ដោយះសរិទ្ធ/ភ្នំពេញ ៖ នារីម្នាក់ត្រូវបាននគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ បញ្ជូនខ្លួនមកកាន់អយ្យការអមសាលាដំបូង នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ពាក់ព័ន្ធករណី ចេញមូលប្បទានប័ត្រគ្មានប្រាក់ ដល់ទៅជាង ១លានដុល្លារ។

ប្រភពពីសាលាដំបូង បានឲ្យដឹងថា នារីខាងលើឈ្មោះ លី ឈីវហ៊ុយ អាយុ២៥ឆ្នាំ មានទីលំនៅផ្ទះលេខ១៧ ផ្លូវ៤៨៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ប្រភពបន្តថា ជនជាប់ចោទខាងលើត្រូវបាននគរបាលនាំខ្លួនតាមដីកាបញ្ជាអោយចូលខ្លួនលេខ៥២២ អយឍ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ របស់លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទប្រកាន់ « ឆបោក មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់ » ។

បើតាមប្រភពមួយបានទំលាយថា ករណីឆបោកនេះមានលុយជាង ១លានដុលា្លរ គឺម្ដាយរបស់នាងជាអ្នកជាប់ពាក់ព័ន្ធ ប៉ុន្តែកញ្ញា លី ឈីវហ៊ុយ ជាអ្នកចេញមូលប្បទានប័ត្រគ្មានប្រាក់សងទៅម្ចាស់បំណុលឈ្មោះ គឺម រ៉ុង ភេទស្រី ដែលបានដាក់ពាក្យប្ដឹងតាំងពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២មកម្ល៉េះ។

មកទល់ពេលនេះអយ្យការអមតុលាការកំពង់សាកសួរជនសង្ស័យនៅឡើយ មិនទាន់មានការសម្រេចបែបណាទេ៕ N