទទួលបានចំនួនទឹកប្រាក់ផ្សេងៗគ្នា ទៅតាមតំបន់ ដែលត្រូវបានកំណត់ ដូចជា នៅរាជធានីភ្នំពេញ នៅតាមទីប្រជុំជន និងនៅតាមជនបទ។

៤-កម្ពុជា បញ្ជូនទ័ពមួកខៀវ ជិត ២០០ នាក់ ទៅប្តូរវេនបេសកកម្ម នៅសាធារណរដ្ឋម៉ាលី

នៅដើមសប្តាហ៍នេះ កម្ពុជា បានបញ្ជូនកងទ័ពមួកខៀវប្តូរវេន ចំនួនជិត ២០០ នាក់ ចេញទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី។ អគ្គនាយក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានចាត់ទុកថា ការចេញទៅបេសកកម្មរបស់ កងទ័ពកម្ពុជា នាពេលនេះ គឺជាមោទកភាពថ្មីមួយទៀត សម្រាប់ជាតិមាតុភូមិកម្ពុជា ដែលទទួលបានទំនុកចិត្តពីអង្គការសហប្រជាជាតិ និងប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមបំពេញបេសកកម្មថែរក្សាសន្តិភាព លើពិភពលោក។

៥- ក្រសួងសុខាភិបាល ណែនាំ ៤ចំណុច ឱ្យប្រជាពលរដ្ឋអនុវត្ត ដើម្បីការពារការចម្លងវីវុសកូវីដ១៩ ក្នុងអំឡុងពេលចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២៣

ក្រសួងសុខាភិបាល បានណែនាំ ៤ចំណុចសំខាន់ៗ ឱ្យប្រជាពលរដ្ឋ អនុវត្ត ដើម្បីការពារការចម្លងវីវុសកូវីដ១៩ ក្នុងអំឡុងពេលចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២៣។ នោះគឺការបន្តអនុវត្តវិធានការ ៣កុំ និង ៣ការពារ។ ក្រៅពីនោះ ក្រសួង ក៏បានប្រកាសអំពាវនាវ ឱ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្ននឹងការពុលចំណីអាហារ ផងដែរ។

៦-១១ខែឆ្នាំនេះ ទេសចរផ្ទៃក្នុងជាង ១០លាននាក់ បានដើរកម្សាន្ត នៅទូទាំងប្រទេស

ក្នុងសប្តាហ៍នេះ ក្រសួងទេសចរណ៍ បានប្រកាសថា ក្នុងរយៈពេល ១១ខែ ក្នុងឆ្នាំ២០២២ នេះ កម្ពុជាទទួលបានទេសចរផ្ទៃក្នុងជាង ១០លាននាក់ ដែលបានដើរកម្សាន្ត ក្នុងទូទាំងប្រទេស។ តាមការប៉ាន់ស្មាន ទម្រាំដាច់ឆ្នាំ២០២២ នេះ កម្ពុជា អាចមានទេសចរផ្ទៃក្នុង រង្វង់ជិត ១១លាននាក់។

៧-ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី តម្រូវឱ្យអ្នកបើកបរ មានវិញ្ញាបនបត្របញ្ជាក់សុខភាពថា គ្មានសារធាតុញៀន

ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី បាននិងកំពុងរៀបចំតាក់តែង ដោយមានការកំណត់ឱ្យអ្នកបើកបរទាំងអស់ ជាប់កាតព្វកិច្ចមួយចំនួន។ ក្នុងនោះ ច្បាប់ថ្មី ក៏តម្រូវឱ្យអ្នកបើកបរ មានវិញ្ញាបនបត្រ បញ្ជាក់សុខភាពថា គ្មានសារធាតុញៀនឡើយ។ វិធានការនេះ ដើម្បីរឹតបន្តឹង និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលជាមធ្យម នៅកម្ពុជាយើង គ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់មនុស្ស ៥នាក់ និងរបួសជាង ១០នាក់ ក្នុង ១ថ្ងៃៗ។

