ដោយៈ ជា សីហៈ/ភ្នំពេញៈ សម្រាប់ការរស់នៅរបស់មនុស្សយើង ការប្រសូតបុត្រាបុត្រីម្នាក់ៗជាដំណឹងដ៏ល្អតែងត្រូវបានបងប្អូន និងញាតិមិត្តអបអរ ដោយឡែកចំណែកសត្វព្រៃវិញក៏ដូច្នោះដែរ ជាពិសេសសម្រាប់សត្វផ្សោតទន្លេមេគង្គដែលជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ពោលគឺកូនសត្វផ្សោតកើតថ្មីនីមួយៗមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការរស់រានរបស់សត្វដ៏សំខាន់មួយ ប្រភេទនេះ។

ជាក់ស្តែងតាំងពីដើមឆ្នាំរហូតដល់ពេលជិតដាច់ឆ្នាំ២០២២ ប្រទេសកម្ពុជាបានអបអរស្វាគមន៍វត្តមានកូនផ្សោតកើតថ្មី សរុបចំនួន៦ក្បាល ដែលកំពុងរស់នៅជាមួយហ្វូងសត្វផ្សោតឯទៀតនៅក្នុងតំបន់ទីជម្រកទន្លេមេគង្គរបស់ពួកវា។ សត្វផ្សោតទន្លេមេគង្គជាប្រភេទសត្វនិមិត្តរូបដ៏សំខាន់ និងជាបេតិកភណ្ឌធម្មជាតិមានជីវិតរបស់ជាតិកម្ពុជា ដែលអ្នកជំនាញអភិរក្សជាតិ អន្តរជាតិ និងសាធារណៈទូទៅមានមោទនភាពចំពោះវត្តមានរបស់សត្វដ៏សំខាន់ជាសកលនេះ ហើយជឿជាក់ថាការរស់រានរបស់ពួកវាផ្តល់នូវក្តីសង្ឃឹមសម្រាប់អនាគតនៃពូជសត្វផ្សោតទឹកសាបផ្សេងទៀតដែលនៅលើសកលលោកត្រូវបានអ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណថាមានចំនួនសរុបត្រឹមតែចំនួន ២៥០ក្បាល ប៉ុណ្ណោះ។ ទន្ទឹមនឹងការអបអរ និងក្តីសង្ឃឹមជាសកលនេះ​ អ្នកជំនាញអភិរក្សជាតិ អន្តរជាតិ ក៏បានបង្ហាញនូវជំហរសំខាន់មួយផងដែរ ដែលតម្រូវឲ្យបង្កើនកិច្ចសហការរួមគ្នាបន្ថែមទៀតដើម្បីចាត់វិធានការចាំបាច់បន្ទាន់សម្រាប់ធានាការរស់រានរបស់ប្រភេទថនិកសត្វទឹកសាបដ៏កម្រនេះ​​ ដោយហេតុថាលទ្ធផលនៃការតាមដានសត្វផ្សោតទន្លេមេគង្គក្នុងប្រទេសកម្ពុជាបានបង្ហាញថាមានសត្វផ្សោតសរុបចំនួន ២៦ក្បាល បានស្លាប់នៅក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។

លោក អៀម សំអ៊ន់ ប្រធានផ្នែកស្រាវជ្រាវ និងតាមដានជីវៈចម្រុះនៃតំបន់ទេសភាពលិចទឹកមេគង្គនៃអង្គការWWF បានបញ្ជាក់ថា “ក្នុងចំណោមចំនួនសត្វផ្សោតស្លាប់សរុបទាំងអស់ កំណត់ត្រាមរណៈនៃកូនផ្សោតមានចំនួនជាង៥០ភាគរយ ដែលនេះជាការសោកស្តាយ និងក្តីបារម្ភបំផុតរបស់យើង” ។

លោកបានបន្តថា បើទោះបីជាចំនួនសត្វផ្សោតទន្លេមេគង្គត្រូវបានប៉ាន់ប្រមាណថាមានចំនួនថេរនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ យើងកំពុងតែប្រឈមមុខនឹងបញ្ហាថ្មីៗទៀត តួយ៉ាងដូចជាអត្រាមរណៈរបស់សត្វផ្សោតមានកម្រិតខ្ពស់ហើយអត្រានៃចំនួនកូនផ្សោតដែលអាចវិវត្តក្លាយទៅជាសត្វផ្សោតវ័យជំទង់មានកម្រិតទាប។

