ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ក្រុមហ៊ុនជប៉ុនមួយបានបញ្ជូនយានរបស់ខ្លួនទៅកាន់ឋានព្រះចន្ទកាលពីថ្ងៃអាទិត្យតាមរ៉ុក្កែតSpaceXមួយជាមួយនឹងយានត្រាច់ចរណ៍លើព្រះចន្ទរបស់អារ៉ាប់រួមអេមីរ៉ាតនិងរ៉ូបូតដូចប្រដាប់ក្មេងលេងមួយរបស់ជប៉ុនដែលត្រូវបានរចនាឡើងដើម្បីបើកស្រាវជ្រាវលើផ្ទៃពោរពេញដោយធូលីពណ៌ប្រផេះរបស់ព្រះចន្ទ។
វានឹងចំណាយពេលជិតប្រាំខែដើម្បីយានចុះចតនេះនិងគ្រឿងបរិក្ខារស្រាវជ្រាវរបស់វាទៅដល់ព្រះចន្ទ។
ក្រុមហ៊ុនបានរចនាយានរបស់ខ្លួនអោយប្រើឥន្ធនៈតិចបំផុតដើម្បីសន្សំលុយនិងទុកន្លែងសំរាប់ដាក់របស់ផ្សេង។ដូច្នេះវាជ្រើសយកវិធីធ្វើដំណើរយឺតនិងប្រើថាមពលតិច ដោយហោះ១,៦លានគីឡូម៉ែត្រចេញពីផែនដីមុនបញ្ជូនសញ្ញាមកកាន់ផែនដីនិងឆ្លងចូលបរិយាកាសព្រះចន្ទនៅចុងខែមេសា។
ខុសពីយានOrionរបស់អង្គការណាសា ដែលចំណាយពេលតែប្រាំថ្ងៃទៅដល់ព្រះចន្ទកាលពីខែមុន។
យានចុះចតរបស់ក្រុមហ៊ុនispaceមានបំណងចុះនៅមាត់រណ្តៅAtlasនៅប៉ែកឦសានរបស់ព្រះចន្ទ ដែលមានមាត់រណ្តៅ៨៧គីឡូម៉ែត្រនិងជំរៅ២គីឡូម៉ែត្រ។ជាមួយនឹងជើងបួនរបស់វា យានចុះចតនេះមានកំពស់២,៣ម៉ែត្រ។
ជាមួយនឹងផ្កាយរណបវិទ្យាសាស្ត្រមួយដែលបាននិងកំពុងហោះនៅជុំវិញភពអង្គាររួចហើយ ប្រទេសអារ៉ាប់រួមអឹមីរ៉ាតក៏ចង់សិក្សាស្រាវជ្រាវព្រះចន្ទផងដែរ។យានត្រាច់ចរណ៍របស់ខ្លួន ឈ្មោះRashid មានទម្ងន់១០គីឡូក្រាម ហើយនឹងធ្វើការសិក្សាស្រាវជ្រាវលើផ្ទៃព្រះចន្ទប្រមាណដប់ថ្ងៃ។
រ៉ុក្កែត SpaceX Falcon 9 ជាមួយនឹងយានចុះចតឋានព្រះចន្ទចំនួនពីរ ចេញដំណើរពីកន្លែងបាញ់បង្ហោះខេប កាណាវឺរ៉ាល់ សហរដ្ឋអាម៉េរិកកាលពីថ្ងៃ១១ធ្នូ
យានចុះចតនេះក៏កំពុងនាំទៅជាមួយស្វែរប៉ុនផ្លែក្រូចមួយទៅពីទីភ្នាក់ងារអវកាសជប៉ុន ដែលនឹងប្រែទៅជារ៉ូបូតនៅលើព្រះចន្ទ។អាគុយស្ងួតមួយ កុំព្យូទ័រជាមួយនឹងបញ្ញាសិប្បនិម្មិតសំរាប់សំគាល់សណ្ឋានដី និងកាម៉េរ៉ា៣៦០ដឺក្រេក៏ត្រូវបានបញ្ជូនទៅជាមួយផងដែរ៕