៨-កូរ៉េខាងត្បូង ផ្តល់ថវិកាជិត ២ពាន់លានដុល្លារ ដើម្បីសាងសង់ស្ពាន ភ្នំពេញ-ជ្រោយចង្វា-អរិយក្សត្រ និងអភិវឌ្ឍន៍វិស័យបញ្ជូនអគ្គិសនី នៅខេត្តព្រះសីហនុ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ឬប្រទេសកូរ៉េខាងត្បូង បានសម្រេចផ្តល់នូវ កម្ចីសម្បទានជិត ២ពាន់លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រើប្រាស់ ក្នុងការអភិវឌ្ឍប្រទេស ក៏ដូចជាការសាងសង់ស្ពានមិត្តភាព កម្ពុជា-សាធារណរដ្ឋកូរ៉េ ភ្ជាប់ពីផ្សារចាស់-ជ្រោយចង្វា និងពីជ្រោយចង្វា ទៅអរិយក្សត្រ រួមទាំងអភិវឌ្ឍវិស័យអគ្គិសនី នៅខេត្តព្រះសីហនុ។ ពិធីចុះហត្ថលេខា ប្រគល់ និងទទួលថវិកាទាំងនេះ បានរៀបចំធ្វើ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាព ជាសាក្សីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ប៉ាក ហឹងឃ្យង (PARK Heung-kyeong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា។

៩-សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋ អញ្ជើញទៅលេងបុណ្យសមុទ្រ នៅក្រុងព្រះសីហនុ ចុងសប្តាហ៍នេះ

នៅព្រឹកថ្ងៃទី៩ធ្នូ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញធ្វើដំណើរ ទៅកាន់ខេត្តព្រះសីហនុ ជាទីដែលសម្តេច ត្រូវអញ្ជើញជាអធិបតី ក្នុងពិធីបើកបុណ្យសមុទ្រ និងមហាសន្និបាតក្លិបឆ្នេរសមុទ្រ ដែលស្អាតបំផុត លើពិភពលោក នៅខេត្តព្រះសីហនុ នៅថ្ងៃទី១០ ខែធ្នូនេះ។ ពិធីបុណ្យសមុទ្រ ប្រារព្ធឡើង រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ខែធ្នូ រហូតដល់ថ្ងៃអាទិត្យ ទី១១ ខែធ្នូ។

១០- ពិព័រណ៍សៀវភៅប្រចាំឆ្នាំ ថ្នាក់ជាតិ លើកទី៩ មានសម្ទុះខ្លាំងក្លា

នៅថ្ងៃទី៩ ខែធ្នូ គឺជាថ្ងៃទី១ នៃពិព័រណ៍សៀវភៅ ប្រចាំឆ្នាំថ្នាក់ជាតិ លើកទី៩ រយៈពេល ៣ថ្ងៃ។ គ្រាន់តែចាប់ផ្តើមបើកភ្លាម នៅបណ្ណាល័យជាតិ មានមនុស្សយ៉ាងច្រើនកុះករ បានចូលរួម។ រីឯចំនួនស្តង់សៀវភៅ ក៏ដូចជា ចំនួនសៀវភៅ កម្រាស់សៀវភៅ និងសោភ័ណភាពសៀវភៅ ក៏សុទ្ធតែបានកើនឡើងយ៉ាងខ្លាំងដែរ។

១១- គ.ជ.ប ៖ ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នេះ ទទួលបានលទ្ធផល ច្រើនជាងឆ្នាំមុន រហូតដល់ជិត ៦០ ម៉ឺននាក់

ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ រយៈពេល ៥០ថ្ងៃ បានបិទបញ្ចប់ហើយ កាលពីថ្ងៃទី៨ ខែធ្នូ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានប្រកាសថា នៅឆ្នាំនេះ ទទួលបានលទ្ធផលច្រើនជាងឆ្នាំ២០២១ គឺបានរហូតដល់ជិត ៦០ ម៉ឺននាក់ ខណៈឆ្នាំមុន ការចុះឈ្មោះអ្នកបោះឆ្នោតថ្មី បានត្រឹមតែជិត ៤០ ម៉ឺននាក់ប៉ុណ្ណោះ។ បញ្ជីឈ្មោះអ្នកបោះឆ្នោតនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

