​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កន្លែង​សម្រាលកូន ដែល​អាច​បង្កើត​ទារក​បាន​រហូត​ដល់ ៣០.០០០ នាក់​ក្នុង​មួយ​ឆ្នាំ​នៅក្នុង​ស្បូន​សិប្បនិម្មិត​អាច​នឹង​ដោះស្រាយ​អត្រាកំណើត​ទាប​របស់​​ពិភពលោក ដែល​លោក អេ​ឡុន ម៉ាស ជឿ​ថា​ជា​ការគំរាមកំហែង​ដ៏​សំខាន់​បំផុត​ចំពោះ​អរិយធម៌​មនុស្ស​នោះ​។​

​វីដេអូ​គំរូ​ថ្មី​មួយ​បាន​នាំ​អ្នកទស្សនា​ទៅ​មើល​មជ្ឈមណ្ឌល​ស្បូន​សិប្បនិម្មិត​អេក​តូ​ឡាយ (The EctoLife Artificial Womb Facility)​ជា​កន្លែង​ដែល​ទារក​រាប់រយ​នាក់​អង្គុយ​នៅក្នុង​​កែវ​ថ្លា​ដែល​មាន​សីតុណ្ហភាព​ក្រោម​ការគ្រប់គ្រង និង​មាន​ខ្សែ​ទងផ្ចិត​ដើម្បី​ទទួលបាន​អុកស៊ីសែន​និង​សារធាតុចិញ្ចឹម​។​

​លោក ហា​សេម អាល់ ហ្គាយ​លី (Hashem Al-Ghaili) ជា​ផលិតករ​ភាពយន្ត​និង​អ្នកបច្ចេកទេស​ជីវសាស្ត្រ បាន​បង្កើត​ខ្សែភាពយន្ត​បែប​ជីវិត​ពិត​នេះ​ដើម្បី​ចាប់ផ្តើម​ការសន្ទនា​អំពី​បច្ចេក​​វិជ្ជា​បែបនេះ ដែល​អាច​ឱ្យ​ស្ត្រី​ដែល​កាត់​ស្បូន​ចេញ អាច​សម្រាលកូន​បាន កាត់បន្ថយ​ការកើត​មិន​គ្រប់​ខែ និង​ទប់ស្កាត់​ការថយចុះ​ចំនួន​ប្រជាជន​។​

​ដំណើរការ​នេះ​នឹង​ប្រើ​ការបង្ក​កំណើត​ដោយ​ប្រើ​កែវ​ស្បូន​សិប្បនិម្មិត​ហៅថា Invitro ដោយ​អនុញ្ញាត​ឱ្យ​ឪពុក​ម្តាយ​ជ្រើសរើស “​អំប្រ៊ីយ៉ុង​មាំទាំ​បំផុត​និង​ប្រសើរ​បំផុត​” ដែល​អាច​កែ​ហ្សែ​ន​បាន​ផងដែរ​ដើម្បី​កែប្រែ​ចរិត​លក្ខណៈផ្សេងៗ រួម​ទាំង​កម្លាំង​រូបវ័ន្ត និង ការលុបបំបាត់​ជំងឺ​តំណពូជ​។​

​ខណៈ​វីដេអូ​នេះ​គឺជា​វីដេអូ​គំរូ លោក​អាល់​ហ្គាយ​លីបា​ននិយាយថា វា​ត្រូវ​បាន​ផ្អែកលើ “​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​៥០​ឆ្នាំ​ដែល​ធ្វើឡើង​ដោយ​អ្នកស្រាវជ្រាវ​ទូទាំង​ពិភពលោក​” ហើយ​ការបង្ក​កំណើត​បែបនេះ​អាច​រីកដុះដាល​នៅ​ក្នុង “​ប៉ុន្មាន​ទសវត្សរ៍​ទៀត​” ចាប់ពី​ពេលនេះ​តទៅ​។​

​វីដេអូ​នេះ​គឺ​ចាក់​ផ្សាយ​ប្រៀប​បី​ដូចជា​ពាណិជ្ជកម្ម​សម្រាប់​មជ្ឈមណ្ឌល EctoLife ដែល “​អនុញ្ញាត​ឱ្យ​គូ​ស្វាមីភរិយា​គ្មាន​កូន អាច​បង្កើតកូន​បាន​”​។​

​មជ្ឈមណ្ឌល​នេះ​មាន​បន្ទប់ពិសោធន៍​ចំនួន ៧៥ ដែល​បន្ទប់​នីមួយៗ​មាន​កែវ​បង្កើត​កូន​រហូតដល់ ៤០០ ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ចម្លង​តាម​ស្ថានភាព​ស្បូន​ពិតៗ​របស់​ម្តាយ​និង​រួមបញ្ចូល​ឧបករណ៍​ចាប់​សញ្ញា​ដែល​តាមដាន​ការរស់រាន​របស់​ទារ​ក​។ នេះ​រួម​បញ្ចូល​ទាំង​ចង្វាក់បេះដូង សីតុណ្ហភាព និង​ការផ្គត់ផ្គង់​អុកស៊ីសែន​៕

មជ្ឈមណ្ឌល EctoLife មាន​បន្ទប់ពិសោធន៍​ចំនួន ៧៥ ដែល​បន្ទប់​នីមួយៗ​មាន​កែវ​បង្កើត​កូន​រហូតដល់ ៤០០