ប្រែសម្រួលៈបំណង(បាងកកប៉ុស្តិ៍,ស្ត្រេតថែមស៍)៖ គណបក្សភឿថៃដែលជាបក្សប្រឆាំងថៃធំបំផុត កាលពីម្សិលមិញបានប្រកាសថានាង«ភែតងតាន “អ៊ុង-អ៊ីង” ស៊ីណាវ៉ាត- Paetongtarn”Ung-ing” Shinawatra»ដែលជាប្រធានក្រុម”គ្រួសារភឿថៃ”និងជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត នឹងជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនជាច្រើនរបស់បក្សសំរាប់តំណែងនាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតនាពេលខាងមុខ។
ក្នុងយុទ្ធនាការមួយ នាយកគំរោង”គ្រួសារភឿថៃ” លោកណាត់ថាវុធ សាយគឿបាននិយាយថា វាច្បាស់លាស់ណាស់ថា នាងភែតងតាន ជាបេក្ខជនត្រឹមត្រូវម្នាក់ ហើយគណបក្សនឹងប្រកាសបេក្ខជនពីរនាក់ទៀតសំរាប់សាធារណជនពិចារណានៅប៉ុន្មានថ្ងៃខាងមុខ។
ភែតងតាន ស៊ីណាវ៉ាត កំពុងលេចធ្លោជាបេក្ខជននាយករដ្ឋមន្ត្រីនៃបក្សប្រឆាំងធំបំផុតរបស់ថៃ
ក្នុងសុន្ទរកថាទៅកាន់អ្នកគាំទ្រភឿថៃ(Pheu Thai)នៅភាគខាងត្បូងប្រទេស លោកអំពាវនាវអោយអ្នកគាំទ្រប្រើសន្លឹកឆ្នោតរបស់គេដើម្បីរារាំងកុំអោយនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា បន្តនៅក្នុងអំណាចនិងថាមានតែជ័យជម្នះភ្លូកទឹកភ្លូកដីទេទើបអាចរារាំងមិនអោយប្រាយុទ្ធវិលមកកាន់អំណាចបាន និងថា«បើអ្នកបោះឆ្នោតអោយគណបក្សផ្សេងៗ នោះឧត្តមសេនីយ៍ប្រាយុទ្ធអាចនឹងវិលមកកាន់អំណាចដដែល។តែបើបោះឆ្នោតអោយភឿថៃ អ្នកនឹងបាននាយករដ្ឋមន្ត្រីដែលគណបក្សតែងតាំងឡើង»។
ក្នុងយុទ្ធនាការអតីតមេដឹកនាំក្រុមអាវក្រហមរូបនេះក៏បានសន្យាថានឹងបង្កើនកំរៃឈ្នួលទាបបំផុត៦០០បាត(ជិត២០ដុល្លារ)ក្នុងមួយថ្ងៃបើសិនជាភឿថៃឈ្នះឆ្នោតអាចបង្កើតរដ្ឋាភិបាល ជាអ្វីដែលជាផ្នែកនៃទស្សនវិស័យរបស់ភែតងតានសំរាប់ប្រទេសថៃ។
នៅលើវេទិកាឃោសនា ភែតងតាន ក៏បានបញ្ជាក់អះអាងអំពីទស្សនវិស័យរបស់លោកស្រីឡើងវិញមុនសន្យាថា ការឡើងថ្លៃថាមពលជាអាទិភាគរបស់រដ្ឋាភិបាលបក្សភឿថៃ។លោកស្រីក៏បាននិយាយថាថ្លៃជ័រកៅស៊ូទាប បញ្ហាក្នុងវិស័យនេសាទ និងការរីកសាយនៃបទល្មើសថ្នាំញៀនក៏ជាអាទិភាពត្រូវដោះស្រាយ មុនលោកស្រីងាកទៅសន្យាធ្វើអោយប្រសើរឡើងផ្លូវដែកភ្ជាប់ចិនមកថៃនិងសិង្ហបុរី។
ការប្រកាសបេក្ខភាពរបស់កូនថាក់ស៊ីនកើតឡើងចំពេលការស្ទង់មតិមួយបង្ហាញថាគណបក្សភឿថៃមានឳកាសខ្ពស់ជាងគេក្នុងការបង្កើតរដ្ឋាភិបាលនាពេលខាងមុខក្រោយការបោះឆ្នោតសកលនៅឆ្នាំក្រោយ។
យោងតាមការស្ទង់មតិដោយវិទ្យាស្ថានNIDAដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ គណបក្សភឿថៃទទួលបានជំនឿទុកចិត្ត៧៣ភាគរយក្នុងចំណោមអ្នកត្រូវបានសាកសួរយោបល់ចំនួន១.៣១០នាក់នៅទូទាំងប្រទេស ដោយពួកគេនិយាយថាបក្សប្រឆាំងនេះមានឳកាសខ្ពស់ក្នុងការដឹកនាំប្រទេស។
ចំណែកគណបក្ស ផាឡាំង ប្រាចារ៉ាត(Palang Pracharath)ដែលកំពុងដឹកនាំរដ្ឋាភិបាលចំរុះបច្ចុប្បន្ន ទទួលបានជំនឿចិត្តពីអ្នកត្រូវបានស្ទង់មតិត្រឹមតែ៣១ភាគរយ។
ចំណាត់ថ្នាក់ទីពីរ គឺបក្សប្រឆាំងចលនាទៅមុខ( Move Forward)ទើបលេចមុខមាត់ថ្មី ដែលពេញនិយមក្នុងចំណោមយុវជនថៃ។បក្សនេះទទួលបានការគាំទ្រ៤១ភាគរយពីអ្នកត្រូវបានសាកសួរ។
សូមបញ្ជាក់ថា គណបក្សភឿថៃបានចាប់ផ្តើមយុទ្ធនាការរកសម្លេងឆ្នោតនៅខែនេះដោយស្វះស្វែងបញ្ចប់ការគ្រប់គ្រងស៊ីវិលគាំទ្រដោយក្រុមយោធា។វាសន្យាដំឡើងប្រាក់កំរៃឈ្នួលអប្បរមាដល់ទៅ៧០ភាគរយនៅយ៉ាងយូរត្រឹមចុងអាណត្តិបួនឆ្នាំរបស់ខ្លួន និងជំរុញកំណើនសេដ្ឋកិច្ចអោយដល់៥ភាគរយក្នុងមួយឆ្នាំបើសិនជាខ្លួនឈ្នះការបោះឆ្នោតអាចបង្កើតរដ្ឋាភិបាលបាននៅក្នុងការបោះឆ្នោតសកលមួយដែលទំនងជានឹងធ្វើឡើងនៅខែមីនាឆ្នាំ២០២៣។
ភឿថៃបាននិយាយថា ខ្លួនមានបំណងដណ្តើមជ័យជម្នះភ្លូកទឹកភ្លូកដីជាមួយនឹងអាសនៈសភាជាងពាក់កណ្តាលក្នុងសភាដែលមាន៥០០អាសនៈ៕