ប្រែសម្រួលៈបំណង(ដេល្លីម៉េល,deccanherald)៖ ទាហានឥណ្ឌាបានរារាំងសមភាគីចិនរបស់គេមិនអោយចូលតំបន់ដែលពួកគេអះអាងថាជាទឹកដីឥណ្ឌាកាលពីថ្ងៃ៩ធ្នូ ក្នុងការប្រវាយប្រតប់នៅត្រង់ព្រំដែនមានជម្លោះដែលនាំអោយមានការរងរបួសទាំងសងខាង នេះបើតាមលោក រ៉ាចណាត ស៊ីង(Rajnath Singh) រដ្ឋមន្ត្រីការពារជាតិឥណ្ឌាបានប្រាប់សភាកាលពីថ្ងៃអង្គារ។
រដ្ឋមន្ត្រីការពារជាតិឥណ្ឌាលោក រ៉ាចណាត ស៊ីង
ការប្រឈមមុខចុងក្រោយនេះបានកើតឡើងនៅតំបន់តាវ៉ាង(Tawang)ក្នុងរដ្ឋអារុនណាចាល់ ប្រាដែស(Arunachal Pradesh)របស់ឥណ្ឌាភាគឦសានជាប់ជាមួយចិនខាងត្បូងនេះបើតាមការអះអាងរបស់លោកស៊ីងហើយខាងទាហានឥណ្ឌាមិនមានស្លាប់ឬរងរបួសធ្ងន់ធ្ងរទេ។
ស៊ីង បាននិយាយថា«កងទ័ពចិនបានប៉ុនប៉ងផ្លាស់ប្តូរឋានៈបច្ចុប្បន្នជាឯតោភាគី ដោយទន្ទ្រានចូលហួសខ្សែបន្ទាត់គ្រប់គ្រងជាក់ស្តែង នៅក្នុងតំបន់យ៉ាងសេ(Yangtse)នៃផ្នែកតាវ៉ាង។កងទ័ពរបស់យើងបានប្រឈមការប៉ុនប៉ងពីចិនជាមួយនឹងភាពម៉ឺងម៉ាត់។ការប្រវាយប្រតប់គ្នាបានកើតឡើង ដោយកងទ័ពឥណ្ឌាបានរារាំងកងទ័ពចិនមិនអោយទន្ទ្រានចូលទឹកដីរបស់យើង និងបានបង្ខំអោយពួកគេដកថយទៅកាន់ទីតាំងរបស់គេវិញ។ទាហានខ្លះនៅភាគីទាំងសងខាងបានរងរបួសក្នុងការប៉ះទង្គិចគ្នានេះ»។
ស្ថានទូតចិននៅទីក្រុងញូវដែល្លី មិនអាចសុំការបញ្ជាក់បានភ្លាមៗនៅឡើយទេ ហើយរដ្ឋាភិបាលទីក្រុងប៉េកាំងក៏នៅមិនទាន់ធ្វើការអត្ថាធិប្បាយយ៉ាងណាអំពីឧបទ្ទវហេតុនេះ។
វាជាការប្រវាយប្រតប់គ្នាលើកដំបូងរវាងកងទ័ពនៃប្រទេសទាំងពីរ ចាប់តាំងពីការប៉ះទង្គិចកាលពីខែមិថុនាឆ្នាំ២០២០ នៅពេលទាហានឥណ្ឌានិងចិនក៏ប្រើដៃជើងប្រយុទ្ធគ្នានៅជ្រលងភ្នំហ្កាល់វ៉ាន់(Galwan)ក្នុងតំបន់ឡាដាក់។ឧបទ្ទវហេតុនោះនាំអោយទាហានឥណ្ឌាស្លាប់២០នាក់ និងទាហានចិនស្លាប់បួននាក់៕
រូបយកចេញពីវីដេអូ បង្ហាញទាហានឥណ្ឌានិងចិនប៉ះទង្គិចគ្នានៅជ្រលងភ្នំហ្កាល់វ៉ាន់ក្នុងតំបន់ឡាដាក់ កាលពីខែមិថុនា ឆ្នាំ២០២០