ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្នុងព្រឹត្តិការណ៍គុនខ្មែរ ជើងឯកអាស៊ីអាគ្នេយ៍ ក្នុងកម្មវិធី បុណ្យសមុទ្រ នាយប់ថ្ងៃទី១១ ធ្នូ កម្ពុជា ប្រជែងបានមេដាយមាស ចំនួន ៤ ប្រភេទ ទម្ងន់ បន្ថែមទៀតហើយ។ សម្រាប់ ៦ ប្រភេទ ទម្ងន់ ដែលកម្ពុជាឡើងដល់វគ្គផ្ដាច់ព្រ័ត្រនោះ មានតែ ២ ប្រភេទទម្ងន់ ប៉ុណ្ណោះ ដែលកម្ពុជា បរាជ័យ ។

អ្នកប្រដាល់ វ៉ាន់ វឿន ត្រូវអ្នកប្រដាល់ វៀតណាម Bui Tran Tan Tai វ៉ៃឲ្យសន្លប់នៅក្នុងទឹកទី២ ដែលនេះជាការសន្លប់ធំ ទោះបីអាជ្ញាកណ្ដាល រាប់ដល់ ៨ ហើយបន្តដល់ ១០ ក៏គេនៅតែក្រោកមិនរួចដដែល ។ កីឡាការិនីកម្ពុជា ឆា ចាន់ដេង ប្រកួតចាញ់ពិន្ទុកីឡាការិនី វៀតណាម Pham Dien Tran។ ពួកគេទាំង ២រូបនេះ បានទទួលត្រឹមមេដាយប្រាក់ដូចគ្នា។

ចំពោះ មេដាយមាស ៤គ្រឿង ដែលកម្ពុជាដណ្ដើមបាន ក្នុងថ្ងៃបុណ្យសមុទ្រ ចុងក្រោយ កីឡាការិនីកម្ពុជា ទូច ចាន់វត្តី ប្រជែងបានមេដាយមាស បន្ទាប់ពីឈ្នះកីឡាការិនី វៀតណាម Nguyen Than Hang ក្នុងវគ្គផ្ដាច់ព្រ័ត្រ ។ ខាំ ខ្លានាង បានមេដាយមាស បន្ទាប់ពីឈ្នះ អ្នកប្រដាល់វៀតណាម Ly Dien Phuoc ដោយពិន្ទុ ។ ឃុន បូរ៉ា បានមេដាយមាស ក្រោយពីផ្ដួល អ្នកប្រដាល់មីយ៉ានម៉ា Saw Mya Moe ក្នុងទឹកទី៣ ។ មេដាយចុងក្រោយ ប្រជែងបាន ដោយអ្នកប្រដាល់កម្ពុជា ផុន ពិសិដ្ឋ ដែលឈ្នះអ្នកប្រដាល់ វៀតណាម Thanh Dang ក្នុងទឹកទី២ ៕/V