ដោយ: សុផល/ព្រះសីហនុ: ពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុនាឆ្នាំនេះ ដែលមានរយៈ ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ មានភ្ញៀវទេចរ និងប្រជាពលរដ្ឋមកកម្សាន្តសរុបចំនួន ៧១២.៦១៤ នាក់។ នេះបើតាមលោក តាំង សុចិត្រគ្រឹស្នា ប្រធាន មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។
អមជាមួយព្រឹត្តិការណ៍បុណ្យសមុទ្រនេះ មានព្រឹត្តិការណ៍ជា ច្រើន ដូចជាការប្រកួតកីឡា ការបង្ហាញនូវផ្ទាំងទស្សនីយភាពសិល្បៈជាច្រើន ដែលសម្តែងដោយតារាល្បីៗ បន្ថែមពីលើនោះ ក៏មាន ការតាំងពិព័រណ៍ផលិតប្រើប្រាស់ ម្ហូបអាហារ ភេសជ្ជៈ និងសេវាកម្មជាច្រើនផ្សេង។
ពិធីបុណ្យសមុទ្រ ត្រូវបានបើកជាផ្លូវ ការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា នារាត្រីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ រួមជាមួយការថ្លែងសុន្ទរកថារបស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុដោយផ្ដោតលើចំណុចសំខាន់ៗជាច្រើន ការសម្ដែងសិល្បៈរបស់សិល្បករជាតិ និងសិល្បករអន្តរជាតិ (ឥណ្ឌា ម៉ាឡេស៊ី ថៃ វៀតណាមជាដើម) ការសម្ដែងរបាំ និងសិល្បចម្រៀងប្រពៃណីជាដើម។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងដែរថា បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់នៅ ក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រនេះ គឺមិនមានអ្វីកើតឡើងគួរឱ្យកត់ សម្គាល់នោះឡើយ ខណៈការធ្វើ ដំណើរនៅតាមដងផ្លូវគឺមានការមមាញឹកបន្តិច។
លោកប្រធានមន្ទីរបានបន្ថែមថា នៅក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រនេះដែរ ក៏មានឆាកប្រគំតន្ត្រីប្រាំឆាកធំៗនៅតាមបណ្ដោយឆ្នេរសមុទ្រនៃក្រុងព្រះសីហនុ និងសកម្មភាពកម្សាន្តជាច្រើនទៀតដែលបានជួយទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនដូច្នេះ។នៅវេលាយប់នៅមានការសម្ដែង សិល្បៈ របាំ ចម្រៀងនៅលើឆាកធំនៃទីលានតេជោ ដែលធ្វើឡើងក្រោមអធិបតីភាពលោករដ្ឋមន្ត្រី ថោង ខុន និងលោកអភិបាលខេត្ត គួច ចំរើន។ ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋគឺអាចចូលទស្សនាកម្សាន្តដោយសេរី។ក្រៅពីនេះក៏មានការតាំងពិព័រណ៍សមិទ្ធផលនានា គម្រោងអភិវឌ្ឍតំបន់ឆ្នេរ និងផលិតផលខ្មែរ ផលិតផលសហគ្រាសធុនតូចនិងមធ្យម ការតាំងពិព័រណ៍ពាណិជ្ជកម្ម និងផលិតផលបរទេស និងមហោស្រពម្ហូបអាហារនិងភេសជ្ជៈ នៅទីធ្លាតេជោ សរុបទាំងអស់មានចំនួន៣០០ស្ដង់។
គួរជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៩នេះរៀបចំឡើងរយៈ ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ អមជាមួយនឹងការធ្វើជាម្ចាស់ផ្ទះរៀបចំមហា សន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម»៕/R