ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ចិនបានចាប់ផ្តើមបណ្តឹងពាណិជ្ជកម្មនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO)ប្រឆាំងនឹងសហរដ្ឋអាម៉េរិកជុំវិញវិធានការត្រួតពិនិត្យការនាំចេញបន្ទះឈីបរបស់ខ្លួន។
សហរដ្ឋអាម៉េរិកបានអនុម័តបទប្បញ្ញត្តិដ៏សម្បើមមួយក្នុងខែតុលាក្នុងគោលបំណងកាច់បំបាក់ឧស្សាហកម្មបន្ទះឈីបរបស់ចិន ជាហេតុជំរុញឱ្យមានការតវ៉ាពីក្រុមពាណិជ្ជកម្មកំពូលរបស់ចិន។
សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងពាណិជ្ជកម្មចិន បានផ្សាយថា “ចិនចាត់វិធានការផ្លូវច្បាប់នៅក្នុងក្របខណ្ឌ WTO ជាមធ្យោបាយចាំបាច់ដើម្បីដោះស្រាយកង្វល់របស់យើងនិងដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់យើង”។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ការទប់ស្កាត់របស់សហរដ្ឋអាម៉េរិក “បានគំរាមកំហែងដល់ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មសកល”។
អ្វីដែលគេហៅថាសំណើសម្រាប់ការពិគ្រោះយោបល់គឺជាជំហានដំបូងក្នុងនីតិវិធីដ៏វែងមួយនៅស្ថាប័នពាណិជ្ជកម្មពិភពលោកមួយនេះ។
លោក អាដាម ហុក (Adam Hodge) អ្នកនាំពាក្យការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិកបាននិយាយថា “យើងបានទទួលសំណើសម្រាប់ការពិគ្រោះយោបល់ពី (សាធារណៈរដ្ឋប្រជាមានិតចិន) ទាក់ទងនឹងសកម្មភាពមួយចំនួនរបស់សហរដ្ឋអាម៉េរិកដែលប៉ះពាល់ដល់ឧបករណ៍បន្ទះឈីប”។
លោកហុកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា “ដូចដែលយើងបានប្រាស្រ័យទាក់ទងជាមួយចិនរួចហើយ សកម្មភាពគោលដៅទាំងនេះគឺទាក់ទងនឹងសន្តិសុខជាតិ ហើយ WTO មិនមែនជាវេទិកាសមស្របដើម្បីពិភាក្សាអំពីបញ្ហាទាក់ទងនឹងសន្តិសុខជាតិនោះទេ”។
ពាក្យបណ្តឹងរបស់ចិនលើការទប់ស្កាត់ការនាំចេញបន្ទះឈីបរបស់សហរដ្ឋអាម៉េរិកបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីសេចក្តីសម្រេចរបស់ WTOប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោននៅក្នុងបណ្តឹងដាច់ដោយឡែកមួយអំពីពន្ធលោហៈដែលត្រូវបានប្តឹងដោយចិនក្នុងចំណោមប្រទេសផ្សេងទៀត។ សហរដ្ឋអាម៉េរិក ដែលជាអ្នករិះគន់ជាទៀងទាត់លើដំណើរការមជ្ឈត្តកម្មរបស់ WTOបានច្រានចោលលទ្ធផលរបស់ WTO៕
ចិនប្តឹង WTO ជុំវិញការហាមឃាត់នាំចេញបន្ទះឈីបពីសំណាក់អាម៉េរិក