១២-សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅដឹកនាំកិច្ចប្រជុំអាស៊ាន -សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួម និងធ្វើជាសហប្រធាន កិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួប លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន -សហភាពអឺរ៉ុប។ កិច្ចប្រជុំនេះ នឹងធ្វើឡើង នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក។ មុនចូលរួមកិច្ចប្រជុំនេះ សម្តេចតេជោ នឹងអញ្ជើញបំពេញទស្សនកិច្ច នៅប្រទេសបារាំង ហើយសម្តេចចាកចេញពីភ្នំពេញ នៅយប់ថ្ងៃទី១១ ខែធ្នូ។ សម្តេចតេជោ ក៏នឹងជួបប្រជាពលរដ្ឋខ្មែរ រស់នៅទ្វីបអឺរ៉ុប ផងដែរ។

១៣-សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី បើកមហាសន្និបាត លើកទី១៦ របស់ក្លិបឆ្នេរសមុទ្រស្អាតបំផុត លើសាកលលោក

នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី បើកមហាសន្និបាតលើកទី១៦ របស់ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុត លើសាកលលោក។ ពិធីនេះ ធ្វើឡើងនៅសណ្ឋាគារឆ្នេរសុខា ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក Bruno BODARD សហស្ថាបនិកក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើសកលលោក លោក Michel BUJOLD ប្រធានក្លិបឆ្នេរសមុទ្រ ដែលស្អាតជាងគេបំផុត លើសកលលោក ព្រមទាំងមានការអញ្ជើញចូលរួម ពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ភ្ញៀវជាតិ និងអន្តរជាតិ ប្រតិភូក្លិបឆ្នេរសមុទ្រ ស្អាតជាងគេ លើសាកលលោក និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។

១៤-សម្តេចតេជោ ហ៊ុន សែន ទទួលជួប ពិភាក្សាការងារ ជាមួយប្រតិភូក្លិបឆ្នេរសមុទ្រ ដែលស្អាតបំផុត លើសកលលោក

នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ មុនអញ្ជើញជាអធិបតី ក្នុងពិធីបើកមហាសន្និបាតលើកទី៦ ក្លិបឆ្នេរសមុទ្រស្អាតជាងគេ លើសកលលោក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូក្លិបឆ្នេរសមុទ្រ ដែលស្អាតបំផុត លើសកលលោក ដឹកនាំដោយលោក មីឆែល ប៊ូសូល (Michel Bujold) ប្រធានក្លិបឆ្នេរសមុទ្រ ដែលស្អាតបំផុត ក្នុងឱកាសដែលលោក អញ្ជើញដឹកនាំប្រតិភូ ចូលរួមក្នុងមហាសន្និបាតលើកទី១៦ ក្លិបឆ្នេរសមុទ្រ ស្អាតជាងគេ លើសាកលលោក និងពិធីបើកបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា។

១៥-សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី បើកពិធីបុណ្យសមុទ្រ លើកទី៩ ជុំទី៣ នៅព្រលប់ថ្ងៃទី១០ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតី បើកពិធីបុណ្យសមុទ្រ លើកទី៩ ជុំទី៣ នៅបរិវេណទីលានសម្តេចតេជោ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ពិធីបុណ្យសមុទ្រ នៅឆ្នាំនេះ រៀបចំឡើង ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម»។ ការដាក់ចេញ នូវប្រធានបទនេះ គឺសមស្របជាមួយ បរិបទកម្ពុជា ដែលសន្តិភាព បានដើរតួនាទី យ៉ាងសំខាន់ ដល់ការអភិវឌ្ឍប្រទេសជាតិ បង្កើតជាក្តីសង្ឃឹម យ៉ាងមុតមាំ សម្រាប់ប្រជាជនទាំងមូល។ ក្នុងន័យនេះ សន្តិភាព គឺពិតជាមិនអាចខ្វះបាន សម្រាប់ការទ្រទ្រង់ការអភិវឌ្ឍប្រទេសជាតិ ខណៈដែលក្តីសង្ឃឹមជាច្រើន សម្រាប់ពេលអនាគត បានកំពុងបង្កើតជា កាលានុវត្តភាពច្រើន ផ្តើមចេញពីសន្តិភាពនេះ៕/V