តើមានមូលហេតុអ្វីខ្លះដែលបណ្តាលឲ្យសត្វផ្សោតស្លាប់? លទ្ធផលនៃការធ្វើកោសល្យវិច័យកន្លងមកបានចង្អុលបង្ហាញទៅកត្តាចម្បងមួយគឺ៖ ទង្វើរបស់មនុស្ស។ ជាក់ស្តែង តាមរយៈរបាយការណ៍នៃកោសល្យវិច័យអ្នកវិទ្យាសាស្ត្របានបង្ហាញអំពីស្លាកស្នាមនៃការជាប់មង ឬស្នាមរបួសដោយការឆក់លើសាកសពសត្វផ្សោត ដែលសុទ្ធសឹងជាភ័ស្តុតាងបញ្ជាក់អំពីការស្លាប់ដោយសារការជាប់នឹងមងនេសាទ ឬដោយសារការប្រើឧបករណ៍ឆក់របស់អ្នកនេសាទ។ ចំណែកមូលហេតុមួយចំនួនផ្សេងទៀតដូចជាការបំពុលជាដើម ទាមទារឲ្យអ្នកវិទ្យាសាស្ត្របន្តស្រាវជ្រាវច្រើនបន្ថែមទៀតតាមរយៈការធ្វើតេស្ត៍លើសំណាករបស់សត្វផ្សោតដែលបានស្លាប់ មុននឹងអាចឈានទៅកំណត់បានជាការសន្និដ្ឋានណាមួយ។ ប៉ុន្តែអ្វីដែលជាក្តី​ព្រួយ​បារម្ភបំផុតនោះគឺ កូនសត្វផ្សោតមួយចំនួនបានស្លាប់ដោយអ្នកវិទ្យាសាស្រ្តនៅមិន​ទាន់អាចបញ្ជាក់ពីមូលហេតុណាមួយនៅឡើយ។

អង្គការនេះបានអះអាងថា ” អ្នកវិទ្យាសាស្ត្របាននិងកំពុងបន្តស្រាវជ្រាវអំពីលទ្ធភាពនៃការឆ្លងនៃពពួកបាក់តេរី ខណៈការស្រាវជ្រាវផ្សេងទៀតផ្តោតលើអាយុកាលរបស់សត្វផ្សោត ប្រព័ន្ធហ៊្សេណេទិក និងការសិក្សាពីជាតិពុល ដែលអាចជាកត្តារួមចំណែកបង្កហេតុប៉ះពាល់ដល់ជីវិតសត្វផ្សោត។ ទន្ទឹមនឹងនេះដែរ យើងក៏បានបញ្ជូនសំណាកនៃកូនសត្វផ្សោតដែលបានស្លាប់ហើយទៅកាន់មន្ទីរពិសោធន៍ដើម្បីធ្វើការវិភាគ ផងដែរ”។

