ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោក Vincent AkaA kesse ជាគ្រូឧទ្ទេស កីឡាចំបាប់របស់ សហព័ន្ធកីឡាចំបាប់អន្តរជាតិ បានប្រកាសពីការត្រៀមខ្លួន សម្ដែង មោទនភាព ចំពោះអត្តពលិកកម្ពុជា ពេលដែលដណ្ដើមមេដាយមាស បានបន្ថែម ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

ពេលនេះ លោកកំពុងចូលរួមបង្ហាត់បង្ហាញ ក្នុងជំរំហ្វឹកហាត់មួយនៅកម្ពុជា ពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែធ្នូ ដែលមាន ៧ ប្រទេសចូលរួម។ ជំរំហ្វឹកហាត់នេះ បើកឡើង ដើម្បីត្រៀមការប្រកួតកីឡាចំបាប់ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែធ្នូ ស្អែកនេះ។

គ្រូបង្វឹកដែលមានសញ្ជាតិដើម កូតឌីវ័រ រូបនេះ បាននិយាយ នៅក្រោយពេលបានបង្ហាត់ អត្តពលិក ដែលចូលរួមទាំង ៧ ប្រទេសនោះថាៈ «ពិតណាស់ ខ្ញុំបានឃើញភាពខុស ប្លែក យើងឃើញកម្រិតរបស់ កីឡាករកម្ពុជា គឺល្អ។ ប៉ុន្តែពួកគេនៅត្រូវធ្វើការបន្ថែម ដើម្បីឲ្យកម្រិតរបស់ពួកគេ កាន់តែកើនឡើង ពីព្រោះយើងរៀបចំការប្រកួត នៅឆ្នាំក្រោយ វាពិតជាសំខាន់ ពីព្រោះ ពួកគេនឹងរៀបចំការប្រកួត សម្រាប់ប្រទេស។ យើងគាំទ្រ តាមរយៈ ការបញ្ជូនអ្នកជំនាញ ដើម្បីឲ្យគេរីកចម្រើន ជួយគេឲ្យទទួលបានលទ្ធផលល្អ នៅក្នុងការប្រកួត »។

គោលបំណងនៅក្នុងការហ្វឹកហាត់នេះ គឺដើម្បីឲ្យអត្តពលិក ចូលរួមទាំងអស់ មានស្មារតី ជាកីឡាករ ចង់ឈ្នះគូប្រកួត ហើយ បន្ថែមលើនោះ គឺចង់បង្ហាញកលល្បិច ក៏ដូចជា ស្នៀតល្អៗ ដល់កីឡាករ ។

លោក Vincent Aka-Akesse ក៏បានឱ្យដឹងថាៈ កម្ពុជា នឹងត្រៀមខ្លួនធ្វើជា ម្ចាស់ ផ្ទះព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំក្រោយ ខណៈរូបលោក ក៏​ត្រៀមខ្លួន សម្ដែងក្ដីមោទកភាពផងដែរ គ្រាដែលលោកកំពុងបង្ហាត់បង្ហាញអត្តពលិក កម្ពុជា និងបានមើលឃើញពីសក្ដានុពល ។

ក្នុងនាមជាអ្នកជំនាញ លោកក៏បានប្រៀបធៀប កម្រិតរបស់ប្រទេស នៅអាស៊ីអាគ្នេយ៍ ថាៈ « វៀតណាម គឺជាក្រុមខ្លាំងមួយ​ក្នុងចំណោមក្រុមដទៃ ក្នុងតំបន់ ។ ប៉ុន្តែយើងក៏រីករាយ កាលពីពេលថ្មីៗ ពេលដែលកម្ពុជា ក៏បានពាំនាំយកមកនូវ មេដាយមាស ជូនប្រទេស។ វាពិតជាល្អ ខ្ញុំចង់បានន័យថា វាជាផ្នែកមួយ ទេពកោសល្យ​ដែលយើង អាចអភិវឌ្ឍន៍ពួកគេ។ ខ្ញុំឃើញកីឡាករសក្ដានុពល នៅប្រភេទទម្ងន់ ៩៧ គីឡូក្រាម ហើយក៏មានកីឡាករក្មេងៗ ដែលមានទេពកោសល្យ ដោយយើងគ្រាន់តែត្រូវធ្វើការ ជាមួយពួកគេ បង្កើនកម្រិតរបស់គេ និងធ្វើឲ្យពួកគេ ប្រសើរឡើង។ នេះគឺជាអ្វីដែល យើងអាចធ្វើបាន ហើយយើងពិតជាចង់គាំទ្រ។ ដូច្នេះ នេះគឺជាអ្វីដែលយើង ចង់ជួយពួកគេ»។

បុរសសញ្ជាតិកូតឌីវ័រ-បារាំង រូបនេះ បានសង្កត់ធ្ងន់ថាៈ « យើងនឹងមានមោទនភាព ពីព្រោះយើងមកទីនេះ ហើយយើងក៏ជួយដល់ គ្រូបង្វឹកកម្ពុជាទៀតផង។ យើងពិតជា ចង់ឃើញពួកគេ ប្រកួត ពីព្រោះគេជាម្ចាស់ផ្ទះរៀបចំការប្រកួតហើយ យើងពិតជា មានមោទកភាព ប្រសិនបើកម្ពុជា ដណ្ដើមបានមេដាយមាស សម្រាប់ព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍ ពីព្រោះលើកចុងក្រោយ ដែលគេឈ្នះ។ អីចឹងបើឈ្នះបន្ថែមទៀត នោះ វាគឺជាសមិទ្ធផលរបស់យើង»។

គ្រូបង្វឹកសញ្ជាតិកូតឌីវ័រ-បារាំងរូបនេះបានសម្ដែងការអរគុណដល់សហព័ន្ធកីឡាចំបាប់កម្ពុជាដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅហើយលោករីករាយក្នុងការជម្រុញឲ្យវិស័យមួយនេះ ទទួលបានការរីកចម្រើនតទៅមុខទៀត។

លោក Vincent Aka-Akesse គឺជាគ្រូឧទ្ទេស មកពីកីឡាចំបាប់ពិភពលោក (United World Wrestling)។ លោក គឺជាអតីតកីឡាករ ដែលបានចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ៣ ដង គឺនៅឆ្នាំ២០០០, ២០០៤ និង ២០០៨៕ V / N