​ដោយ​: សុផល​/​ព្រះសីហនុ​: កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ក្លិប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើ​សាកលលោក​ដែលមាន​ចំនួន​សរុប​ប្រមាណ​១៣០​នាក់ ធ្វើ​ទស្សនកិច្ច​នៅ​សហគមន៍​តំបន់​ការពារ​ធនធានធម្មជាតិ​ពាម​ក្រសោប ខេត្តកោះកុង ដែលជា​ទីតាំង​អភិរក្ស​ព្រៃកោងកាង​ដែល​ធំជាងគេ និង​បាន​បន្តដំណើរ​ទស្សនកិច្ច​ឆ្នេរ​ឋានសួគ៌ ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ដើម្បី​ស្វែងយល់​បន្ថែម​ពី​ភាព​រីកចម្រើន នៃ​តំបន់​ឆ្នេរសមុទ្រ​នៅ​កម្ពុជា​។​

​ដំណើរ​ទស្សនកិច្ច​នេះ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២២ ដែល​នៅពេល​ព្រឹក ប្រតិភូ​ក្លិប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើ​សាកលលោក​បានធ្វើ​ដំណើរ​តាម​អូប័រ​ទៅ​ទស្សនា​នៅ​ពាម​ក្រសោប ខេត្តកោះកុង ក្រោម​ការដឹកនាំ​របស់​លោក នី ផល្លី រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ហើយ​នៅពេល​ថ្ងៃ ប្រតិភូ​បក​មក​ឆ្នេរ​ឋានសួគ៌​វិញ ដោយមាន​ការទទួល​ស្វាគមន៍​ពី​សំណាក់​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក ម៉ាង ស៊ី​ណេ​ត អភិ​បា​រង​ខេត្ត​ព្រះសីហនុ​។​

​នៅលើ​ឆ្នេរ​ឋានសួគ៌ ប្រតិភូ​បានរៀបចំ​ការធ្វើ​បទ​បង្ហាញ​ផ្លាស់ប្ដូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​រវាង​សហគមន៍​ទេសចរណ៍ ការអភិវឌ្ឍ​ឆ្នេរសមុទ្រ ក៏ដូចជា​ព័ត៌មាន​ផ្សេងៗ​ទៀត​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ការរៀបចំ​ឱ្យមាន​ទស្សនកិច្ច​ជូន​គណៈប្រតិភូ​ក្លិប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើ​សាកលលោក​នេះ ដើម្បីឱ្យ​ប្រតិភូ​ក្លិប​ឆ្នេរ​បាន​សិក្សា​ស្វែងយល់ និង​ចុះទៅ​ឃើញ​ដោយផ្ទាល់​ពី​តំបន់​ព្រៃកោងកាង ដែលជា​ជម្រក​មច្ឆា​ជាតិ​ដ៏​ធំ និង​ជា​ព្រៃកោងកាង​ដ៏​ធំជាងគេ​នៅក្នុង​តំបន់​អាស៊ី អម​ជាមួយ​ទេសភាព​ដ៏​ស្រស់បំព្រង​នៃ​តំបន់​ព្រៃកោងកាង​របស់​កម្ពុជា​។​

​បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​នៅ​សហគមន៍​អេកូ​ទេសចរណ៍​ពាម​ក្រសោប គណៈប្រតិភូ​ក៏បាន​បន្តដំណើរ​ទៅ​ទស្សនកិច្ច​ឆ្នេរ​ឋានសួគ៌ ក្រុង​កោះរ៉ុង​។ ត្រង់ចំណុច​នេះ គឺ​លោក​រដ្ឋមន្ត្រី ថោង ខុន ចង់​បញ្ជាក់​ឱ្យបាន​ច្បាស់​ថា​កម្ពុ​ជាមាន​ការគិតគូ​រ​ច្បាស់លាស់​ក្នុងការ​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​របស់​ខ្លួន ដែល​ស័ក្តិ​សមជា​សមាជិកភាព​ក្លិប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​នៅលើ​សាកលលោក បន្ទាប់ពី​បាន​ចូល​ជា​សមាជិក​ក្លិប​ឆ្នេរ​រយៈពេល​១០​ឆ្នាំ​។​

​គួរ​ជម្រាប​ថា ដំណើរ​ទស្សនកិច្ច​ទៅកាន់​គោលដៅ​ទេសចរណ៍​ដ៏​មាន​សក្ដានុពល​របស់​ប្រតិភូ​ក្លិប​ឆ្នេរ​នេះ គឺធ្វើឡើង​ក្នុងឱកាស​មហាសន្និបាត​លើក​ទី​១៦​របស់​ក្លិប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើ​សាកលលោក ដែល​កម្ពុជា​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ខេត្ត​ព្រះសីហនុ​។​

​ប្រតិភូ​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក​នេះ​មាន​ចំនួន​សរុប​ប្រមាណ​១៣០​រូប តំណាងឱ្យ​ឆ្នេរសមុទ្រ​ចំនួន​៣៤​ឆ្នេរ មកពី​ប្រទេស​ចំនួន​២១​ជុំវិញ​ពិភពលោក​។ ប្រតិភូ​ដែល​អញ្ជើញ​ចូលរួម​នេះ​មាន​មកពី​វៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៊ីស្រាអែល តួ​ក​គី បារាំង អេ​ស្ប៉ា​ញ ព័រទុយហ្កាល់ កាណាដា ប្រេ​ស៊ី​ល ម៉ា​ទី​និក (​នៅ​សមុទ្រ​ការី​បង់​) ម៉ា​រ៉ុ​ក ម៉ូ​សំ​ប៊ិក សេ​ណេ​ហ្កា​ល់ អង់​ហ្គោ​ឡា​។ ក្រៅពីនេះ ក៏មាន​ប្រតិភូ​តំណាងឱ្យ​ឆ្នេរ​សង្កេតការណ៍​៣​ទៀត មកពី​ម៉ាឡេស៊ី ហ្វាំ​ង​ឡង់ និង​ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ​៕/R​