ប្រភេទសត្វផ្សោតអ៊ីរ៉ាវ៉ាឌី កំពុងរស់នៅក្នុងទន្លេចំនួនបីក្នុងទ្វីបអាស៊ីគឺ ទន្លេមេគង្គ ទន្លេអៃយ៉ាវ៉ាឌី (Ayeyarwady) នៅប្រទេសភូមា និងទន្លេម៉ាហាកាម (Mahakam) នៅប្រទេសឥណ្ឌូនេស៊ី។ ក្រោយពីសត្វផ្សោតក្នុងទន្លេមេគង្គនៃប្រទេសឡាវបានបាត់បង់ទៅកាលពីពេលថ្មីៗនេះ សត្វផ្សោតទន្លេមេគង្គ មានចំនួនប្រមាណ ៨៩ក្បាល ប៉ុណ្ណោះ បើផ្អែកតាមលទ្ធផលនៃការសិក្សាដើម្បីប៉ាន់ប្រមាណចំនួនសត្វផ្សោតក្នុងឆ្នាំ២០២០ ហើយកំពុងរស់នៅក្នុងតំបន់ទីជម្រកប្រវែងចម្ងាយ ១៨០គីឡូម៉ែត្រ ក្នុងទន្លេមេគង្គនៃប្រទេសកម្ពុជា។ សត្វផ្សោតទន្លេមេគង្គទាំងនេះជាចំនួនសត្វផ្សោតទឹកសាបដែលនៅសេសសល់តិចតួចចុងក្រោយលើពិភពលោក។ ហេតុដូចនេះហើយ ទើបគ្រប់ភាគីពាក់ព័ន្ធទាំងអស់រាប់ចាប់ពីសហគមន៍មូលដ្ឋាន ប្រជានេសាទដែលរស់នៅតាមដងទន្លេមេគង្គ អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ សមាជិកក្រុមការងារអនុវត្តច្បាប់ និងអ្នកអភិរក្សទាំងអស់ ត្រូវតែរួមគ្នាការពារបេតិកភណ្ឌជាតិមានជីវិតដែលមានតម្លៃជាសកលនេះឲ្យនៅស្ថិតស្ថេរគង់វង្ស។

លោក គឹម សាន ជាសមាជិកក្រុមអ្នកស្រាវជ្រាវជីវចម្រុះនៃអង្គការWWF ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារតាមដានស្ថានភាពសត្វផ្សោត ដោយចុះធ្វើការជាប្រចាំជាមួយក្រុមការងារលើផ្ទៃទឹកទន្លេមេគង្គប្រវែងចម្ងាយ១៨០គីឡូម៉ែត្រក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ដែលជាតំបន់ទីជម្រករបស់សត្វផ្សោត។

លោក គឹម សាន បាននិយាយថា ការចុះធ្វើការតាមដងទន្លេត្រូវចំណាយពេលប្រមាណពី៩ ទៅ១០ថ្ងៃ ហើយប្រព្រឹត្តទៅនៅរដូវប្រាំង។ លោកបាននិយាយបន្ថែមថា ក្នុងអំឡុងពេលនៃការងារហ្នឹងគឺអាកាសធាតុក្តៅខ្លាំង ហើយការធ្វើដំណើរដោយទូកត្រូវប្រឈមនឹងតំបន់ដែលមានទឹករាក់ ដែលយើងត្រូវប្រុងប្រយ័ត្នខ្ពស់ដើម្បីបញ្ជៀសកុំឲ្យប៉ះថ្ម ព្រោះវាអាចបង្កគ្រោះថ្នាក់»។

ដើម្បីតាមដានសត្វផ្សោត ក្រុមការងារស្រាវជ្រាវត្រូវថតរូបព្រុយខ្នងរបស់សត្វផ្សោតរាប់ពាន់សន្លឹកសម្រាប់ការវិភាគលើអត្តសញ្ញា​ណនៃសត្វផ្សោតនីមួយៗ។ សម្រាប់ការតាមដានសត្វផ្សោតឆ្នាំនេះ សមាជិកក្រុមការងារពិតជាមានសំណាងដោយបានផ្តិតយករូបភាពរបស់កូនសត្វផ្សោតដែលទើបកើតថ្មីៗ ដែលជាធម្មតាគេកម្របានឃើញពួកវាណាស់។ រៀបរាប់ទាំងញញឹម លោក គឹម សាន បានពន្យល់ថា “កូនសត្វផ្សោតមានលក្ខណៈពិសេសរបស់វាដោយនៅពេលដែលវាផុសចេញពីទឹកម្តងៗ វាងើបមកតែត្រឹម ក ដូចនេះហើយទើបយើងអាចឃើញត្រឹមតែក្បាលរបស់វាប៉ុណ្ណោះ។ លុះដល់កូនសត្វផ្សោតមានអាយុចាប់ពីមួយ ឬពីរសប្តាហ៍ឡើងទៅ ពួកវាចាប់ផ្តើមចេះលោតចេញផុតពីក្នុងទឹកដូចសត្វផ្សោតពេញវ័យដែរ”។

