ដោយៈមុនីរ័ត្ន/ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានបញ្ជាក់ថា កម្ពុជាបានផ្តល់តម្លៃខ្ពស់លើការអភិវឌ្ឍវិស័យ សាសនា ដែលក្នុងនោះមានការគោរពសេរីភាពខាងជំនឿ និងសាសនា។ ការលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនា របស់រដ្ឋ និងគាំទ្រការគោរពប្រតិបត្តិសាសនាដទៃទៀត គឺ​ដើម្បីសាមគ្គីភាព និងសុខដុមរមនានៃសង្គមជាតិ។

ថ្លែងនៅក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣០ ប្រចាំឆ្នាំ២០២២ នាព្រឹកថ្ងៃទី១២ ខែធ្នូ សម្ដេច​បន្តថា រាជរដ្ឋា​ភិបាល បន្តលើកទឹកចិត្តធ្វើឱ្យវត្តអារាម និងវិហារ​សាសនា​ផ្សេងៗទៀត ជាមជ្ឈមណ្ឌលអប់រំ ប្រជាពល​រដ្ឋ​ទូទៅ ឱ្យមានស្មារតី និងទឹកចិត្តប្រកបដោយធម៌ មិនប្រកាន់​អំពើហិង្សា មិនរើសអើងពណ៌សម្បុរ មានស្មារតីសាមគ្គី រាប់អានគ្នាយ៉ាងទូលំទូលាយក្នុងសង្គម មានសកម្មភាពយ៉ាង​សកម្មចូលរួមអភិរក្ស និងអភិវឌ្ឍន៍សង្គមជាតិ លើគ្រប់វិស័យ។

សម្ដេចក្រឡាហោម ស ខេង ក្នុងព្រះបរមនាម នៃព្រះករុណា​ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានមានប្រសាសន៍ថាអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស ជាវេទិកាជួបជុំដ៏មានសារសំខាន់មួយ ដើម្បីផ្ដល់នូវ​កាលានុវត្តភាពក្នុងការពិគ្រោះ ពិភាក្សា និងស្វែងរកដំណោះ​ស្រាយលើបញ្ហាបច្ចុប្បន្ន ដែលជាកត្តាចាំបាច់សម្រាប់​អនុវត្តនា​ឆ្នាំបន្តបន្ទាប់ ជាពិសេសបានផ្តល់ជាឱកាសសម្រាប់ជជែក​ពិភាក្សាស្វែងរកនូវចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីចៀស​វាងនូវចំណុចអសកម្មមួយចំនួន និងបង្កើននូវ វឌ្ឍនភាពក្នុង​មជ្ឈមណ្ឌលព្រះពុទ្ធសាសនា។

សម្ដេចក្រឡាហោម ក៏បានកោតសរសើរ ក្រសួងធម្មការ និងសាសនា និងគណៈសង្ឃទាំងពីរគណៈ ព្រមទាំងភាគី​ពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងសកម្មក្នុង​ការទ្រទ្រង់វិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន ស្របទៅនឹងការវិវឌ្ឍន៍ របស់សង្គមជាតិនាពេលបច្ចុប្បន្ន និងបានបន្ថែមថា៖«ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ មានក្តីរីករាយ ដោយបានឃើញនូវកម្លាំងមហាសាមគ្គីធម៌របស់ព្រះសង្ឃទាំងពីរគណៈ និងពុទ្ធសាសនិក ក្រោមព្រះរាជកិច្ចដឹកនាំរបស់​សម្តេចព្រះមហាសង្ឃរាជ និងសម្តេច ព្រះសង្ឃនាយក​ទាំងពីរគណៈ នៃព្រះរាជាណាចក្រកម្ពុជា»៕សរន