ដោយ: ភ្នំខៀវ / បាត់ដំបង:ជំងឺរមាស់បានកើតលើព្រះកាយព្រះសង្ឃជាង ៣០អង្គគង់ក្នុងវត្តខ្នាចរមាសស្រុកថ្មគោល ខេត្តបាត់ដំបង អង្គខ្លះធ្ងន់ អង្គខ្លះស្រាល ។ខណ:នេះគ្រូពេទ្យកំពុងតាមដានសុខភាព និងពិនិត្យសំណាក។

ព្រះសង្ឃព្រះនាម អ៊ីប ភារុណ ដែលគង់នៅវត្តខ្នាចរមាស បានមានសង្ឃដីកាឲ្យដឹងនៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២២ថា មកដល់ពេលនេះព្រះសង្ឃដែលគង់នៅក្នងវត្តបានកើតមាននូវជំងឺរមាស់កម្រិតធ្ងន់ និងស្រាលសរុបចំនួន ៣១អង្គ ។ក្នុងនោះដែរព្រះសង្ឃចំនួន ៣០អង្គបានបន្តសឹងព្យាបាលអាពាធនៅក្នុងវត្ត ។រីឯ ១អង្គទៀតបានបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យបង្អែកស្រុកថ្មគោល។

ព្រះសង្ឃដដែលបានបន្តថា ជំងឺរមាស់ដែលកើតមានលើព្រះសង្ឃនេះបានចាប់ផ្តើមឡើងតាំងពីមួយខែមុនគឺអំឡុងដើមខែវិច្ឆិកាមក ដែលចំណុចដំបូងព្រះសង្ឃភាគច្រើនបានចេញអាការ:នៅត្រង់ផ្ចិតនៃរាងកាយ និងអង្គខ្លះទៀតចេញអាការ:តាមចន្លោះម្រាមដៃ ម្រាមជើង ឬជង្គង់មុននឹងឆ្លងរាលដាលទៅកាន់អវយវ:ដទៃផ្សេងទៀត។

មកដល់ត្រឹមថ្ងៃទី ១១ ខែធ្នូនេះ ព្រះសង្ឃដែលកំពុងសិងព្យាបាលអាពាធនៅក្នុងវត្តមួយចំនួនបានធូរស្រាលខ្លះហើយ ហើយមួយចំនួនទៀតនៅមិនទាន់បានធូរស្រាលនៅឡើយ ។ចំណែកឯព្រះសង្ឃមួយអង្គដែលមានសភាពធ្ងន់ធ្ងរទន់ដៃជើងនិមន្តមិនរួចដែលសឹងព្យាបាលនៅឯមន្ទីរពេទ្យក៏បានធូរគ្រាន់បើបាននិងបន្តិចដែរ ប៉ុន្តែព្រះសង្ឃគ្រប់អង្គនៅតែបន្តជំរុញការព្យាបាល និងរងចាំពិនិត្យមើលលទ្ធផលផ្លូវការពីមន្ទីរពិសោធន៍ប៉ាស្ទ័រនៅថ្ងៃចន្ទ ឬថ្ងៃអង្គារនេះ៕សរន