សម្រាប់លោក គឹមសាន ការបានឃើញនូវសកម្មភាពរស់នៅរបស់សត្វផ្សោតទាំងនេះ បានផ្តល់កំលាំងចិត្តសម្រាប់ការបំពេញការងារ។ លោកបានបញ្ជាក់ថា រាល់សមាជិកទាំងអស់ក្នុងក្រុមការងារពិតជាសប្បាយចិត្តរកពាក្យអ្វីមកថ្លែងពុំបាននៅពេលបានឃើញវត្តមានរបស់សត្វផ្សោត​ ហើយការនឿយហត់រលាយបាត់អស់ ជាពិសេសពេលបានកត់ត្រាវត្តមានកូនសត្វផ្សោត។

ក្នុងការតាមដានស្ថានភាពរបស់សត្វផ្សោត ក្រុមការងារក៏មានតួនាទីអង្កេតមើលអំពីការប្រែប្រួលនៃឥរិយាបថ និងកត្តាគំរាមកំហែងនានាចំពោះការរស់នៅរបស់សត្វផ្សោតក្នុងទន្លេមេគង្គ។ ទំនប់វារីអគ្គិសនី គឺជាកត្តាគំរាមកំហែងមួយក្នុងចំណោមកត្តាសំខាន់ៗផ្សេងទៀត ដែលបង្កហេតុប៉ះពាល់អវិជ្ជមានដល់ការរស់រានរបស់ហ្វូងសត្វផ្សោត ដោយហេតុថាទំនប់វារីអគ្គិសនីនៅប៉ែកខាងលើនៃដងទន្លេមេគង្គបានបង្កសំពាធកាន់តែខ្លាំងឡើង ហើយបានបង្អាក់ដំណើរការនៃលំហូរធម្មជាតិនៅតាមទន្លេតូចៗ នាំឱ្យកម្រិតទឹកទាប បម្លែងទីជម្រកធម្មជាតិ។ ទន្ទឹមនឹងនេះ កត្តាទាំងនេះក៏ធ្វើឲ្យប៉ះពាល់ដល់ធនធានជលផលផងដែរដោយសារកង្វះតំណរភ្ជាប់នៃប្រព័ន្ធចរាចរណ៍ត្រី សារធាតុចិញ្ចឹម និងកង្វះនៃលំហូរដីល្បាប់ឡើងចុះ។

លោក រស់ សាម៉េត អាយុ ៦៧ ឆ្នាំ ជាប្រជាជនរស់នៅភូមិកាំពី បានមើលឃើញនូវការប្រែប្រួលទាំងនេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយលោកបាន​រៀបរាប់​ថា​ ​លំហូរទឹកទន្លេបានប្រែប្រួល ដោយកម្រិតទឹក​ទន្លេស្រក ឬឡើងខុសប្រក្រតី។ លោកសាម៉េតបានពន្យល់ថា ជាក់ស្តែងក្នុងខែវិច្ឆិកា និងខែធ្នូ កម្រិតទឹកទន្លេស្រកចុះ ឬកើនឡើងវិញ ដោយអាស្រ័យនឹងការបិទ ឬបើកដំណើរការទំនប់វារីអគ្គីសនី។

លោកបានបន្តថា ទិន្នផលត្រីបានថយចុះពីមួយឆ្នាំទៅមួយឆ្នាំ។ កាលពីមុនទន្លេនេះសម្បូរត្រីគ្រប់ប្រភេទ និងមានសត្វផ្សោតរស់នៅច្រើនណាស់។

