ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ មនុស្សបីនាក់ត្រូវបានសម្លាប់នៅពេលខ្មាន់កាំភ្លើងវាយប្រហារសណ្ឋាគារពេញនិយមមួយសំរាប់អ្នកជំនួញចិន នៅក្នុងរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថានកាលពីថ្ងៃចន្ទ ដោយសាក្សីបានរាយការណ៍អំពីការផ្ទះជាច្រើននិងកាបាញ់កាំភ្លើងនៅពេលក្រុមរដ្ឋអ៊ីស្លាមមូលដ្ឋានប្រកាសទទួលខុសត្រូវថាសមាជិកខ្លួនជាអ្នកប្រព្រឹត្ត។
គេអាចមើលឃើញផ្សែងហុយចេញពីអាគារសណ្ឋាគារKabul Longan Hotelនៅក្រុងកាប៊ុលនៅពេលកងសន្តិសុខតាលីបង់បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុនិងបិទតំបន់នោះមិនអោយមនុស្សចេញចូល។
ក្រុមតាលីបង់បានអះអាងថាសន្តិសុខក្នុងប្រទេសបានល្អប្រសើរឡើងចាប់តាំងពីខ្លួនវិលមកកាន់អំណាចវិញកាលពីខែសីហាឆ្នាំមុនតែមានការបំផ្ទុះគ្រាប់បែកនិងការវាយប្រហារជាហូហែរដែលក្រុមរដ្ឋអ៊ីស្លាមមូលដ្ឋានអះអាងទទួលខុសត្រូវ។
ផ្សែងហុយចេញពីសណ្ឋាគារKabul Longan Hotelដែលពេញនិយមសំរាប់ភ្ញៀវចិន បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃចន្ទ
អង្គការក្រៅរដ្ឋាភិបាលមួយដែលបើកដំណើរការមន្ទីរពេទ្យមួយនៅចម្ងាយប្រមាណ១គីឡូម៉ែត្រពីកន្លែងកើតហេតុបាននិយាយថា មនុស្ស២១នាក់ត្រូវបានបញ្ជូនមកក្នុងនេះបីនាក់ស្លាប់ក្នុងពេលមកដល់ពេទ្យ។
អ្នកនាំពាក្យប៉ូលិសក្រុងកាប៊ុលបាននិយាយថា ជនវាយប្រហារបីនាក់ត្រូវបានសម្លាប់និងជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន នៅពេលអ្នកនាំពាក្យក្រុមតាលីបង់បានសរសេរបង្ហញក្នុងទ្វីតធឺថា «ភ្ញៀវទាំងអស់ត្រូវបានជួយសង្គ្រោះនិងមិនមានជនបរទេសស្លាប់ក្នុងហេតុការណ៍នេះទេ។ភ្ញៀវបរទេសតែពីរនាក់បានរងរបួសដោយសារលោតពីជាន់លើ»។
ក្រុមរដ្ឋអ៊ីស្លាមនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ បាននិយាយថាសមាជិកខ្លួនពីរនាក់បានវាយប្រហារសណ្ឋាគារធំមួយក្នុងទីក្រុងកាប៊ុល ដែលតែងជាកន្លែងស្នាក់នៅរបស់អ្នកការទូតនិងអ្នករកស៊ីចិន។«ពួកគេបានចុចបំផ្ទុះគ្រាប់បែកដែលលាក់ក្នុងស្បោងពីរ។ពួកគេក៏បានគប់គ្រាប់បែកដៃដាក់ពួកយុទ្ធជនតាលីបង់ហើយបាញ់កាំភ្លើងដាក់ភ្ញៀវនៅសណ្ឋាគារ»។
ចិនដែលមានព្រំដែនប្រវែង៧៦គីឡូម៉ែត្រជាប់អាហ្វហ្គានីស្ថាន មិនបានទទួលស្គាល់រដ្ឋាភិបាលរបស់ក្រុមតាលីបង់ទេ តែខ្លួនជាប្រទេសមួយក្នុងចំណោមប្រទេសបួនប្រាំដែលនៅរក្សាវត្តមានការទូតនៅនីនោះ។ការរក្សាស្ថិរភាពក្រោយកើតមានសង្គ្រាមរាប់ទសវត្សរ៍នៅអាហ្វហ្គានីស្ថានជាគោលដៅធំមួយសំរាប់រដ្ឋាភិបាលទីក្រុងប៉េកាំង ដោយសារខ្លួនស្វះស្វែងធានាសន្តិសុខតាមព្រំដែននិងការវិនិយោគហេដ្ឋារចនាសម្ពន្ធយុទ្ធសាស្ត្រនៅប៉ាគីស្ថានក្បែរនោះ។
សូមបញ្ជាក់ថា ចិនខ្លាចក្រែងអាហ្វហ្គានីស្ថានក្លាយជាចំណុចចាប់ផ្តើមមួយសំរាប់ពួកបំបែកខ្លួនអ៊ីស្លាមអ៊ុយហ្គួរនៅស៊ីជាំងធ្វើការវាយប្រហារលើអាជ្ញាធរចិន តែក្រុមតាលីបង់សន្យាថាខ្លួននឹងមិនអោយអាហ្វហ្គានីស្ថានក្លាយជាមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធណាមួយឡើយ៕