ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២២ នេះ គឺជា​ខួប​លើក​ទី ៦៣​ឆ្នាំ នៃ​ការចាប់ផ្ដើម​ការប្រកួត​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​លើកដំបូង​ដែល​បាន​ធ្វើឡើង​ប្រទេស​ថៃ កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​១៩៥៩​។​

​នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​១៩៥៨ គណៈប្រតិភូ​មកពី​បណ្តា​ប្រទេស​នៅ​ឧបទ្វីប​អាស៊ីអាគ្នេយ៍ (South East Asian Peninsular Games/ SEAP Games) ដែល​ចូលរួម​ការប្រកួត​កីឡា​អាស៊ី នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​បាន​ជួបប្រជុំគ្នា​ហើយ​បាន​យល់ព្រម​បង្កើត​អង្គការ​កីឡា​នេះ​ឡើង​។ ព្រឹត្តិការណ៍​នេះ ដំបូង​ឡើយ​មាន​ឈ្មោះថា កីឡា​ឧបទ្វីប​អាស៊ីអាគ្នេយ៍ ( South East Asian Peninsular Games /SEAP Games)​។​

SEAP Games ត្រូវបាន​បង្កើតឡើង​ដោយ​លោក Luang Sukhum Nayapradit ដែល​ពេល​​នោះ​ជា​អនុប្រធាន​គណៈកម្មាធិកា​រ Cati អូឡាំពិក​ថៃ​។ ហេតុផល​ដែល​បានស្នើ​ឡើង​គឺថា​ព្រឹត្តិការណ៍​កីឡា​ក្នុង​តំបន់​នឹង​ជួយ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​កា​រ​យល់ដឹង​និង​ទំនាក់ទំនង​រវាង​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​

​ប្រទេស​ចំនួន ៦ រួមមាន ភូមា (​បច្ចុប្បន្ន​មី​យ៉ាន់​ម៉ា​) កម្ពុជា​, ឡាវ​, ម៉ា​ឡា​យ៉ា (​បច្ចុប្បន្ន​ម៉ាឡេស៊ី​) ថៃ​និង​សាធារណៈរដ្ឋ​វៀតណាម (​វៀតណាម​ខាងត្បូង​) គឺជា​សមាជិក​ស្ថាបនិក​និង​បាន​យល់ព្រម​រៀបចំ​ការប្រកួត​កីឡា​រយៈពេល​២​ឆ្នាំ​ម្ដង​ក្នុង​ខែមិថុនា​ឆ្នាំ​១៩៥៩​ហើយ​គណៈកម្មាធិការ​ស​ហ​ព័ន្ធ​កីឡា SEAP ត្រូវបាន​បង្កើតឡើង​បន្ទាប់ពីនោះ​។​

​ក្រោយមក SEAP Games លើកដំបូង​ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​បាងកក ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​១៩៥៩ ដោយមាន​អត្ត​ព​លិ​ក និង​មន្ត្រី ប្រមាណ ៥២៧​នាក់ មកពី ៦​ប្រទេស​ចូលរួម​។ យ៉ាងណាក៏ដោយ​ទោះ​ស្ថិតក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​ស្ថាបនិក កម្ពុជា មិនអាច​ចូលរួម​ក្នុងការ​ប្រកួត​លើកដំបូង​បានឡើយ ហើយ​បាន​បើកទ្វារ​សម្រាប់​ការចូលរួម​ពី​ប្រតិភូ​កីឡា​របស់​ប្រទេស​សិង្ហ​បុរី​។​

ប្រទេស​ដែល​ចូលរួម​ប្រកួត​លើកដំបូង​នាពេលនោះ​រួមមាន ប្រទេស​មី​យ៉ាន់​ម៉ា​, ឡាវ​, ម៉ាឡេស៊ី​, សិង្ហ​បុរី វៀតណាម​ខាងត្បូង និង​ម្ចាស់ផ្ទះ​ថៃ ប្រកួត​លើ​កីឡា​ចំនួន ១២​ប្រភេទ​រួមមាន ហែល​ទឹក​, អត្តពលកម្ម​, វាយ​សី​, បាល់បោះ​, ប្រដាល់សកល​, កីឡា​ទោចក្រយាន​, បាល់ទាត់​, បាញ់កាំភ្លើង​, វាយ​កូនឃ្លី​លើ​តុ​, វាយ​កូន​បាល់​, បាល់ទះ និង​លើក​ទម្ងន់ លើ ៦៧​វិញ្ញាសា​។​

​ជា​លទ្ធផល​ម្ចាស់ផ្ទះ​ថៃ​ឈរ​នៅលើ​គេ​នៃ​តារាង​មេដាយ​សរុប​ពោលគឺ​រកបាន​មេដាយ​សរុប ៧៧​គ្រឿង ក្នុងនោះ​មេដាយមាស ៣៥​គ្រឿង​, មេដាយប្រាក់ ២៦​គ្រឿង និង​មេដាយ​សំរឹទ្ធ ១៦​គ្រឿង​។ តាម​ពីក្រោយ​ដោយ មី​យ៉ាន់​ម៉ា ទទួលបាន​ចំណាត់ថ្នាក់​លេខ​២, សិង្ហ​បុរី នៅ​លេខ​៣, ម៉ាឡេស៊ី លេខ​៤, វៀតណាម លេខ​៥ និង​ឡាវ លេខ​៦៕​/R