ដោយ៖ រ៉ូហ្សា / ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នេះ វគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាលើកទម្ងន់ “Weightlifting Coaching Course” ក្រោមគម្រោងកម្មវិធី សាមគ្គីអូឡាំពិក (Olympic Solidarity) ដោយមានការចូលរួមពី សំណាក់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធ កីឡាលើកទម្ងន់កម្ពុជា និងលោក ហួត សេងទ្រី ប្រធាននាយកដ្ឋានគ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា។

លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បាននិយាយថាៈ សិក្ខាសាលាស្តីពី សាមគ្គីអូឡាំពិក បណ្ដុះបណ្តាល គ្រូបង្វឹកកីឡាលើកទម្ងន់ ឆាំ្ន២០២២ នេះ មានរយៈពេល ៥ ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ដែលមានសិក្ខាកាម សរុបចំនួន ២៥នាក់ ស្រី៥នាក់ មកពីសមាគមតំណាង ក្រសួងមហាផ្ទៃ ១នាក់ ការពារជាតិ ២ នាក់ ខេត្តកំពង់ចាម ៣នាក់ បាត់ដំបង ៣ នាក់សៀមរាប ២ នាក់កំពង់ធំ១ នាក់កណ្តាល ២ នាក់កែប ១ នាក់កំពត ៣នាក់ កោះកុង ៣ នាក់ និងមន្ត្រីសហព័ន្ធ ៤នាក់ បង្រៀនដោយលោក Aveenash Pandoo មកពីសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ ដែលជាមន្ត្រីជាមន្ត្រីជំនាញកីឡា លើកទម្ងន់ មានពិសោធន៍ រយៈពេល ២៦ ឆ្នាំមកហើយ។

ក្នុងនាម ជាប្រមុខសហព័ន្ធលោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថាៈ អនុវត្តតាមផែនការ
សកម្មភាពប្រចាំឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡា លើកទម្ងន់កម្ពុជា បានរៀបចំសិក្ខាសាលា ស្តីពីសាមគ្គីអូឡាំពិក ដើម្បីបណ្តុះបណ្តាល គ្រូបង្វឹកកីឡាលើកទម្ងន់ ដែលជាមនុស្សសំខាន់បំផុត ក្នុងការដឹកនាំការអភិវឌ្ឍ ធនធានមនុស្សនោះ វិស័យកីឡាលើកទម្ងន់ នៅកម្ពុជានេះ ជាដំណើរឈានឆ្ពោះទៅ រៀបចំព្រឹត្តិការណ៍នានា ទាំងក្នុង និងក្រៅប្រទេស។

លោកបានបន្តថាៈ វគ្គសិក្ខាសាលា ក្នុងគោលបំណង ចង់ឲ្យសិក្ខាកាមទាំងអស់ រួមចំណែកតម្រូវបច្ចេកទេស កម្រិតជំនាញនៃកីឡាលើកទម្ងន់ ពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ឲ្យបានច្បាស់ លាស់ឈានឆ្ពោះទៅជាគ្រូបង្វឹកមួយរូប មានលក្ខណសម្បត្តិគ្រប់គ្រាន់ យល់ដឹងលើការគ្រប់គ្រងក្លិប សមាគមរាជធានី-ខេត្ត និងស្ថាប័នផ្ទាល់ពិសេស ការៀបចំផែនការបង្ហាត់ រយៈពេលខ្លី មធ្យម និងវែង សម្រាប់ត្រៀមចូល រួមការប្រកួត កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ និងព្រឹត្តិការណ៍ ការប្រកួតអន្តរជាតិនានា។

អ្នកដែលចូលរួមក្នុងវគ្គនេះ នឹងបានទទួលវិញ្ញាបនប័ត្រ ដែលបបញ្ជាក់ដោយ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។ ដូច្នេះអ្នកដែលបានឆ្លងវគ្គនេះ នឹងមាន អាទិភាពច្រើន ក្នុងការស្វែងរកការងារ ក្នុងជំនាញមួយនេះ នៅលើឆាកអន្តរជាតិ។

កីឡាលើកទម្ងន់ជាប្រភេទកីឡាអូឡាំពិកមួយ ដែលទាំងជនជាតិអាស៊ី អឺរុប ឬទ្វីបដទៃទៀត មានឱកាសស្វែងរកមេដាយ ព្រោះវាជាប្រភេទកីឡា ដែលគេថ្លឹងទម្ងន់កីឡាករ កីឡាការិនី៕/V-PC