ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖កាំជ្រួច កាំភ្លើងធំនិងដ្រូនរុស្ស៊ីបានវាយប្រហារគោលដៅនានានៅអ៊ុយក្រែនខាងកើតនិងខាងត្បូង នៅពេលមហាអំណាចសេដ្ឋកិច្ចលោកខាងលិចបានសន្យាបង្កើនសមត្ថភាពយោធារបស់អ៊ុយក្រែនដោយផ្តោតលើការការពារដែនអាកាស។
ក្រុមប្រទេសមានឧស្សាហកម្មជឿនលឿនទាំងប្រាំពីរហៅថាG7បានសន្យា«បំពេញតាមការទាមទារបន្ទាន់របស់អ៊ុយក្រែន»បន្ទាប់ពីប្រធានាធិបតីវ៉ូឡូឌីមៀ ហ្សេឡេនស្គី អំពាវនាវអោយG7បើកកិច្ចប្រជុំដើម្បីផ្តល់រថក្រោះទំនើប កាំភ្លើងធំនិងសព្វាវុធចម្ងាយឆ្ងាយសំរាប់ទប់ទល់រុស្ស៊ី។
លោកហ្សេឡេនស្គីក៏បានទទូចសុំG7ជួយផ្តល់ហ្គាសដល់អ៊ុយក្រែនចំនួន២លានម៉ែត្រត្រីគុណចំពេលខ្លួនខ្វះខាតថាមពលខ្លាំងបំផុត នៅពេលមនុស្សរាប់លាននាក់កំពុងរស់ដោយគ្មានអគ្គិសនីនិងកំដៅចំពេលអាកាសធាតុធ្លាក់ចុះក្រោមសូន្យនិងរុស្ស៊ីបន្តវាយប្រហារលើហេដ្ឋារចនាសម្ពន្ធសំខាន់ៗ។
មេដឹកនាំG7ក៏បានសន្យាជួយអ៊ុយក្រែនត្រៀមជម្នះការលំបាកក្នុងរដូវរងារនេះ
ក្នុងពេលជាមួយគ្នា ក្រុមរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានយល់ព្រមដាក់ប្រាក់២ពាន់លានអឺរ៉ូ(២,១ពាន់លានដុល្លារ)បន្ថែមទៅក្នុងមូលនិធិមួយដែលប្រើសំរាប់គាំទ្រយោធាអ៊ុយក្រែន បន្ទាប់ពីលុយក្នុងមូលនិធិនេះប្រើជិតអស់។
មិនមានកិច្ចពិភាក្សាស្វែងរកសន្តិភាពណា និងក៏មិនមើលឃើញសញ្ញានៃការបញ្ចប់ជម្លោះធំបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរនេះនៅឡើយទេ។ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីRIAបានស្រង់សម្តីរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ វើស៊ីនីន កាលពីថ្ងៃចន្ទដែលថា រុស្ស៊ីមិនទាន់បានឃើញការបោះដៃ«ដោយស្ថាបនា»ណាមួយពីសហរដ្ឋអាម៉េរិកអំពីជម្លោះអ៊ុយក្រែននៅឡើយទេ។
ប្រធានាធិបតីអាម៉េរិកលោកចូ បៃដិន កាលពីថ្ងៃអាទិត្យបានប្រាប់សមភាគីអ៊ុយក្រែនលោកហ្សេឡេនស្គីថា អាទិភាពរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនគឺពង្រឹងការការពារដែនអាកាសអ៊ុយក្រែន ។រីឯលោកហ្សេឡេនស្គីបានអរគុណលោកបៃដិនក្នុងការសន្ទនាតាមទូរស័ព្ទមួយ ចំពោះ«ជំនួយហិរញ្ញវត្ថុនិងយោធាដ៏ច្រើនសន្ធឹកសន្ធាប់មិនដែលធ្លាប់មាន»ដែលអាម៉េរិកបានផ្តល់។
រដ្ឋមន្ត្រីការពារជាតិអង់គ្លេសកាលពីថ្ងៃចន្ទបាននិយាយថាលោកនឹង«បើកចិត្តទូលាយ»អំពីការផ្គត់ផ្គង់អោយអ៊ុយក្រែននូវកាំជ្រួចចម្ងាយឆ្ងាយដើម្បីវាយប្រហារទីតាំងបង្ហោះចេញដ្រូនរបស់រុស្ស៊ីដែលបានបំផ្លាញហេដ្ឋារចនាសម្ពន្ធអ៊ុយក្រែន បើសិនជារុស្ស៊ីនៅបន្តវាយប្រហារតំបន់ជនស៊ីវិលរស់នៅ។
រដ្ឋាភិបាលទីក្រុងមូស្គូតែងតែបដិសេធថាខ្លួនមិនបានផ្តោតការវាយប្រហារលើជនស៊ីវិល តែសង្គ្រាមនេះបានជម្លៀសមនស្សរាប់លាននាក់និងសម្លាប់ជនស៊ីវិលរាប់ពាន់នាក់៕
នាយសេនាធការកងទ័ពអ៊ុយក្រែនបាននិយាយកាលពីថ្ងៃចន្ទថា កងកាំភ្លើងធំរុស្ស៊ីបានវាយប្រហារភូមិនៅតាមខ្សែត្រៀមជួរមុខប្រមាណ២០ម្តុំទីក្រុងបាក់មុតដែលទាហានរុស្ស៊ីព្យាយាមដណ្តើមគ្រប់គ្រង។ក្នុងរូប កងកម្លាំងអ៊ុយក្រែននៅសមរភូមិឃើសុន ថយមកសម្រាកនិងជួសជុលសម្ភារសឹក