ដោយៈ សុខុម / ស្ទឹងត្រែង: ប្រាសាទភ្នំធាតុ គឺជាប្រាសាទមួយ មានវ័យចំណាស់ រាប់រយឆ្នាំ ដែលអ្នកខេត្តស្ទឹងត្រែង តែងមានជំនឿថា ពូកែស័ក្ដិ៍សិទ្ធ មានបារមីថែរក្សា ចាំការពារ សង់ឡើង ដើម្បីដាក់ធាតុសពរបស់ស្ដេច នាម៉ឺនសព្វមុខមន្រ្តី ឬមេទ័ព បានពលិកម្ម ដើម្បីជាតិមាតុភូមិ ក្នុងសម័យកាល ដ៏យូរលង់មកហើយ។

មកដល់បច្ចុប្បន្ន ប្រាសាទភ្នំធាតុនេះ នៅតែមានសភាពស្ងាត់ច្រងំដដែល ពុំទាន់ឃើញ មានការអភិវឌ្ឍ ឲ្យទៅជារមណីយដ្ឋានទេសចរណ៍វប្បធម៌ ទាក់ទាញភ្ញៀវ ចាប់អារម្មណ៍ នៅឡើយទេ។

សព្វថ្ងៃ តួប្រាសាទ បាក់បែក ដែលមានដុំឥដ្ឋ នៅរាយប៉ាយ កប់ក្នុងដី សង់នៅលើកំពូល ភ្នំមួយ ជុំវិញមានផ្ទះប្រជាពលរដ្ឋ និងមានផ្លូវព័ទ្ធតាមជើងភ្នំ គេអាចធ្វើដំណើរបាន ដោយងាយស្រួល មិនថា ថ្មើរជើងម៉ូតូ ឬរថយន្តនោះទេ។

មុននឹងទៅដល់ប្រាសាទភ្នំធាតុ ស្ថិតនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង យើងត្រូវធ្វើដំណើរ ចេញពីរង្វង់មូលថ្មី ឆ្ពោះទៅទិសខាងលិច ត្រង់ មិនពិបាករកទេ ដែលមានចម្ងាយប្រហែល ពីរគីឡូម៉ែត្រ តាមផ្លូវចាក់បេតុង និងផ្លូវកៅស៊ូ អមដោយផ្ទះ តូចធំខ្ពស់ទាប។

បន្ទាប់មក យើងគ្រាន់តែធ្វើដំណើរ ឡើងទៅលើទួល និងដល់ប្រាសាទតូចមួយ ដែលគេសង់ជារោង សម្រាប់គោរពបូជា តាមជំនឿសាសនា បែបអរូបី ដុំឥដ្ឋ ហាក់បីដូចជាប្រាសាទ ស្ថិតនៅអាថ៌កំបាំង។អាសូរណាស់ រោងដែលគេសង់ សម្រាប់គោរពបូជានោះ​ សព្វថ្ងៃនេះ មានសភាពចាស់ ទ្រុឌទ្រោមខ្លាំង ដំបូលធ្លុះធ្លាយ អស់ទៅហើយ ពុំទាន់ឃើញមានរៀបចំសង់ថ្មី នៅឡើយទេ។

មានរឿងដំណាលថា ពីបុរាណកាល ប្រាសាទភ្នំធាតុ មានបារមី ចាំថែរក្សា ពូកែស័ក្ដិ៍សិទ្ធណាស់។ ហេតុដូច្នេះហើយ បានជាមានប្រជាពលរដ្ឋ មន្ត្រីរាជការក្នុងខេត្ត ឬអ្នកមកពីឆ្ងាយ ដែលបានស្គាល់ តែងតែយកទៀនធូប ស្លាម្លូ ផ្កាឈូក ដើម្បីឧទ្ទិស សុំក្តីសុខ ផ្សងសំណាង ទទួលលាភសក្ការៈម្ដងម្កាល។

សិស្សសាលាខ្លះ ក៏ទៅអុជធូប សុុំឱ្យមានការប្រឡងជាប់ បានសញ្ញាបត្រជាដើម។ អ្នកខ្លះ ក៏បានទៅអុជធូប បន់ស្រន់ ដែលពាក្យខ្មែរយើង និយាយថា លា មាត់ លា ក ក៏មានដែរ។ ការអុជធូបបន់ស្រន់នេះ ភាគច្រើន ចាស់ទុំ តែងតែទៅអុជធូប បន់ស្រន់ ក្នុងថ្ងៃ ឧបាសថសីល ឬថ្ងៃបុណ្យទាន។

ក្រៅពីកន្លែងអុជធូប បន់ស្រន់ ប្រាសាទភ្នំធាតុ ក៏ជាកន្លែង សម្រាប់អ្នកទៅកម្សាន្ត មើលទេសភាពជុំវិញក្រុងស្ទឹងត្រែង គួរជាទីចាប់អារម្មណ៍។

