ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ អ្នកគាំទ្រជិត១០០.០០០នាក់នៃគណបក្សប្រឆាំងធំបំផុតរបស់បង់ក្លាដែស បានបង្ហាញខ្លួននៅទីក្រុងដាក្កា(Dhaka)កាលពីថ្ងៃសៅរ៍ ដើម្បីប្រឆាំងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី សេក ហាស៊ីណា(Sheikh Hasina)ហើយទាមទារធ្វើការបោះឆ្នោយជាថ្មី។
ពួកគេស្រែកថា«សេក ហាស៊ីណា ជាចោរលួចសម្លឹកឆ្នោត»។
សមាជិកសភាគណបក្សជាតិនិយមបង់ក្លាដែស(BNP)ទាំងប្រាំពីររូបក៏បានប្រកាសលាឈប់ពីសភា ដែលនាំអោយសភាបង់ក្លាដែសក្លាយជាសភាប្រថាប់ត្រា ដោយសារតែគណបក្សរបស់លោកស្រី ហាស៊ីណាកាន់កាប់សម្លេងភាគច្រើនជាងពីរភាគបីក្នុងសភា។
ក្នុងពេលជាមួយគ្នា បណ្តារដ្ឋាភិបាលលោកខាងលិចនិងអាម៉េរិកបានសម្តែងការព្រួយបារម្ភអំពីបរិយាកាសនយោបាយនៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។
បង់ក្លាដែសជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតមួយនៅអាស៊ី តែសង្គ្រាមអ៊ុយក្រែនបានបង្ខំអោយរដ្ឋផ្អាកការនាំចូលហ្គាសនិងប្រេងនៅពេលការកាត់ផ្តាច់ការផ្គត់ផ្គង់ចរន្តអគ្គិសនីនិងការឡើងថ្លៃទំនិញបង្កអោយមានបាតុកម្មនៅប៉ុន្មានខែចុងក្រោយនេះ។
ប្រាក់តាការបស់បង់ក្លាដែសចុះថ្លៃ២៥ភាគរយនាំអោយថ្លៃនាំចូលស្បៀងកើនឡើងខ្លាំងដោយប៉ះពាល់ប្រជាជនក្រីក្រនិងអ្នកមានចំណូលក្រោមមធ្យម។
អ្នករត់កង់បីម្នាក់ឈ្មោះរូសសែល មៀ(Russel Miah)បានចូលរួមក្នុងការជួបជុំតវ៉ាដើម្បសម្តែងកំហឹងចំពោះទំនិញឡើងថ្លៃ ដែលនាំអោយលោកពិបាករកប្រាក់ផ្គត់ផ្គង់អាហារបីពេលដល់សមាជិកគ្រួសារ។
នាយករដ្ឋមន្ត្រី សេក ហាស៊ីណា កំពុងប្រឈមរលកបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់លោកស្រី
មន្ត្រីបក្សBNPបាននិយាយថាមនុស្សរាប់ម៉ឺននាក់បានចូលរួមការតវ៉ាប្រឆាំងកាលពីព្រឹកថ្ងៃសៅរ៍ តែទូរទស្សន៍ប្រាំ-ប្រាំមួយរបស់បង់ក្លាដែសអត់មានមួយណាផ្សាយព្រឹត្តិការណ៍នេះទេ ដោយគេសង្ស័យថាអាជ្ញាធរដាក់សម្ពាធលើស្ថានីយទូរទស្សន៍ទាំងនេះកុំអោយផ្សាយ។
ភាពតានតឹងនយោបាយបានកើនឡើងបន្ទាប់ពីកងកម្លាំងសន្តិសុខសំរុកចូលស្នាក់ការបក្សប្រឆាំងកាលពីថ្ងៃអង្គារ ដោយបណ្តាលអោយស្លាប់មនុស្សម្នាក់និងរបួសជាច្រើននាក់។មេដឹកនាំជាន់ខ្ពស់ពីររូបរបស់បក្សប្រឆាំងក៏ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រពីបទញុះញង់អោយមានអំពើហិង្សា ។សូមបញ្ជាក់ថាសកម្មជននិងអ្នកគាំទ្របក្សប្រឆាំងប្រមាណ២.០០០នាក់ត្រូវបានចាប់ឃុំខ្លួនចាប់តាំងពីថ្ងៃ៣០វិច្ឆិកា ដើម្បីរារាំងកុំអោយមានបាតុកម្មប្រឆាំងរដ្ឋាភិបាល។
ក្រុមប្រឆាំងបានធ្វើការប្រឆាំងតវ៉ានៅពាសពេញប្រទេសហើយលោកស្រីហាស៊ីណាបានច្រានចោលការទាមទារអោយលោកស្រីចុះចេញពីតំណែងនិងធ្វើការបោះឆ្នោតនៅក្រោមរដ្ឋាភិបាលចាំផ្ទះមួយ៕