ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ក្នុងមួយខែវិច្ឆិកា ឆ្នាំ២០២២ នេះ រដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំង និងមន្ត្រីរាជការពាក់ព័ន្ធ បំពេញការងារបានយ៉ាងល្អ ទាំងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ស្រាយបណ្ដឹង ជាមួយនឹងការកែលម្អ សោភ័ណភាព រាជធានីភ្នំពេញ កាន់តែមានសោភ័ណភាព ស្រស់បំព្រង រហូតទទួលបានការគាំទ្រពីជាតិ និងអន្តរជាតិ ជាពិសេសនៅពេលប្រជុំអាស៊ាន លើកទី ៤០ និងលើកទី៤១ និងប្រជុំវេទិកាអភិបាល ក្រុង ASEAN កន្លងទៅ។

នេះជាការលើកឡើងរបស់លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៣ របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២ នេះ ក្រោមអធិបតីភាពលោក ម៉ប់ សារិន និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក ម៉ប់ សារិន ក្នុងឱកាសនោះ បានថ្លែងនូវការកោតសរសើរ ដល់រដ្ឋបាលរាជធានី ភ្នំពេញ អាជ្ញាធរ កងកម្លាំង និងមន្ត្រីរាជការពាក់ព័ន្ធ ដែលបាន ចូលរួមរៀបចំ សន្តិសុខ សណ្តាប់ធ្នាប់បានល្អប្រសើរ ដោយជោគជ័យ ធ្វើឱ្យកិត្យានុភាពរបស់រាជធានីភ្នំពេញ ក៏ដូចព្រះរាជាណាចក្រកម្ពុជា កាន់តែធ្វើឱ្យមជ្ឈដ្ឋានជាតិ អន្តរជាតិ មានការកោត សរសើរ ក្នុងកិច្ចប្រជុំអភិបាលរាជធានី -រដ្ឋធានីអាស៊ាន និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ កាលពីថ្ងៃទី ២-៣ ខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងក្នុងព្រឹត្តិការណ៍ ពិធីបើក-បិទ ការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក បានល្អប្រសើរ នៅកីឡដ្ឋានជាតិមរតកតេជោ។ កោតសរសើរ អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ខណ្ឌ ដែលបានយុទ្ធនាការ ផ្ដល់អត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ដល់គេហដ្ឋាន ដែលធ្វើឱ្យប្រជាពលរដ្ឋគាំទ្រ និងអបអរសាទរយ៉ាងខ្លាំង។ កោតសរសើរដល់អង្គភាព ពន្ធដារ ដែលប្រមូលពន្ធ រយៈពេល ១១ខែ ឆ្នាំ២០២២ បានលើសផែនការ ៤,៣១%។

បន្ថែមពីនេះ លោកម៉ប់សារិន ក៏បានថ្លែងនូវការអរគុណ ដល់មន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ ដែលបានបង្ហាញលទ្ធផល នៃការធ្វើបច្ចុប្បន្នភាព ផ្សាររដ្ឋ ផ្សារឯកជន និងផ្សារទំនើប ក្នុងរាជធានីភ្នំពេញ និងការធ្វើបច្ចុប្បន្នភាព ផលិតផលសក្តានុពល​ក្នុងរាជធានីភ្នំពេញ ដើម្បីជំរុញចលនាភូមិមួយផលិតផលមួយ រាជធានីភ្នំពេញ និង សូមសរសើរ លើការតាមដានប្រមូល និងដឹកជញ្ជូនសំរាម តាមខណ្ឌ និងសង្កាត់ ដែលធ្វើឱ្យសំរាម​មិនមានការកកស្ទះ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថាៈ កិច្ចប្រជុំអាស៊ាន លើកទី៤០ និងលើកទី៤១ និងប្រជុំវេទិកាអភិបាលក្រុង ASEAN កន្លងមកនេះ រាជធានីភ្នំពេញរបស់យើង រៀបចំទទួលបានជោគជ័យ យ៉ាងធំធេង។ ការទទួលបានជោគជ័យ ទទួលការកោត សរសើរពីជាតិ អន្តរជាតិនេះ គឺបានមកពីការចូលរួម សហការគ្នា បានយ៉ាងល្អ រវាងកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធររាជធានី ហើយអ្វីដែលពិសេសថែមទៀតនោះ គឺការចូលរួមសហការ បានល្អពីប្រជាពលរដ្ឋ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថាៈ ប្រទេសកម្ពុជាយើង មានឯកភាពជាតិហើយ ផ្តើមចេញពីកម្ពុជា មានសន្តិភាពពេញលេញ។ ជាក់ស្តែង ក្នុងកិច្ចប្រជុំអាស៊ាន លើកទី ៤០ និងលើកទី៤១ និងប្រជុំវេទិកាអភិបាលក្រុង ASEAN ​កន្លងមកនេះ ប្រជាពលរដ្ឋបាល ចូលរួមយ៉ាងពេញទំហឹង ជាមួយ រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ដោយពួកគាត់មិនខ្លាចពីការខាតបង់ ប្រាក់ចំណូលប្រចាំថ្ងៃ ពីការលក់ដូរឡើយ គឺដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាល និងសាលារាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណា ឱ្យកិច្ចប្រជុំនេះ ទទួលបានជោគជ័យ ដែលបានធ្វើឱ្យកម្ពុជាយើង មានមុខមានមាត់ លើឆាកអន្តរជាតិ។

លោកបានបន្តទៀតថាៈ ការកោតសរសើររបស់ ក្រុមប្រឹក្សារាជធានីភ្នំពេញ ចំពោះ អាជ្ញាធររាជធានី ខាងលើនេះ ជាការលើកទឹកចិត្តមួយដ៏ធំ ដើម្បីអាជ្ញាធររាជធានី បន្តអនុវត្តការងារ កាន់តែល្អប្រសើរ ថែមមួយកម្រុតទៀត៕/V-PC