ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ កំពូលអ្នកប្រដាល់ហ្វីលីពីន មែននី ប៉ាកគីអៅបានត្រឡប់មកសង្វៀនវិញកាលពីថ្ងៃអាទិត្យទី១១ធ្នូជាលើកដំបូងចាប់តាំងពីចូលនិវត្តន៍ពីវិស័យកីឡាប្រដាល់កាលពីឆ្នាំមុន ដោយប្រឈមមុខជាមួយតារា YouTuber កូរ៉េខាងត្បូងនៅក្នុងការប្រកួតមិត្តភាពមួយនៅជិតទីក្រុងសេអ៊ូល។
អ្នកប្រដាល់វ័យ ៤៣ ឆ្នាំប្រែក្លាយអ្នកនយោបាយរូបនេះបានដើរចេញពីកីឡាប្រដាល់ដើម្បីចាប់ផ្តើមការប្រជែងតំណែងប្រធានាធិបតីហ្វីលីពីន តែបរាជ័យ។ លោកក៏ធ្លាប់ធ្វើជាព្រឹទ្ធសមាជិកចន្លោះឆ្នាំ២០១៦ដល់ខែឧសភាឆ្នាំនេះផងដែរ។
កាលពីថ្ងៃអាទិត្យ ប៉ាកគីអៅបានប្រកួតជាមួយ ឌីឃេ យូ (D.K. Yoo) ក្នុងកម្មវិធីប្រកួតមិត្តភាពមួយនៅជាយរដ្ឋធានីកូរ៉េខាងត្បូង ដើម្បីរៃអង្គាសប្រាក់សម្រាប់អ៊ុយក្រែននិងប្រជាជនហ្វីលីពីនដែលគ្មានផ្ទះសម្បែង។
ស្លៀកពាក់ឈុតរ៉ូបពណ៌ក្រហមភ្លឺចែងចាំងជាមួយនឹងជាយក្រណាត់ពណ៌មាស ប៉ាកគីអៅបានឡើងទៅលើសង្វៀន KINTEX ក្នុងទីក្រុងហ្គោយ៉ាង (Goyang) ក្រោមការស្រែកហ៊ោដ៏រំភើបពីមហាជន។
សម្រាប់គូប្រកួតរបស់គាត់ យូ ដែលជាអ្នកលេងក្បាច់គុននិងជាតារាអ៊ីនធឺណិត វាគ្រាន់តែជាលើកទីពីរប៉ុណ្ណោះនៅក្នុងសង្វៀនប្រដាល់ខណៈការប្រកួតពីមុនរបស់គេគឺការប្រកួតមិត្តភាពជាមួយអតីតអ្នកប្រដាល់ UFC ប្រ៊ែតលី ស្កុត (Bradley Scott)។
យូ ដែលមានរហស្សនាមថា “ប្រ៊ូស លី កូរ៉េ” នៅក្នុងប្រទេសកំណើតរបស់គេ មិនមែនជាដៃគូរបស់ប៉ាគីអៅទេ ត្បិតមានកម្ពស់ខ្ពស់និងធ្ងន់ជាងក៏ដោយ។
កីឡាករកូរ៉េខាងត្បូងរូបនេះមានភាពនឿយហត់និងអស់ខ្យល់រលីងនៅទឹកទី២ ខណៈប៉ាកគីអៅបញ្ជូនកណ្តាប់ដៃរហ័សចូលមុខយ៉ាងសន្ធាប់។
ប៉ាកគីអៅ ដែលនឹងមានអាយុ ៤៤ ឆ្នាំនៅសប្តាហ៍ក្រោយ គឺជាអ្នកឈ្នះដោយការសម្រេចចិត្តជាឯកច្ឆ័ន្ទ ហើយបានបង្ហើបតម្រុយថា ការបង្ហាញខ្លួននៅលើសង្វៀនកាន់តែច្រើនឡើងអាចនឹងមាននាពេលខាងមុខ។
ក្នុងបទសម្ភាសតាមទូរទស្សន៍ គាត់បាននិយាយថាគាត់នឹងបន្តហ្វឹកហាត់ដើម្បីរឹងមាំដូចដើមវិញ។ នៅពេលសួរអំពីលទ្ធភាពនៃការប្រកួតក្នុងឆ្នាំ ២០២៣ គាត់បានឆ្លើយថា “អ្នកចាំមើលទៅដឹងហើយ”៕
ប៉ាកគីអៅឈ្នះយូដោយការសម្រេចចិត្តជាឯកច្ឆ័ន្ទ