ដោយៈ សុក្ខារិន / ពោធិ៍សាត់: លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាល ខេត្តពោធិ៍សាត់ បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំ លេខាធិការដ្ឋាន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២២ នៅសាលាខេត្តពោធិ៍សាត់ថាៈ បញ្ហាគ្រឿងញៀន នៅតែជាបញ្ហាប្រឈម សំខាន់មួយ ដែលយើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ ទាំងការចរាចរណ៍ ការចែកចាយ ការប្រើប្រាស់ និងការជួញដូរ។

លោកបានបន្តថាៈ ដូច្នេះដើម្បីធ្វើឲ្យយើង អាចវាស់វែងបាន អំពីកម្រិតនៃការថយចុះ ចំពោះបទល្មើសគ្រឿងញៀន នៅតាមទីតាំង ដែលមានហានិភ័យខ្ពស់ ឆ្លើយតបទៅនឹង ចក្ខុវិស័យ ក៏ដូចជាគោលដៅ យើងចង់បាន ដែលជាការយកចិត្តទុកដាក់របស់ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា អភិបាលខេត្តពោធិ៍សាត់ ផ្ទាល់នោះ គឺទាមទារឲ្យ គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

លោកអភិបាលរងខេត្ត បានលើកឡើងថាៈ ដើម្បីឲ្យកិច្ចការងារនេះ មានប្រសិទ្ធភាព ត្រូវកសាងផែនការមេ មួយច្បាស់លាស់ ជាក់លាក់ ដែលតម្រូវឲ្យទីចាត់ការអន្តរវិស័យ របស់រដ្ឋបាលខេត្ត ដែលទទួលបន្ទុកលើកិច្ចការងារគ្រឿងញៀន សហការជាមួយ ស្នងការនគរបាលខេត្ត ត្រូវសរសេរឲ្យចេញជាផែនការមួយ ដើម្បីដាក់ចេញនៅទិសដៅ អនុវត្តបង្ក្រាប និងទប់ស្កាត់ ជាពិសេសត្រូវអនុវត្តសេចក្តីណែនាំរបស់ ថ្នាក់ជាតិប្រយុទ្ធ ប្រឆាំងនឹងគ្រឿងញៀន ដែលបានចង្អុលបង្ហាញឲ្យមាន ការបណ្ដុះបណ្ដាលផ្សព្វផ្សាយ អំពីគោលនយោបាយ ដែលត្រូវធ្វើត្រូវកំណត់ពេលវេលា និងទីតាំង ការប្រើប្រាស់ថវិកា ការសិក្សាអំពីផែនការបង្ក្រាប ការកំណត់មុខសញ្ញា ឲ្យបានច្បាស់លាស់ និងស្នើសុំឲ្យ កងកម្លាំងនគរបាល អាវុធហត្ថ លេខាធិការដ្ឋាន ព្រះរាជអាជ្ញា ប្រធានសាលាដំបូង ធ្វើយ៉ាងណាឲ្យឯកភាពគ្នា លើកិច្ចការងាររូមមួយ ដើម្បីចេញដំណើរការអនុវត្តតែម្ដង។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត បានលើកឡើងផងដែរថាៈ ពិតណាស់ យើងមិនអាច លុបបំបាត់បញ្ហាបទល្មើសគ្រឿងញៀន ឲ្យបាត់អស់ភ្លាមៗនោះបានទេ ប៉ុន្តែយ៉ាង ហោចណាស់ ក៏បានចេញដំណើរការ លើកិច្ចការងារការបង្ក្រាប និងទប់ស្កាត់ ដោយមានទិសដៅមួយច្បាស់លាស់ ដើរលើផ្លូវដែលមានផែនទីបង្ហាញគោលដៅ ក្នុងការទប់ស្កាត់ បង្ក្រាបបញ្ហាគ្រឿងញៀន ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ឱ្យមានប្រសិទ្ធភាព៕/V-PC