ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រភពចំនួនបីបាននិយាយថា ចិនកំពុងធ្វើការលើកញ្ចប់ថវិកាទ្រទ្រង់ជាង ១ ទ្រីលានយ័ន (១៤៣ ពាន់លានដុល្លារ)សម្រាប់ឧស្សាហកម្មបន្ទះឈីបរបស់ខ្លួននៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកភាពគ្រប់គ្រាន់ដោយខ្លួនឯងនៅក្នុងបន្ទះឈីបនិងដើម្បីប្រឆាំងនឹងចំណាត់ការរបស់អាម៉េរិកក្នុងគោលបំណងកាត់បន្ថយភាពជឿនលឿនផ្នែកបច្ចេកវិជ្ជារបស់ខ្លួន។
ប្រភពបាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងគ្រោងនឹងដាក់ចេញនូវកញ្ចប់លើកទឹកចិត្តសារពើពន្ធដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេលប្រាំឆ្នាំដែលភាគច្រើនជាប្រាក់ឧបត្ថម្ភនិងឥណទានពន្ធដើម្បីជំរុញផលិតកម្មនិងសកម្មភាពស្រាវជ្រាវនៅក្នុងស្រុក។
ផែនការ ដែលតាមប្រភពអាចនឹងត្រូវអនុវត្តភ្លាមៗនៅត្រីមាសទីមួយឆ្នាំក្រោយ មិនត្រូវបានរាយការណ៍ពីមុនមកទេ។
ប្រភពពីរក្នុងចំណោមនោះបាននិយាយថា ជំនួយផ្នែកហិរញ្ញវត្ថុភាគច្រើននឹងត្រូវបានប្រើដើម្បីឧបត្ថម្ភធនលើការទិញឧបករណ៍បន្ទះឈីបក្នុងស្រុកដោយក្រុមហ៊ុនចិនជាពិសេសរោងចក្របង្កើតបន្ទះឈីប។
ប្រភពទាំងបីបាននិយាយថា ក្រុមហ៊ុនបែបនេះនឹងទទួលបានការឧបត្ថម្ភធន ២០ ភាគរយលើតម្លៃនៃការទិញ។
ចិនបានដាក់ចេញអាទិភាពគោលនយោបាយក្នុងការអភិវឌ្ឍឧស្សាហកម្មបន្ទះឈីបដោយឯករាជ្យ។
ផែនការគាំទ្រសារពើពន្ធកើតឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន កាលពីខែសីហា បានចុះហត្ថលេខាលើច្បាប់សំខាន់មួយដើម្បីផ្តល់ជំនួយចំនួន ៥២,៧ពាន់លានដុល្លារសម្រាប់ផលិតកម្មនិងការស្រាវជ្រាវបន្ទះឈីបរបស់អាម៉េរិកក៏ដូចជាឥណទានពន្ធសម្រាប់រោងចក្រផលិតបន្ទះឈីប ដែលប៉ាន់ស្មានមានតម្លៃ ២៤ ពាន់លានដុល្លារ។
ប្រភពបាននិយាយថា ជាមួយនឹងកញ្ចប់លើកទឹកចិត្តនេះ រដ្ឋាភិបាលក្រុងប៉េកាំងមានគោលបំណងបង្កើនការគាំទ្រដល់ក្រុមហ៊ុនបន្ទះឈីបចិនក្នុងការសាងសង់ ពង្រីកឬធ្វើទំនើបកម្មគ្រឿងបរិក្ខារក្នុងស្រុកសម្រាប់ការផលិត ការផ្គុំ ការវេចខ្ចប់ និងការស្រាវជ្រាវនិងការអភិវឌ្ឍ។
ពួកគេបាននិយាយថា ផែនការចុងបំផុតក្រោយរបស់ទីក្រុងប៉េកាំងនេះក៏រួមបញ្ចូលទាំងគោលនយោបាយពន្ធអនុគ្រោះសម្រាប់ឧស្សាហកម្មបន្ទះឈីបរបស់ប្រទេសផងដែរ។
ប្រភពបានបដិសេធមិនបញ្ចេញឈ្មោះ ដោយសារពួកគេមិនមានសិទ្ធិនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ៕
ចិននឹងផលិតបន្ទះឈីបខ្លួនឯងដើម្បីប្រជែងជាមួយអាម៉េរិក