ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រដ្ឋាភិបាលបាហាម៉ាសបាននិយាយថា លោក សាម ប៊ែងមែន ហ្វ្រាយ (Sam Bankman-Fried)ដែលជាសហស្ថាបនិកដ៏អាម៉ាស់និងជាអតីតប្រធានក្រុមហ៊ុនរូបិយប័ណ្ណឌីជីថល FTX ត្រូវបានចាប់ខ្លួននៅប្រទេសបាហាម៉ាសកាលពីថ្ងៃចន្ទទី១២ធ្នូ។
អគ្គរដ្ឋអាជ្ញារបស់បាហាម៉ាសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការឃាត់ខ្លួនប៊ែងមែន ហ្វ្រាយ ធ្វើឡើង បន្ទាប់ពីការជូនដំណឹងពីសហរដ្ឋអាម៉េរិកថា អាម៉េរិកបានធ្វើការចោទប្រកាន់ពីបទព្រហ្មទណ្ឌប្រឆាំងនឹងគាត់។ អាជ្ញាធរក្នុងប្រទេសទាំងពីរបានកំពុងស៊ើបអង្កេតការជាប់ពាក់ព័ន្ធរបស់គាត់ក្នុងការដួលរលំក្រុមហ៊ុននេះក្នុងខែវិច្ឆិកា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋអាជ្ញាអាម៉េរិកសម្រាប់សង្កាត់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក លោក ដាមៀន វីលលៀម (Damian Williams) បាននិយាយថាការចាប់ខ្លួននេះត្រូវបានធ្វើឡើងតាមសំណើរបស់រដ្ឋាភិបាលអាម៉េរិក។
អង្គភាពពាក់ព័ន្ធនឹងក្រុមហ៊ុន FTXជាង ១០០ បានដាក់ពាក្យសុំការការពារការក្ស័យធនរបស់សហរដ្ឋអាម៉េរិកនៅថ្ងៃទី ១១ ខែវិច្ឆិកា។ ក្រុមហ៊ុននិង លោកប៊ែងមែន ហ្វ្រាយកំពុងប្រឈមមុខនឹងការស៊ើបអង្កេតអំពីលទ្ធភាពប្រព្រឹត្តខុសជាច្រើននៅសហរដ្ឋអាម៉េរិកនិងនៅបាហាម៉ាស ជាកន្លែងដែលក្រុមហ៊ុននេះមានទីស្នាក់ការកណ្តាលនៅទីនោះ។ ការស៊ើបអង្កេតសំខាន់មួយផ្តោតលើថាតើមូលនិធិរបស់អតិថិជនត្រូវបានឱ្យខ្ចីទៅក្រុមហ៊ុនពាណិជ្ជកម្ម Alameda Research ដែលគាត់បានបង្កើតដែរឬអត់។
នៅក្នុងការសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយនានាចាប់តាំងពីការដួលរលំរបស់ក្រុមហ៊ុន FTX លោកប៊ែងមែនហ្វ្រាយបានសារភាពកំហុសក្នុងការគ្រប់គ្រងសំខាន់ៗជាច្រើនប៉ុន្តែគាត់បានអះអាងផងដែរថាគាត់មិនដែលព្យាយាមប្រព្រឹត្តការក្លែងបន្លំ ឬបំពានច្បាប់នោះទេ៕
សាម ប៊ែងមែន ហ្វ្រាយ ត្រូវបានចាប់ខ្លួននៅបាហាម៉ាសកាលពីថ្ងៃចន្ទ