ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ កងទ័ពអាកាសអាម៉េរិកបានសំរេចដោយជោគជ័យការសាកល្បងកាំជ្រួចលឿនជាងសម្លេងដែលហោះលឿនជាងសម្លេងប្រាំដងចេញពីយន្តហោះទម្លាក់គ្រាប់បែកខ្នាតយក្សB-52។ការសាកល្បងត្រូវបានធ្វើឡើងនៅឆ្នេររដ្ឋកាលីហ្វ័រញ៉ា និងជាការសាកល្បងសព្វាវុធកំពូលលឿនចុងក្រោយមួយលើកទៀតនៅពេលអាម៉េរិកព្យាយាមរក្សាការប្រកួតប្រជែងជាមួយគូប្រជែងយុទ្ធសាស្ត្រចិននិងរុស្ស៊ី ខណៈសង្គ្រាមអ៊ុយក្រែនកំពុងបន្ត។
ការសាកល្បងពីមុនធ្វើឡើងកាលពីខែមីនា ដោយយន្តហោះB-52មួយបានបាញ់កាំជ្រួចARRWមួយដើម។
សេចក្តីថ្លែងការណ៍មួយចេញពីមូលដ្ឋានទ័ពអាកាសអ៊ីកលីន(Eglin)បាននិយាយថា« យន្តហោះB-52Hមួយ បានបញ្ចេញសព្វាវុធឆ្លើយតបរហ័ស AGM-183Aជាលើកដំបូងកាលពីថ្ងៃ៩ធ្នូ នៅលើឆ្នេរកាលីហ្វ័រញ៉ាខាងត្បូង។វាជាការសាកល្បងកាំជ្រួចប្រតិបត្តិការពេញលេញលើកដំបូង ដោយការសាក្ល្បងមុនៗផ្តោតលើកំលាំងជំរុញរបស់វា»។
កងទ័ពអាកាសអាម៉េរិកបានប្រកាសថាខ្លួនបានសាកល្បងដោយជោគជ័យកាំជ្រួចAGM-183Aកាលពីថ្ងៃ៩ធ្នូ
កាំជ្រួចរបស់ក្រុមហ៊ុនឡក់ហ៊ីដ ម៉ាធីន(Lockheed Martin)ត្រូវបានរចនាឡើងសំរាប់ការហោះ៨០០គីឡូម៉ែត្រក្នុងពេល១០នាទីពេលវាត្រូវបាញ់ចេញពីយន្តហោះ B-52
យោងតាមសេចក្តីថ្លែងការណ៍ ក្រោយយន្តហោះបញ្ចេញកាំជ្រួច វាបានហោះក្នុងលឿនលឿនជាងសម្លេងជាងប្រាំដង បំពេញតាមផ្លូវហោះនិងផ្ទុះនៅតំបន់កំណត់ទុកមុនមួយដែលវាបញ្ជាក់ថា«កាំជ្រួចបំពេញគ្រប់កម្មវត្ថុដែលចង់បានទាំងអស់»។
ឧត្តមសេនីយ៍ ចាសុន បាតូឡូមី( Jason Bartolomei)នាយកកម្មវិធីអាវុធក្នុងកងទ័ពអាកាសបានអួតអាងអំពីល្បឿនរបស់កាំជ្រួច និងកម្មវិធីដែលរុស្ស៊ីបានយកទៅប្រើក្នុងសង្គ្រាមអ៊ុយក្រែនរួចទៅហើយ។លោកថា «ក្រុមARRWបានរចនានិងសាកល្បងដោយជោគជ័យកាំជ្រួចលឿនជាងសម្លេងក្នុងរយៈពេលប្រាំឆ្នាំមកនេះ។ខ្ញុំមានមោទនភាពចំពោះភាពស្វិតស្វាញនិងការតាំងចិត្តរបស់ក្រុម ដែលសំខាន់សំរាប់យន្តហោះប្រយុទ្ធរបស់យើង»។
សូមបញ្ជាក់ថា រុស្ស៊ីបានបាញ់កាំជ្រួចលឿនជាងសម្លេងដាក់គោលដៅមួយចំនួនក្នុងប្រទេសអ៊ុយក្រែន ហើយចិនក៏ត្រូវគេជឿថាបានសាកល្បងសព្វាវុធលឿនជាងសម្លេងផងដែរ នេះបើតាមយោធាអាម៉េរិក។ពួកសមាជិកសភាអាម៉េរិកបារម្ភខ្លាចក្រែងអាម៉េរិកនៅពីក្រោយរុស្ស៊ីនិងចិន ក្នុងការអភិវឌ្ឍសព្វាវុធលឿនជាងសម្លេង។
រុស្ស៊ីត្រូវគេជឿថាបានប្រើកាំជ្រួចធុនលឿនជាងសម្លេងក្នុងសង្គ្រាមអ៊ុយក្រែន រួមមានការវាយប្រហារលើទីក្រុងកំពង់ផែអូដេសា
តាមពិត អាម៉េរិកមិនមែនជាប្រទេសតែមួយដែលអភិវឌ្ឍសព្វាវុធលឿនជាងសម្លេង ដែលល្បឿននិងកលយុទ្ធហោះរបស់វាពិបាកនឹងអាចអោយរ៉ាដាចាប់បានដើម្បីកាំជ្រួចបាញ់កំទេចកណ្តាលអាកាស៕