ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ មន្ត្រីជាន់ខ្ពស់របស់អាម៉េរិកពីររូបបានជួបពិភាក្សាជាមួយអនុរដ្ឋមន្ត្រីការបរទេសចិនកាលពីថ្ងៃអាទិត្យនិងថ្ងៃចន្ទនៅទីក្រុងឡាងហ្វាង(Langfang)ក្បែរទីក្រុងប៉េកាំង នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការបរទេសចិនកាលពីថ្ងៃចន្ទ។
អ្នកនាំពាក្យលោក វ៉ាង វេនប៊ីន បានប្រាប់អ្នកយកព័ត៌មានថា អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីខាងកើត ដានៀល ជេ គ្រីសថិនប្រ៊ីង (Daniel J. Kritenbrink )និងនាយកជាន់ខ្ពស់សំរាប់កិច្ចការចិននៃក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោកស្រី ឡូរ៉ា រ៉ូសិនប៊ឺហ្គើ( Laura Rosenberger)និងអនុរដ្ឋមន្ត្រីការបរទេសចិនលោក ស៊ី ហ្វឹង( Xie Feng)បានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាអន្តរជាតិនិងតំបន់ដែលជាការព្រួយបារម្ភរួមគ្នា។
លោកវ៉ាងបានបញ្ជាក់ថា «កិច្ចពិភាក្សាបានប្រព្រឹត្តទៅដោយត្រង់ៗ ស៊ីជំរៅនិងស្ថាបនា»។
សារព័ត៌មានបាននិយាយថា រដ្ឋាភិបាលអាម៉េរិកកំពុងបញ្ជូនគណៈប្រតិភូថ្នាក់ខ្ពស់របស់ខ្លួនលើកដំបូងមកកាន់ប្រទេសចិនចាប់តាំងពីមេដឹកនាំអាម៉េរិកនិងចិនបានសន្យាគ្នាកាលពីខែមុនថានឹងជួសជុលទំនាក់ទំនងរបស់ប្រទេសទាំងពីរ។
ក្រៅពីចិន មន្ត្រីអាម៉េរិកទាំងពីរ ក៏នឹងទៅកាន់កូរ៉េខាងត្បូងនិងជប៉ុន។
នៅចិន លោកគ្រីសថិនប្រ៊ីង នឹងបន្តកិច្ចប្រជុំរបស់លោកចូ បៃដិន កាលពីខែមុននៅកោះបាលី ជាមួយលោក ស៊ី ជីនភីង ពេលដែលមេដឹកនាំទាំងពីរបានសន្យា«បន្តគ្រប់គ្រងចាត់ចែងដោយការទទួលខុសត្រូវនូវការប្រកួតប្រជែងរវាងមហាអំណាចទាំងពីរ និងស្វែងរកកន្លែងដែលត្រូវសហការគ្នា» នេះបើតាមក្រសួងការបរទេសអាម៉េរិក។
ក្រសួងបានបន្ថែមថា ជំនួបរបស់លោកគ្រីសថិនប្រ៊ីង ក៏ត្រៀមសំរាប់ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាម៉េរិកអ៊ែនថូនី ប្លីងកិន នៅចិននៅដើមឆ្នាំ២០២៣ ។
អាម៉េរិកនិងចិនគឺជាមហាអំណាចសេដ្ឋកិច្ចធំបំផុតនៅក្នុងលោក ដោយចំណាយច្រើនជាងប្រទេសណាទាំងអស់លើវត្ថុធាតុដើម និងកំពុងជាប់ក្នុងការប្រកួតប្រជែងយុទ្ធសាស្ត្រខ្លាំងក្លាបំផុត។
នៅកោះបាលី លោកស៊ី និងបៃដិន បានពិភាក្សាបញ្ហាវិវាទជាច្រើនរួមមាន អនាគតកោះតៃវ៉ាន់ ការរឹតត្បិតរបស់អាម៉េរិកលើការនាំចូលទំនិញបច្ចេកវិទ្យាជាន់ខ្ពស់ចិន និងឥទ្ធិពលរបស់ចិនដើម្បីដាក់ឥទ្ធិពលនៅទូទាំងពិភពលោក។បៃដិនបានចាកចេញពីជំនួននោះជាមួយនឹងសម្តីថា«មិនត្រូវការសង្គ្រាមត្រជាក់ណាមួយ»ឡើយនៅពេលលោកស៊ីបានប្រាប់លោកបៃដិនថា «មិនថាតិចឬច្រើនទេ ប្រទេសទាំងពីរត្រូវតែមានផលប្រយោជន៍រួមគ្នា»៕