ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ នាយកប្រតិបត្តិក្រុងហុងកុង លោក ចន លី (John Lee)បាននិយាយថាអ្នកដំណើរមកដល់ទីក្រុងហុងកុងនឹងមិនមានការរឹតបន្តឹងលើការបំលាស់ទីដោយសាររឿងកូវីដ១៩ទៀតទេ គិតចាប់ពីថ្ងៃពុធទី១៤ធ្នូតទៅ ដោយបន្ថែមថា ទីក្រុងនេះក៏នឹងលុបចោល App កូវីដ១៩ របស់រដ្ឋាភិបាលផងដែរ។
ដំណឹងនៃការបន្ធូរបន្ថយការទប់ស្កាត់កូវីដ១៩ បន្ថែមទៀតនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកនេះដែលបានដើរយឺតជាងពិភពលោកភាគច្រើនក្នុងការបន្ធូរបន្ថយការរឹតបន្តឹងអាចនឹងជំរុញការធ្វើដំណើរនិងការធ្វើអាជីវកម្មឡើងវិញ។
លេខកូដពណ៌លឿងទុំដែលបានចេញសម្រាប់អ្នកដំណើរអន្តរជាតិសម្រាប់រយៈពេលបីថ្ងៃដំបូងរបស់ពួកគេនៅក្នុងទីក្រុងហុងកុងមានន័យថាពួកគេមិនត្រូវបានអនុញ្ញាតឱ្យញ៉ាំ ឬផឹកនៅក្នុងបារនិងភោជនីយដ្ឋាននោះទេ។
លោកលីបាននិយាយថា ចាប់ពីថ្ងៃពុធទៅ អ្នកដំណើរនិងអ្នកស្រុកទាំងអស់ដែលមកពីបរទេសនឹងត្រូវអនុញ្ញាតឱ្យចូលក្នុងតំបន់ទាំងអស់ ប្រសិនបើពួកគេធ្វើតេស្តិ៍អវិជ្ជមានកូវីដនៅពេលមកដល់។
ចំណាត់ការរបស់រដ្ឋាភិបាលក្នុងការលុបចោល Appតាមដានបំលាស់ទីមនុស្ស ដែលផ្តល់សិទ្ធិចូលទៅកាន់ភោជនីយដ្ឋាននិងទីកន្លែងនានាដូចជាកន្លែងហាត់ប្រាណ ក្លិប និងហាងកែសម្ផស្សបានកើតឡើងបន្ទាប់ពីចិនដីគោកបានទម្លាក់ចោលកិច្ចតម្រូវនេះ។
ក្រុមធុរកិច្ច អ្នកការទូត និងអ្នកស្រុកជាច្រើនបានថ្កោលទោសច្បាប់កូវីដរបស់ទីក្រុងហុងកុង ដោយនិយាយថា ពួកវាបានគំរាមកំហែងដល់ការប្រកួតប្រជែងនិងឋានៈទីក្រុងនេះជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។
ច្បាប់នេះបានដាក់ទម្ងន់លើសេដ្ឋកិច្ចរបស់ហុងកុងចាប់តាំងពីដើមឆ្នាំ ២០២០ ដោយបង្កើនល្បឿននៃការចាកចេញរបស់អាជីវកម្ម ជនបរទេស និងគ្រួសារក្នុងស្រុក ដែលបានចាកចេញចំពេលមានការជំរុញដោយរដ្ឋាភិបាលក្រុងប៉េកាំងដើម្បីគ្រប់គ្រងកាន់តែខ្លាំងលើអតីតអាណានិគមអង់គ្លេសមួយនេះ៕
អ្នកដំណើរមកដល់ទីក្រុងហុងកុងនឹងមិនមានការរឹតបន្តឹងបំលាស់ទីរឿងកូវីដ១៩ទៀតទេ គិតចាប់ពីថ្ងៃពុធទី១៤ធ្នូតទៅ