ដោយ: បូកគោ/កំពត៖ គ្រួសារមួយរស់នៅភូមិបឹងធំខាងកើត ឃុំអង្គសុរភី ស្រុកកំពង់ត្រាច បានបើកចិត្តទូលាយដោយប្រពន្ធនិងកូនបានស្ម័គ្រទៅដណ្តឹងស្រីថ្មីពីខេត្តព្រៃវែង រួចនាំមកសែនព្រែនបំពេញបំណងប្តី និងឪពុកនៅផ្ទះផ្ទាល់ខ្លួន។ពិធីបំពេញកិច្ចតាម ប្រពៃណីដែលមានអ្នកភូមិចូលរួមច្រើនកុះករនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២។

លោកស្រី ចាន់ ពៅ ជំទប់ទី១ឃុំអង្គសុរភីបានប្រាប់ឱ្យដឹងថា កាលពីព្រឹកមិញ គ្រួសារមួយរស់នៅក្បែរសាលាឃុំអង្គសុភី គឺស្ត្រី ឈ្មោះសឺង ធី និងកូនៗបានរៀបចំពិធីសែនព្រេនប្តីនិងឪពុកជាមួយស្រីថ្មីនៅក្នុងផ្ទះរបស់ខ្លួន។ការបំពេញកិច្ចប្រពៃណីនេះគឺមានលោកអាចារ្យ និងអ្នកភូមិចូលរួមអធិកអធមគួរសម។

លោកស្រីជំទប់ឃុំបានបន្តថាទាំងពីរនាក់ប្តីប្រពន្ធមានកូនធំៗអស់ហើយ។កន្លងទៅប្តីប្រពន្ធនេះធ្លាប់បែកបាក់គ្នាមួយរយ:ដោយប្រពន្ធមានប្តីថ្មី ប៉ុន្តែក្រោយមកបានត្រឡប់មកជួបជុំគ្នាវិញរហូតដល់សព្វថ្ងៃ។ ស្រាប់តែថ្មីៗនេះ ប្រពន្ធបានទៅដណ្តឹងស្រីម្នាក់នៅខេត្តព្រៃវែង រួចនាំមកសែនព្រេនក្នុងផ្ទះតែម្តង។

លោកស្រី ចាន់ ពៅ បានបញ្ជាក់ថាប្រសិនបើមានការស្នើសុំនិងប្រពន្ធដើមបានផ្តិតមេដៃនោះអាជ្ញាធរនឹងចុះលិខិតអាពាហ៍ពិពាហ៍ជូនប្តីប្រពន្ធថ្មីនេះ៕សរន / N