ដោយៈយោធិន ភ្នំពេញៈដោយអនុលោមតាមគោលការណ៍របស់អង្គការសហប្រជាជាតិស្តីពីការផ្លាស់ប្តូរកងកម្លាំងយោធាមួកខៀវប្រចាំតាមតំបន់បេសកកម្មក្តោមឆត្រអង្គការសហប្រជាជាតិដែលតែងធ្វើឡើងក្នុងរយៈកាលអណត្តិការងារមួយឆ្នាំម្តងនោះ។ នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ កងអនុសេនាធំរាជអាវុធហត្ថមួកខៀវកម្ពុជាលេខ១៧១ដែលជាកម្លាំងប្តូរវេនបានធ្វើយុទ្ធដំណើរចាកចេញពីកម្ពុជាឆ្ពោះទៅកាន់តំបន់បេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិតាមជើងហោះរៀបចំដោយអង្គការសហប្រជាជាតិនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង បន្ទាប់ពីកងអនុសេនាធំរាជអាវុធហត្ថលេខ៧៣៩ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដោយជោគជ័យរយៈកាលមួយឆ្នាំកន្លងទៅនៅសាធារណរដ្ឋស៊ូដង់ខាងត្បូងនិងដែលបានធ្បើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវីញកាលពីរាត្រីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។


ពិធីជូនយុទ្ធដំណើរកងអនុសេនាធំរាជអាវុធហត្ថមួកខៀវកម្ពុជាលេខ១៧១ដែលជាកម្លាំងប្តូរវេនបានធ្វើឡើងនារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោមវត្តមានរបស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិនិងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពនិងសហការីក្រោមឱវាទ ព្រមទាំងសមាជិក សមាជិកា ក្រុមគ្រួសារយុទ្ធជន យុទ្ធនារីមួកខៀវជាច្រើនរូបផងដែរ។
ថ្លែងក្នុងពិធីសំណេះសំណាលមុនពេលឡើងយន្តហោះនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិនិងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានពាំនាំប្រសាសន៍ផ្តាំសួរសុខទុក្ខនិងជូនពរពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងជាប្រធានគណៈកម្មាធិការជាតិជូនដល់កងយោធាមួកខៀវគ្រប់ៗរូប។
ប្រមុខកងយោធាមួកខៀវកម្ពុជាបានថ្លែងបន្តថាៈបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូងនាពេលនេះគឺជាឆ្នាំទី១១ហើយដែលកម្លាំងកងរាជអាវុធហត្ថលេខ១៧១ ក៏ជាកងទី១១ដែលបន្តទទួលបានទំនុកចិត្តនិងភារកិច្ចពីអង្គការសហប្រជាជាតិក្នុងការចូលរួមចំណែកស្វែងរកសុខសន្តិភាពជូនដល់ប្រទេសដែលរងដោយជម្លោះដូចបណ្តាកងមុនៗដែរ។
ប្រមុខកងយោធាមួកខៀវកម្ពុជាក៏បានក្រើនរំឮកផងដែរថាៈនៅពេលឡើងយន្តហោះត្រូវម្ចាស់ការលើសម្ភារៈខ្លួនឯង ត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ មិនត្រូវនាំយកវត្ថុហាមឃាត់ឡើងយន្តហោះឡើយនិងត្រូវចេះរៀបចំអង្គុយជាក្រុមដើម្បីជួយទំនាក់ទំនងជាមួយពហុនិការនិងក្នុងការបំពេញបែបបទឯកសារនៅពេលមានតម្រូវការ។
ប្រមុខកងយោធាមួកខៀវកម្ពុជាក៏បានរំឮកបន្ដែមផងដែរថាៈខណៈដែលស្ថានការណ៍កូវីដ-១៩ បន្តមានវត្តមានកម្លាំងយើងត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់ឲ្យខាងតែបានតាមការណែនាំរបស់អង្គការសហប្រជាជាតិ និងការណែនាំ “៣កុំ ៣ការពារ” របស់រាជរដ្ឋាភិបាលកម្ពុជាសំដៅបញ្ចៀសពីការឆ្លងមេរោគនេះ។សរន / N