ប្រែសម្រួលៈបំណង(abc.net.au)៖អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេវ៉េដេវ(Dmitry Medvedev)បានអះអាងថា ប្រទេសលោកកំពុងបង្កើនការផលិតសព្វាវុធជំនាន់ថ្មីដើម្បីការពារខ្លួនពីសត្រូវនៅអឺរ៉ុប អាម៉េរិកនិងអូស្ត្រាលី។
អតីតមេដឹកនាំរុស្ស៊ីដែលនៅតែមានឥទ្ធិពលក្នុងជួរដឹកនាំរបស់រដ្ឋាភិបាលទីក្រុងមូស្គូរូបនេះ បាននិយាយនៅក្នុងតេឡេក្រាមថា«យើងកំពុងបង្កើនការផលិតមធ្យោបាយបំផ្លិចបំផ្លាញខ្លាំងបំផុត រួមមានសព្វាវុធផ្អែកលើគោលការណ៍ថ្មី។សត្រូវរបស់យើងឈរជើងរឹងមាំមិនត្រឹមតែនៅខេត្តគៀវ (Kyiv province )នៃដែនដីម៉ាឡូរ៉ូសស៊ីយ៉ា(Malorossiya)ដែលជាទឹកដីដើមរបស់យើងនៅសតវត្សរ៍ទី១៧ប៉ុណ្ណោះទេ។
លោកចង់និយាយដល់ចក្រភពរុស្ស៊ីដែលអ៊ុយក្រែនជាផ្នែកមួយនៅក្រោមការគ្រប់គ្រងរបស់ស្តេចសារ។
អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេវ៉េដេវ(ឆ្វេង) ចាប់តាំងពីរុស្ស៊ីបញ្ជូនកងកម្លាំងចូលអ៊ុយក្រែនកាលពីខែកុម្ភៈ លោកតែងនិយាយអួតអំពីសព្វាវុធរុស្ស៊ីនិងគំរាមប្រើនុយក្លេអ៊ែរ
បន្ទាប់មកលោកបានធ្វើការចោទប្រកាន់មិនត្រឹមត្រូវអំពីភក្តីភាពចំពោះការប្រព្រឹត្តបែបណាស៊ីនៅក្នុងប្រទេសលោកខាងលិច រួមមានអូស្ត្រាលីនិងនូវ៉ែលសេឡង់។លោកថា«នៅអឺរ៉ុប អាម៉េរិកខាងជើងជប៉ុន អូស្ត្រាលី នូវ៉ែលសេឡង់និងកន្លែងមួយចំនួនទៀតសុទ្ធតែបានសន្យាភក្តីភាពចំពោះពួកណាស៊ី» ដោយលោកចង់និយាយសំដៅក្រុមមេដឹកនាំអ៊ុយក្រែន។
លោកមេវ៉េដេវ ដែលក៏ជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី មិនបានផ្តល់ព័ត៌មានលម្អិតអំពីសព្វាវុធខ្លាំងបំផុតនេះទេ។
ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន បាននិយាយជាច្រើនដងមកហើយថា រុស្ស៊ីបាននិងកំពុងដាក់ពង្រាយសព្វាវុធប្រទេសថ្មីរួមមាន សព្វាវុធលឿនជាងសម្លេង ដែលលោកអួតថាអាចជម្នះគ្រប់ប្រព័ន្ធការពារប្រឆាំងកាំជ្រួចដែលកំពុងមានលើលោកទាំងអស់៕