ដោយៈ សម្បត្តិ/ភ្នំពេញៈ ក្រុមក្មេងស្ទាវមួយក្រុមបានដេញវាយ និងកាប់ទៅលើបុរសពីរនាក់ នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ ខណៈនោះក៏មានបុរសម្នាក់ដែលអង្គុយហូបបាយនៅក្នុងហាងបាយក្បែរកន្លែងកើតហេតុ ឃើញបានដកកាំភ្លើងបាញ់ឡើងលើចំនួនមួយគ្រាប់ដើម្បីបំបែកហ្វូងក្រុមក្មេងស្ទាវ ប៉ុន្តែមិនខ្លាចបែរជាស្ទុះចូលរកវាយទៅវិញ ធ្វើឲ្យបុរសដែលមានកាំភ្លើងបាញ់ បន្ថែមជាច្រើនគ្រាប់តម្រង់ក្មេងស្ទាវទាំងនោះបណ្ដាលឱ្យរងរបួសចំនួន៤នាក់ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃ ទី១២ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចមុខហាងមួយកន្លែង ម្ដុំច្រមុះជ្រូកក្បាលថ្នល់ តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមសម្ដីជនរងគ្រោះ ដែលត្រូវក្រុមក្មេងស្ទាវដេញវាយនិងកាប់បានប្រាប់ថា ដំបូងឡើយពួកគាត់ ពីរនាក់មានទំនាស់ពាក្យសម្ដីជាមួយនឹងក្មេងស្ទាវមួយក្រុមជិះម៉ូតូចំនួនបីគ្រឿងមានគ្នាជាច្រើនអ្នក បានជិះដេញគ្នាតាមបណ្ដោយផ្លូវ២៧១ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុក៏បានឈប់ម៉ូតូពេលនោះក្មេងស្ទាវក៏ចុះពីម៉ូតូហើយក៏នាំគ្នាយកដុំថ្មគប់នឹងយកកាំបិតប៉័ងតោដេញកាប់ពួកគាត់តែម្តង ។
ប្រភពបានបន្តថា ភ្លាមៗនោះក៏មានបុរសម្នាក់កំពុងតែហូបបាយនៅទីនោះបានដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ដើម្បីបំបែកក្រុមក្មេងស្ទាវ តែដោយសារតែក្មេងស្ទាវទាំងនោះមិនខ្លាចបានដើរចូល ទៅរកបុរសដែលមានកាំភ្លើងបម្រុងនឹងកាប់តែត្រូវបុរសដែលមានកាំភ្លើងនោះបាញ់តម្រង់ទៅក្មេងស្ទាវទាំងនោះបណ្ដាលឱ្យរងរបួសចំនួនបួននាក់ ភ្លាមៗបុរសដែលបាញ់បានឡើងជិះរថយន្តព្រូសមិនចាំស្លាកលេខគេចខ្លួន បាត់ស្រមោល ។
ក្រោយមកសមត្ថកិច្ចកងរាជអាវុធហត្ថបានមកដល់កន្លែងកើតហេតុ ប្រមូលយកសំបកគ្រាប់និងស្រោមកាំភ្លើងព្រមទាំងយកបក្ខពួកក្មេងស្ទាវម្នាក់យកទៅសួរនាំ ចំណែកឯអ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ៕/R