ជុំវិញបរិវេណប្រាសាទ ពោរពេញទៅដោយដើមឈើ ផ្តល់ម្លប់ដ៏ត្រជាក់ ត្រឈឹងត្រឈៃ លាយឡំនឹងសំឡេងសត្វយំ នាពេលថ្ងៃ។ ពេលយើងឈរបែរទៅទិសខាងកើត ឆៀងខាងជើង និងខាងលិច អាចមើលឃើញដំបូលផ្ទះ ខ្ពស់ ទាប និងទន្លេ ព័ទ្ធជុំវិញ ជាមួយទេសភាព ដ៏ស្រស់ស្អាត។

បើទោះបីជាប្រាសាទភ្នំធាតុ ស្ថិតក្នុងសភាពស្ងាត់ជ្រងំ ក៏ពិតមែន ក៏នៅមានមនុស្ស ជាច្រើន មកពីឆ្ងាយ ជាពិសេសអ្នកខេត្តស្ទឹងត្រែង ពិតជាស្គាល់ច្បាស់ណាស់ ពីប្រាសាទភ្នំធាតុ។ អ្នកខ្លះទៀត រស់នៅខេត្តស្ទឹងត្រែង គេមិនចង់ទៅលេងទេ ពីព្រោះខ្លាចអសន្តិសុខ នៅលើប្រាសាទភ្នំធាតុ បង្ករឡើងដោយក្រុមក្មេងៗ ប្រើប្រាស់គ្រឿងញៀន វាយធ្វើបាប ព្រោះថា សព្វថ្ងៃនេះ មិនមានសន្តិសុខណាម្នាក់ ចាំការពារទេ។

ឃើញមានតែឆ្មាំ អ្នកថែ បោសសម្អាតប្រាសាទភ្នំធាតុម្នាក់ ប៉ុណ្ណោះ ឈ្មោះ ឡឹក រឿង វ័យ ៦៩ ឆ្នាំ។ ឆ្មាំម្នាក់នេះ បានរៀបរាប់ថាៈ​ សព្វថ្ងៃនេះ គាត់ខំបោសសម្អាត ថែរក្សាប្រាសាទ ដែលមានជំនឿ តមក ឲ្យបានស្អាត។ លោកពិតជាបានឃើញមាន មនុស្សជាច្រើន តែងតែទៅបន់ស្រន់។

លោកស្រី ញោច​សារឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តស្ទឹងត្រែង បានរៀបរាប់ថាៈ នៅចំពោះមុខ មន្ទីរមានគម្រោង នឹងរៀបចំសាងសង់រោងថ្មី ដោយមានការគាំទ្រ ពីលោកអភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ។

ក្រៅពីប្រាសាទភ្នំធាតុ នៅមានប្រាសាទព្រះគោ ស្ថិតនៅស្រុកថាឡាបរិវ៉ាត់ និងទួលប្រាសាទគូ ស្ថិតនៅស្រុកសេសានផង សុទ្ធតែជាប្រាសាទ ដែលមានការថែរក្សា ដោយយកចិត្តទុកដាក់។

លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ ខេត្តស្ទឹងត្រែង បានរៀបរាប់ឲ្យដឹងថាៈ លោកពិតជារំពឹងថាៈ នៅចំពោះមុខ នឹងមានលទ្ធភាព រៀបចំប្រាសាទភ្នំធាតុ ឲ្យក្លាយ ជាតំបន់ទេសចរណ៍វប្បធម៌ ទាក់ទាញបំផុត នៅក្នុងក្រុងស្ទឹងត្រែង ទាំងមូល។

យោងតាមសៀវភៅចងក្រង របស់មន្ទីរវប្បធម៌ ខេត្តស្ទឹងត្រែង បានរៀបរាប់ឲ្យដឹងថាៈ ប្រាសាទភ្នំធាតុ គឺសាងសង់ឡើង ដើម្បីឧទ្ទិសថ្វាយដល់ ព្រហ្មញ្ញសាសនា។ សំណង់ សាងសង់ អំពី ថ្មពួក និងថ្មបាយគ្រៀម សង់នៅលើកំពូលភ្នំ បែរមុខទៅទិសខាងកើត ជាប្រាសាទមានលក្ខណៈជាចេតិយ។ ប្រាសាទនេះ មានកំបែងព័ទ្ធជុំវិញ មានគោបុរៈ ចូលទាំងបួនទិស។

នៅខាងមុខសងខាងផ្លូវ ចូលរោងប្រាសាទ មានចម្លាក់ផ្ដែប្រាំផ្ទាំង និងក្បាលសត្វមករ ចំនួន ១ ។ ប្រាសាទភ្នំធាតុ មានដំណាលថា ពីដើមប្រជាពលរដ្ឋ ហៅថា ប្រាសាទ ” ភូថាត ” ជាភាសាឡាវ ប្រែមកខ្មែរ មានន័យថា ប្រាសាទចេតិយភ្នំុ។ លុះមកដល់ ក្នុងសម័យសង្គមរាស្រ្តនិយម ប្រជាពលរដ្ឋ បានហៅថា ប្រាសាទភ្នំធាតុវិញ រហូតមកដល់បច្ចុប្បន្ន៕ V / N