ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី បានបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធធ្វើការស្រាវជ្រាវរកប្រភពឲ្យច្បាស់ ដើម្បីចាប់ខ្លួនមេក្លោងជិត ៩០០គីឡូក្រាម យកមកផ្តន្ទាទោសតាមច្បាប់។ ការបញ្ជាឲ្យស្រាវជ្រាវវែកមុខក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនទម្ងន់ជិត ១តោន បានធ្វើឡើងនៅក្នុងទិវាជាតិប្រឆាំងការជួះដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២២ លើកទី១៦ កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅសាលមហោស្រពកោះពេជ្រ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កាលពីថ្ងៃទី១១ ខែធ្នូ ម្សិលមិញនេះ មានករណីគ្រឿងញៀនដែលសមត្ថកិច្ចបានបង្ក្រាបជិត៩០០គីឡូក្រាម សមត្ថកិច្ចកំពុងធ្វើកិច្ចការងារនេះបន្ដទៀត។ ប្រសិនបើគ្រាន់តែប្រមូលគ្រឿងញៀន នេះបានមក តែមិនបានចាប់ឧក្រិដ្ឋជន មេក្លោង ឬអ្នកជួញដូរគ្រឿងញៀនមកដាក់ទោស ហាក់ដូចជាបេសកម្មរបស់យើងមិនទាន់ចប់ទេ ហើយក៏មិនទាន់ជោគជ័យដែរ។ អ្វីដែលហៅថា ជោគជ័យ គឺចាប់ជនល្មើសមកដាក់ទោស ទើបហៅថាជោគជ័យ ព្រមទាំងស្រាវជ្រាវបន្ដបទល្មើសដ៏ទៃទៀត រហូតឈានទៅដល់បទល្មើសសម្អាតប្រាក់ បញ្ហាទាំងនេះ គឺជាបញ្ហាដ៏សំខាន់របស់កម្ពុជាផងដែរ។
គួរបញ្ជាក់ថា កម្លាំងកងរាជអវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំដែលមានទម្ងន់ជិត ៩០០គីឡូក្រាមការ កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ នៅចំណុចឃ្លាំងជួលមួយកន្លែង ស្ថិតនៅក្រុម៩ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ប្រតិបត្តិការបង្ក្រាបនេះ រកឃើញថ្នាំញៀនចំនួន ៣៤បាវ ដែលមានទម្ងន់ ៨៨៤ គីឡូក្រាម។ វត្ថុតាងត្រូវបានយកមករក្យាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។
លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ប្រតិបត្តិការនៃការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំនេះ គឺក្រោមការបញ្ជាផ្ទាល់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលនីតិវិធី ពីលោក ចន្ទ ដារិទ្ធ ព្រះរាជអាជ្ញារង អយ្យាការអមសាលាដំបូងខេត្តព្រះសីហនុ បានបើកការស្រាវជ្រាវរហូតឈានទៅដល់ការបង្ក្រាបករណីជួញដូរគ្រឿងញៀន រកឃើញគ្រឿងញៀនជិត៩០០គីឡូក្រាម។ វត្ថុតាងត្រូវបានយកមករក្យាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។
លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី បញ្ជាក់ថា ចំពោះក្រុមជនសង្ស័យកម្លាំងមន្ទីរជំនាញបានពន្លាតដែនដីសមត្ថកិច្ចទៅតាមរាជធានី-ខេត្ត ដើម្បីស្វែងរកមុខសញ្ញាពាក់ព័ន្ធ តាមជំនាញ ដោយប្រើពេលសហការជាមួយសមត្ថកិច្ច ដែនដីពាក់ព័ន្ធ៕/R