ដោយៈចាន់តូ/ភ្នំពេញ៖ ក្រុមជនង្ស័យថាជាមុខសញ្ញាចោរគាស់ផ្ទះ បានធ្វើសកម្មភាពគាស់ផ្ទះមួយកន្លែងយកបានទូរស័ព្ទមួយគ្រឿងនិងលុយសរុបជាងបួនពាន់ដុល្លារ បន្ទាប់មកបាននាំគ្នាគេចខ្លួនបាត់។ ប៉ុន្តែបន្ទាប់មកក៏ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំ បញ្ជារពីលោក ម៉ន វុ ធី អធិការខណ្ឌ ធ្វើការស្រាវជ្រាវតាមរយៈប្រព័ន្ធGPSដៃលភ្ជាប់តាមទូរស័ព្ទរហូតឈានដល់ការឃាត់ខ្លួនបានបួននាក់ជាបន្តបន្ទាប់ ហើយនៅសល់បក្ខពួកបីនាក់ទៀតកំពុងរត់គេចខ្លួននៅឡើយ ។ ការឃាត់ខ្លួនបានធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចផ្ទះជួល ស្ថិតនៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះ១.ឈ្មោះម៉ា ប៊ុនថា អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។២.ឈ្មោះ ឆាំ រ៉េន អាយុ១៥ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ៣.ឈ្មោះ ផន ដានី អាយុ២៩ឆ្នាំមុខរបរលក់ដូរនៅផ្ទះ ស្នាក់នៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យនិង៤.ឈ្មោះ រៀម វីឡា អាយុ២១ឆ្នាំ មុខរបរសុីឈ្នួលដកបន្លែ ស្នាក់នៅក្នុងភូមិសាស្រ្តសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ រីឯបក្ខពួកបីនាក់ទៀតកំពុងគេចខ្លួន។ចំណែកស្រ្តីជាម្ចាស់ផ្ទះឈ្មោះយ៉ុង អាយុ១៨ឆ្នាំ បាត់បង់ទូរស័ព្ទដៃមួយគ្រឿងតម្លៃជាងមួយពាន់ដុល្លារនិងលុយ៣ ៣០០ដុល្លារ។

ប្រភពដដែលបានឲ្យដឹងបន្តទៀតថា កាលពីវេលាម៉ោង១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ក្រុមជនសង្ស័យបានធ្វើសកម្មភាពគាស់ផ្ទះមួយកន្លែងស្ថិតនៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅទី២ខណ្ឌពោធិ៍សែនជ័យ។ដោយលួចយកបានទ្រព្យសម្បត្តិខាងលើ បន្ទាប់មកគេចខ្លួនបាត់ដោយសុវត្ថិភាព បន្ទាប់មកជនរងគ្រោះបានទៅដាក់ពាក្យប្ដឹង ហើយនគរបាលបានធ្វើការតាមរយៈប្រព័ន្ធGPSដៃលភ្ជាប់តាមទូរស័ព្ទ។
ក្រោយមកបានកំណត់បានមុខសញ្ញាក្រុមចោរ ហើយនគរបាលខណ្ឌពោធិ៍សែនជ័យរួមជាមួយនគរបាលប៉ុស្តិ៍មួយចំនួនទៀតបានចុះទៅធ្វើការឡោមព័ទ្ធផ្ទះជួលមួយកន្លែងស្ថិតនៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ដែលក្រុមជនសង្ស័យកំពុងលាក់ខ្លួនសេពគ្រឿងញៀន ខណៈនោះជនសង្ស័យបានរត់ចែកផ្លូវគ្នាចូលក្នុងព្រៃនិងខ្លះទៀតរត់ចូលក្នុងទឹកកំប្លោក ប៉ុន្តែត្រូវបាននគរបាលឃាត់ខ្លួនបាន៤នាក់ជាបន្តបន្ទាប់រួចនាំទៅសាកសួរនិងចាត់ការតាមច្បាប់ដោយឡែកបក្សពួក៣នាក់ទៀតកំពុងរត់គេចខ្លួននៅឡើយ៕សរន / N