ការប្រែប្រួលតាមបណ្តោយដងទន្លេក៏កំពុងជះឥទ្ធិពលប៉ះពាល់ដល់ឥរិយាបថរស់នៅរបស់សត្វផ្សោតផងដែរ។ ជាក់ស្តែងថ្មីៗនេះ ហ្វូងសត្វផ្សោតមួយចំនួនត្រូវអ្នកវិទ្យាសាស្ត្រអង្កេតច្រើនប្រមូលផ្តុំគ្នារស់នៅតំបន់អន្លង់កាំពី ដែលជាអន្លង់ទីជម្រកមួយដ៏សំខាន់ក្នុងចំណោមអន្លង់សរុបទាំងអស់ចំនួនប្រាំបួនមានទីតាំងស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ ចម្ងាយ ១៨០ គីឡូម៉ែត្រនៅតាមដងទន្លេមេគង្គ។ លោក គឹមសាន បានបង្ហាញចំណាប់អារម្មណ៍ដោយមន្ទិលថា សត្វផ្សោតជាធម្មតាតែង​ហែលពី​អន្លង់មួយទៅអន្លង់មួយផ្សេងទៀត​ដើម្បីចាប់ត្រីជាចំណី»។ លោក​បានអត្ថាធិប្បាយ​ថា៖ «ក្រៅពីការប្រែប្រួលនៃ​លំហូរ​ទឹក កត្តា​រំខានមួយចំនួនទៀត​ដូច​ជាចរាចរណ៍​ទូក និងសកម្មភាពនៃ​ការ​នេសាទ​ខុសច្បាប់សុទ្ធសឹងបានជះឥទ្ធិពលនាំ​ឲ្យ​មាន​ការ​ប្រែប្រួលទាំង​នេះ»។

វិធីសាស្រ្តនេសាទដែលប្រើឧបករណ៍ឆក់ត្រូវបានច្បាប់ជលផលកម្ពុជាហាមឃាត់ ដោយហេតុថាវិធីសាស្ត្រនេសាទប្រភេទនេះបង្កគ្រោះថ្នាក់ និងបំផ្លិចបំផ្លាញមិនថាត្រីតូចឬធំ។ រីឯការប្រើមងនេសាទ​ ដែលជាមូលហេតុចម្បងនៃការស្លាប់របស់សត្វផ្សោត ក៏ត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់នៅក្នុងតំបន់អភិរក្ស និងគ្រប់គ្រងទីជម្រកសត្វផ្សោត ដែលមានចម្ងាយប្រវែង១៨០គីឡូម៉ែត្រតាមបណ្តោយដងទន្លេមេគង្គ។ វិធានការទប់ស្កាត់ និងការរឹបអូសមងនេសាទពីអ្នកនេសាទដែលប្រព្រឹត្តល្មើសនឹងបម្រាម គឺជាកិច្ចការអាទិភាពខ្ពស់បំផុតមួយត្រូវបានអនុវត្តដោយមន្ត្រីឆ្មាំទន្លេទាំងអស់ដែលប្រចាំការនៅប៉ុស្ដិ៍ល្បាតទាំង១៦តាមដងទន្លេមេគង្គ។

ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ២០២២ មងនេសាទសរុបប្រវែង ១៧​ម៉ឺន៣ពាន់ម៉ែត្រត្រូវបានរឹបអូសពីការនេសាទខុសច្បាប់។ តួលេខនេះជាចំនួនមួយកើនឡើងបើធៀបទៅនឹងចំនួនមងនេសាទជាមធ្យមដែលរឹបអូសបានកាលពីឆ្នាំមុនៗ ហើយកត្តាដែលនាំឲ្យមានការកើនឡើងនេះទំនងបណ្តាលមកពីផលវិបាកកើតចេញពីវិបត្តិកូវីដ១៩។

លោក សាម៉េត ក៏ជាប្រជាជន និងមគ្គុទេសទេសចរម្នាក់ ដែលបានទទួលរងនូវសំពាធនៃវិបត្តិកូវីដ១៩ដែរ ដោយហេតុថាក្នុងអំឡុងពេលនៃវិបត្តិនេះ លោកមិនអាចជូនភ្ញៀវទស្សនាសត្វផ្សោតបានដូចប្រក្រតីឡើយ។ លោកស្រលាញ់ហើយបានប្រកបរបរនេះអស់​រយៈពេល ១៥ ឆ្នាំ​​ហើយ។ លោកបាននិយាយថា “មុនវិបត្តិកូវីដ១៩ ខ្ញុំអាចចំណូលបានច្រើនគួរសម។ តែក្នុងអំឡុងពេលមានវិបត្តិ ប្រាក់ចំណូលខ្ញុំបានធ្លាក់ចុះ ដោយហេតុថាក្នុង​មួយ​សប្តាហ៍ខ្ញុំ​ទទួល​បាន​​ទេសចរ​តែ​ពីរ​បី​នាក់​ប៉ុណ្ណោះ​”។

