ដោយ: សុផល/ភ្នំពេញ: “គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ-ខេត្តក្រចេះ” និង “គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិ លេខ៧ ពីទីប្រជុំជនស្គន់ ដល់ក្រុងកំពង់ចាម” គ្រោងនឹងរៀបចំកម្មវិធីប្រកាសបើកការដ្ឋាននាដើមខែមករា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញដឹកនាំកិច្ចប្រជុំពីការរៀបចំកម្មវិធីប្រកាសបើកការដ្ឋានគម្រោងសាងសង់ស្ពានទន្លេមេគង្គ ខេត្តក្រចេះ និង គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ (ពីទីប្រជុំជនស្គន់ ដល់ក្រុងកំពង់ចាម) ក្រោមហិរញ្ញប្បទាន សម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលគ្រោងនឹងប្រព្រឹត្តទៅនាដើមខែមករា ឆ្នាំ២០២៣ខាងមុខក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងលោក លោកស្រី ជាមន្ត្រីជំនាញពាក់ព័ន្ធ ជាសមាជិក សមាជិកា គណៈកម្មការ និងអនុគណៈកម្មការជាច្រើនរូប។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបែងចែកតួនាទី និងភារកិច្ចជូនដល់សមាជិក សមាជិកាគណៈកម្មាការនិងអនុគណៈកម្មការសម្រាប់ត្រៀមរៀបចំកម្មវិធីប្រកាសបើកការដ្ឋាននូវគម្រោងទាំងពីរខាងលើ ដើម្បីឱ្យការដឹកនាំ គ្រប់គ្រង ចាត់ចែង និងសម្របសម្រួលកម្មវិធី អាចប្រព្រឹត្តទៅបាន ដោយរលូនប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពការងារទៅតាមបំណែងចែកការងារ ដែលមាននៅក្នុងលិខិតបង្គាប់ការ។
អង្គប្រជុំបានពិភាក្សា ផ្លាស់ប្តូរយោបល់យ៉ាងផុសផុល ទៅលើចំណុចសំខាន់ៗនានា ដែលរួមមានដូចជា៖ ការរៀបចំសុន្ទរកថាជូនថ្នាក់ដឹកនាំការជ្រើសរើសទីតាំងក្នុងការរៀបចំកម្មវិធី ការរៀបចំលិខិតអញ្ជើញថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយសជាតិអន្តរជាតិ ព្រមទាំងការរៀបចំចងក្រងទិន្នន័យព័ត៌មាន រូបភាព និងវីដេអូ ឯកសារជាដើម ដើម្បីដាក់ជូនទៅខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី គោរពស្នើសុំគោលការណ៍ ក្នុងការបញ្ចេញខ្លឹមសារផ្សព្វផ្សាយ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចផ្ទាល់។
លោករដ្ឋលេខាធិការ ប្រធានអង្គប្រជុំ ក៏បានធ្វើការផ្តាំផ្ញើដល់អនុប្រធានគណៈកម្មការ សមាជិកគណៈកម្មការ និងអនុគណៈកម្មការនីមួយៗត្រូវទទួលខុសត្រូវលើភារកិច្ច ស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដែលបានកំណត់ ឱ្យអស់ពីសមត្ថភាព និងលទ្ធភាព ដើម្បីឱ្យការរៀបចំពិធីប្រកាសបើកការដ្ឋានគម្រោងទាំងពីរនេះ អាចសម្រេចទៅបានប្រកបដោយជោគជ័យ៕/R