ដំណឹងល្អ! តម្លៃប្រេងសាំង និងម៉ាស៊ូត ចាប់ពីថ្ងៃទី១១-២០ ខែធ្នូ ឆ្នាំ២០២២ បន្តធ្លាក់ថ្លៃបន្ថែមទៀត
ដោយ: ទេព មង្គល / ភ្នំពេញៈ ការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈ ពីថ្ងៃទី១១ ដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២២ នេះ សម្រាប់ប្រេងសាំងធម្មតា ឃើញថា បានធ្លាក់ថ្លៃ ចំនួន ១០០ រៀល រីឯប្រេងម៉ាស៊ូត បានធ្លាក់ថ្លៃ ២០០ រៀល ក្នុងមួយលីត្រ គឺបន្តធ្លាក់ថ្លៃបន្ថែមទៀត បើប្រៀបធៀបនឹងសប្ដាហ៍មុន ពីថ្ងៃទី១ ដល់១០ ធ្នូ កន្លងទៅនេះ ។
យោងតាមសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ បង្ហាញនៅ ព្រឹកថ្ងៃទី១១ ខែធ្នូ នេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថាៈ ការកំណត់ថ្លៃលក់រាយ ប្រេងឥន្ធនៈ ក្នុងរយៈពេល ១០ ថ្ងៃនេះ សម្រាប់ប្រេងសាំងធម្មតា មានតម្លៃ ៤.១០០ រៀល (ចុះ ១០០៛) និងប្រេងម៉ាស៊ូត មានតម្លៃ ៤.៤៥០ រៀល (ចុះ ២០០៛) នៅក្នុង ១លីត្រ។
ពាក់ព័ន្ធការកំណត់ថ្លៃលក់រាយ ប្រេងឥន្ធនៈនេះដែរ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថាៈ ដើម្បីជួយសម្រួល ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុន ចែកចាយប្រេងឥន្ធនៈ នៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្ត និងសម្រេចបញ្ចុះតម្លៃ លក់រាយប្រេងឥន្ធនៈ នៅកម្ពុជាដដែល គឺចំនួន ៦,៥ សេនដុល្លារ ក្នុង ១ លីត្រ៕/V