ទោះមាន ឬគ្មានទេសចរក៏ដោយ លោក សាម៉េត តែងបន្តឃ្លាំមើលសត្វផ្សោតរៀងរាល់ពេលដែលលោកចេញទូកតាមដងទន្លេម្តងៗ ហើយរដូវកាលដែលផ្សោតបន្តពូជជាពេលវេលាដែលលោកចងចាំបំផុត ពិសេសគឺសកម្មភាពរបស់សត្វផ្សោតឈ្មោលដែលបង្អួតខ្លួនប្រដេញតាមសត្វផ្សោតញី ក៏ដូចជានៅពេលដែលសត្វផ្សោតមេហែលកៀងកូនៗខ្លួនឲ្យងើបឡើងលើផ្ទៃទឹកទន្លេ។ លោកថា៖ «សកម្មភាពទាំងនេះពិតជាបានបង្ហាញពីភាពកក់ក្តៅសម្រាប់ហ្វូងសត្វផ្សោតទាំងនោះណាស់។ ពួកវាប្រឡែងគ្នាដោយបង្ហាញ​ពីក្តី​ស្រឡាញ់ទៅវិញទៅមក»។

សម្រាប់ លោក សាម៉េត ដាច់ខាតត្រូវការពារសត្វផ្សោតទាំងនេះឲ្យគង់វង្ស។ លោកបាន​និយាយ​ថា​ “​​ជីវភាពរស់នៅ​របស់​ខ្ញុំ និងគ្រួសារខ្ញុំ​ត្រូវពឹងអាស្រ័យ​នឹងវត្តមានរបស់សត្វផ្សោត ខ្ញុំ​ដឹងគុណ​ចំពោះ​សត្វ​ផ្សោត ហើយ​ស្រឡាញ់​សត្វនេះណាស់​” ​។ តែលោក សាម៉េតក៏ពិបាកចិត្តខ្លាំងផងដែរខណៈបានឃើញសត្វផ្សោតបានស្លាប់ដោយសារជាប់នឹងមងនេសាទ និងការនេសាទដោយឧបករណ៍ឆក់។

លោកបានបញ្ជាក់ថា “នៅពេលខ្ញុំជួបបទល្មើស ខ្ញុំរាយការណ៍ភ្លាមៗទៅស្ថាប័នអភិរក្សសត្វផ្សោត ហើយខ្ញុំបន្តសហការ​ជាមួយអាជ្ញាធរពាក់ព័ន្ធ” ។
ការចូលរួមតាមដានឃ្លាំមើលស្ថានភាពសត្វផ្សោតក្នុងទន្លេរបស់លោកសាម៉េត ពិតជាមានសារៈសំខាន់ក្នុងការជួយការពារប្រភេទសត្វដ៏សំខាន់ជាសកលនេះ។ ក្រៅពីលោកសាម៉េត នៅមានសមាជិកបណ្តាញសហគមន៍ជាច្រើនរូបផ្សេងទៀត ដែលកំពុងចូលរួមក្នុងសកម្មភាពនេះជាពិសេសការរាយការណ៍អំពីបទល្មើសនេសាទ ករណីសត្វរងរបួស ស្លាប់ និងពេលកូនផ្សោតកើតថ្មីជាដើម។

លោក សាម៉េត បាននិយាយ​ថា​ ​ការចូលរួមរបស់​សហគមន៍​ក្នុង​ការ​អភិរក្ស​សត្វ​ផ្សោត​មានភាពចាំបាច់ណាស់ ព្រោះសត្វផ្សោតមានសារៈសំខាន់ណាស់ សម្រាប់ខ្ញុំ និងសហគមន៍ទាំងអស់ ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូល។ សត្វផ្សោត​រួមចំណែកជួយប្រជាជន​រក​ប្រាក់ចំណូល​ពី​ទេសចរណ៍ ខណៈ​ប្រទេសកម្ពុជាក៏​ទទួល​បាន​អត្ថប្រយោជន៍​ពីភ្ញៀវទេសចរបរទេស​ដែល​មក​ទស្សនា​គោលដៅទេសចរណ៍ក្នុងប្រទេសផងដែរ៕/PC